(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឱ្យបង្កើន ការដាក់ពង្រាយកម្លាំង នគរបាលចរាចរណ៍ត្រួតពិនិត្យពេលយប់ និងឱ្យបង្កើនការបំពាក់កាមេរ៉ាសុវត្ថិភាព តាមដងផ្លូវ និងត្រួតពិនិត្យអ្នកបើកបររថយន្តធុនធំរកសារធាតុញៀនផងដែរ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានក្រើនរំលឹក និងលើកទឹកចិត្តមន្ត្រីនគរបាល ចរាចរណ៍ ត្រូវប្រកាន់ទស្សនៈ «មនុស្សគ្រប់គ្នាមានភាពស្មើគ្នាចំពោះមុខច្បាប់» គឺច្បាប់មិនសម្រាប់អ្នកតូច មិនសម្រាប់អ្នកធំឡើយ ឱ្យតែខុសច្បាប់ត្រូវតែទទួលខុសត្រូវការផាកពិន័យ និងការផ្ដន្ទាទោស ហើយយើងជាអ្នកអនុវត្ត ក៏ត្រូវប្រកាន់ឥរិយាបទឱ្យបានសមរម្យជានគរបាលដែរ។ ឧទាហរណ៍ត្រូវតែលើកដៃគោរពប្រជាពលរដ្ឋជាមុនជានិច្ច មុនពេលណែនាំប្រជាពលរដ្ឋ ពីការអនុវត្តច្បាប់។
សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញមោទកភាពចំពោះឥរិយាបទមន្ត្រីនគរបាលភាគច្រើនដែលធ្វើការងារបានល្អ។ មុននឹងបញ្ចប់សម្ដេចក៏បានថ្លែងផ្ដល់ការគាំទ្រ និងលើកទឹកចិត្តចំពោះការ បង្កើនការធ្វើស្ពតអប់រំ អំពីបញ្ហាចរាចរណ៍ បន្ថែមពីលើការរឹតបន្តឹងច្បាប់ជាអាទិភាពបំផុតនោះ។
ការណែនាំពីវិធានការថ្មីនេះរបស់សម្តេចក្រឡាហោម ស ខេង ចំពោះមន្ត្រីនគរបាលចរាចរណ៍ បានធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសដែលសម្ដេចបានអញ្ជើញជាអធិបតី កិច្ចប្រជុំត្រួត ពិនិត្យសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្រាប់ការងារចំពោះមុខ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយសម្ដេចបង្ហាញ ការកត់សំគាល់ថា អ្នកដំណើរបច្ចុប្បន្ននេះ ខ្លាចនគរបាលណាស់។ ជាក់ស្ដែងពេលថ្ងៃ មាននគរបាលធ្វើការងារច្រើន ពួកគាត់បានពាក់មួកសុវត្ថិភាព និងគោរពច្បាប់បានច្រើន ប៉ុន្តែពេលយប់មិនសូវមានកម្លាំងនគរបាលចរាចរណ៍ឈរជើង គាត់បែរជាបំពានច្បាប់ច្រើនទៅវិញ ពិសេសមិនពាក់មួកសុវត្ថិភាពតែម្ដង។
នៅក្នុងឱកាសនោះដែរ សម្ដេចបានណែនាំឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត ត្រូវព្រាងរបាយការណ៍ផែនការ សកម្មភាពប្រចាំឆ្នាំមកអគ្គលេខាធិការ នៃគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីឱ្យគណៈកម្មាធិការជាតិរៀបចំប្រមូលចងក្រង ហើយប្រជុំដាក់ចេញជាទិសដៅអនុវត្ត ដោយមានសូចនាករច្បាស់លាស់ ដើម្បីធានាថាទិសដៅការងារ ដែលបានដាក់ចេញនោះ នឹងត្រូវបានយកទៅអនុវត្តបានជាក់លាក់ និងមានប្រសិទ្ធភាព ចៀសវាងទិសដៅការងារដាក់ទៅល្អ ប៉ុន្តែមានភាពកំសោយលើការអនុវត្ត សម្រាប់ការឈានទៅសម្រេច ទិសដៅការងារនោះទៅវិញ។
ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង បានទទូចឲ្យសាធារណជនកុំមានមន្ទិលចំពោះបញ្ហានេះ ដ្បិតស្ថានភាពសង្គម ពិសេសស្ថានភាពចរាចរណ៍ នៅកម្ពុជា កាន់តែមានការវិវត្តន៍ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាគោលការណ៍ គឺតម្រូវឱ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីដោះស្រាយបញ្ហាដែលកើតមានថ្មីៗ។
ក្នុងនោះដែរ សម្ដេចក៏បានផ្ដល់អនុសាសន៍ឱ្យមានការពិភាក្សា អំពីការដាក់បញ្ចូលមធ្យោបាយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវឱ្យបានរួចជាស្រេច ក្នុងគម្រោងដេញថ្លៃស្ថាបនាផ្លូវ ដោយត្រូវកំណត់ក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតែម្ដង នៅពេលធ្វើវិសោធនកម្ម។
បើតាមលោកស្រី មឹន ម៉ាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើបាយការណ៍ជូនសម្ដេច ក្នុងខែមករាកន្លងទៅ ក្រុមការងារបានត្រួតពិនិត្យយានយន្ត សរុបជាង ១០ម៉ឺនគ្រឿង ក្នុងនោះមានម៉ូតូជាង ៦ម៉ឺនគ្រឿង។ ក្នុងនោះបានរកឃើញយានយន្តល្មើសជាង ៣ម៉ឺនគ្រឿង អនុវត្តការបង់ផាកពិន័យ តាមស្នាក់ការបានទឹកប្រាក់ពិន័យជាង ៥១លានរៀល និងបានត្រួតពិនិត្យការពាក់មួកសុវត្ថិភាព លើអ្នកជិះម៉ូតូសរុបជាង ៣ម៉ឺន ១រយនាក់ ដោយឃាត់ និងបង្ខំឱ្យពាក់មួកបានជាង ១,៨ម៉ឺននាក់។
ដោយឡែក ការងារល្បាតការធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៤ លេខ៥ និងលេខ៦ ក្រុមការងារត្រួតពិនិត្យរថយន្តបានជាង ១ម៉ឺន៣ពាន់គ្រឿង រកឃើញរថយន្តល្មើស និងផាកពិន័យតាមច្បាប់ បានជាង៦ពាន់៤រយគ្រឿង។ ក្នុង ១ខែមករានោះដែរ មន្ត្រីនគរបាលចរាចរណ៍ បានរកឃើញរថយន្តល្មើសល្បឿន និងចាត់ការតាមច្បាប់បានជាង ៣រយគ្រឿង បានត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើក បរយានយន្តជាង៦រយគ្រឿង យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសជាង១ម៉ឺន២ពាន់គ្រឿង និងបានធ្វើតេស្ត៍អ្នកបើកបរ និងព្រូឡាន២៤នាក់ រកឃើញមានផ្ទុក៨នាក់។
ជាការកត់សំគាល់ នៅក្នុងខែមករា ឆ្នាំ២០២០នេះ លោកស្រី បានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងសរុប ៣៥៨លើក បណ្ដាលឱ្យមានអ្នកស្លាប់២០៦នាក់ និងរបួសធ្ងន់ស្រាល៥៥៨នាក់ ហើយមូលហេតុ គឺបណ្ដាលមកពីការបើកបរលើសល្បឿន កំណត់ ៤១ភាគរយ មិនគោរពសិទ្ធិអាទិភាព ២២ភាគរយ មិនប្រកាន់ស្ដាំ ១០ភាគរយ ការវ៉ាជែង ១១ភាគរយ បត់មិនប្រយ័ត្ន ៧ភាគរយ ស្រវឹង ៦ភាគរយ និងកត្តាយានយន្ត៣ភាគរយ។ ក្នុងចំណោមអ្នកស្លាប់ ២០៦នាក់នោះ មានអ្នកស្លាប់ពេលយប់១៣០នាក់ ហើយភាគច្រើនគឺជាអ្នកជិះម៉ូតូ ដែលក្នុងនោះមិនពាក់មួកសុវត្ថិភាពជាង ១២០នាក់ទៅហើយ។
លោកស្រី បានបន្ថែមថា ចំនួនគ្រោះថ្នាក់នេះ បើប្រើធៀបទៅនឹងខែធ្នូ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានថយចុះ ១២លើក ប៉ុន្តែ ការស្លាប់មានការកើនឡើង ដល់ទៅ២០នាក់ របួសកើនឡើង ៥៨នាក់ទៅវិញ ហើយបើប្រៀបធៀបនឹងខែមករា ឆ្នាំ២០១៩នោះ ទាំងចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករបួស គឹសុទ្ធតែកើនឡើងគួរឱ្យកត់សំគាល់។ របាយការណ៍ក៏បានធ្វើកំណត់សម្គាល់ ថាអ្នកនៅរាជធានីភ្នំពេញ បានប្រើប្រាស់មួកសុវត្ថិភាពពេលថ្ងៃរហូតដល់ជាង ៩០ភាគរយ ប៉ុន្តែពេលយប់បានតែ ៥៣ភាគរយប៉ុណ្ណោះ ហើយភូមិសាស្ត្រមានអ្នកស្លាប់ច្រើនជាងគេ គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ៕