(បាត់ដំបង)៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្រាវជ្រាវចាប់ខ្លួនបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការខេត្ត នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ អំពើលួចមានស្ថានទម្ងន់ (វាយប្លន់យកទ្រព្យសម្បត្តិ) បន្ទាប់ពីបានធ្វើសកម្មភាពនៅថ្ងៃទី២៦ ខែកុម្ភៈ នៅចំណុចភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោក ឈឿង គឹមសុង នាយការិយាល័យគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា បន្ទាប់ពីកើតហេតុហើយ កម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណីវាយប្លន់យកទ្រព្យសម្បត្តិនាំខ្លួនជនម្នាក់ឈ្មោះ សេក ផល្លា អាយុ៣១ឆ្នាំ មានទីលំនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបររត់តាក់ស៊ី។
ចំណែកជនរងគ្រោះឈ្មោះ ធី រត្ថា ភេទស្រី អាយុ២៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុង ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកបានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងធ្វើការ ដើម្បីទៅសម្រាកនៅក្នុងផ្ទះជួល ស្ថិតក្នុងចំណុចខាងលើ លុះមកដល់ចំណុចផ្ទះជួល ជនរងគ្រោះក៏បានចុះពីលើម៉ូតូ រួចចាក់សោទ្វារផ្ទះ ក៏ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកហាយឡិនឌ័រ ពណ៌កណ្ដុរប្រមេះ បានបើកទៅក្បែរជនរងគ្រោះ រួចចុះពីលើរថយន្ត ហើយវាយទៅលើជនរងគ្រោះ ចំថ្គាម បណ្ដាលឱ្យជនរងគ្រោះ ហើមប៉ោងជាំថ្គាម និងប្លន់យកទ្រព្យសម្បត្តិដែលជនរងគ្រោះ ទុកក្នុងកាបូបយួរដៃពណ៌ប្រផេះ។
ជនសង្ស័យបានធ្វើសកម្មភាពរួច ក៏បានឡើងជិះរថយន្តរួចគេចខ្លួនបាត់។
វត្ថុតាងដកហូតបានរួមមាន៖
*លោហៈធាតុពណ៌លឿង (ខ្សែ.ក) ១ខ្សែ
*លោហៈធាតុពណ៌លឿង (បន្តោងខ្សែ.ក) ចំបន្តោងចំនួន២
*ក្រវិលពណ៌ ស ១គូ-ទូរស័ព្ទដៃម៉ាកអូប៉ូ ពណ៌ក្រហមចំនួន ១គ្រឿង
*ទូរស័ព្ទដៃម៉ាក nokia ស៊េរីចាស់ចំនួន ១គ្រឿង
*កាបូបយួរដៃពណ៌ប្រផេះចំនួន១
*រថយន្ត ១គ្រឿងម៉ាក ហាយឡិនឌ័រ ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2-AI 9709។
បច្ចុប្បន្នការិយាល័យជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕