(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ អនុប្រធានពិភពម៉ាឡាយូពិភពឥស្លាម (Dunia Melayu Dunia Islam) ហៅកាត់ថា DMDI និងជាអគ្គលេខាធិការ DMDI កម្ពុជា បានអញ្ជើញចូលរួមពិធីបើកកស្នាក់ការថ្មីរបស់ DMDI នៅទីក្រុង PEKAN BARU ខេត្ត RIAU ប្រទេសឥណ្ឌូណេស៊ី ក្រោមអធិបតីលោកបណ្ឌិត Drs. H. Syamsuar, M.Si. អភិបាលខេត្ត RIAU, លោកឧកញ៉ា Datuk Tan Sri Hj Mohd Ali Mohd Rustam សមាជិកព្រឹទ្ធសភា អតីតអភិបាលរដ្ឋម៉ាឡាកា ប្រធានDMDI, ជំនួយការទី១ អភិបាលខេត្តស៊ូម៉ាត្រាខាងលិច តំណាងលោក H. Herman Deru Head ប្រធាន DMDI ឥណ្ឌូនេស៊ី។
សូមបញ្ជាក់ថា DMDI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ នៅប្រទេសម៉ាឡេស៊ី ដើម្បីសាមគ្គីភាព ក្នុងចំណោមប្រជាជនមុស្លិមម៉ាឡេ ដូចជាការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ក្នុងគ្រប់ទិដ្ឋភាពទាំងអស់ នៃការអភិវឌ្ឍក្នុងចំណោមប្រជាជនមុស្លិមម៉ាឡេ ជាមួយប្រជាជនប្រទេសផ្សេងទៀត ក្នុងពិភពលោក។ នៅឆ្នាំ២០១២ DMDI ក៏បានបង្កើតលេខាធិការដ្ឋានរបស់ខ្លួន នៅកម្ពុជា ដែលមានទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជាអគ្គលេខាធិការ។
សម្រាប់កម្ពុជា តាមរយៈមូលនិធិ DMDI យើងទទួលបានអាហារូបករណ៍សិស្ស និស្សិតបន្តការសិក្សា នៅតាមសកលវិទ្យាល័យ នៅរដ្ឋម៉ាឡាកា និងជួយការងារមនុស្សធម៌ ដូចជាកសាងវិហារ សាលារៀន សិក្ខាសាលា វគ្គបណ្តុះបណ្តាលគ្រូបង្រៀន ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធីស្រាយបួស និងជំនួយគ្រោះធម្មជាតិជាដើម។
សមាជិកពិភពម៉ាឡាយូពិភពឥស្លាម (DMDI) មាន២២ប្រទេស ក្នុងនោះរួមមាន កម្ពុជា, ថៃ, សឹង្ហបុរី, ម៉ាឡេស៊ី, ចិន, ឥណ្ឌូនេស៊ី, អារ៉ាប៊ីសាអ៊ូឌីត, ប្រ៊ុយណេ, ហ្វីលីពីន, ទីម័រ, អង់គ្លេស, ម៉ាដាហ្គាស្កា, អូស្ត្រាលី, អាហ្វ្រិកខាងត្បូង, អេហ្ស៊ីប, បូស្នីហ្ស៊េហ្គោវីណា, ហូឡង់, ម៉ាល់ឌីវ, បង់ក្លាដែស, កាណាដា, ស៊ូរីណាម និងស្រីលង្កា៕