(ភ្នំពេញ)៖ ផ្សារទំនើបបែបសហគមន៍ថ្មីមួយទៀត មានឈ្មោះថា «ដឹហ្គ្រីនអេវិននូស៍» ក្រោមទុនវិនិយោគ សរុបប្រមាណ២លានដុល្លារ បានបើកការដ្ឋានសាងសង់ជាផ្លូវការ ដោយបានធ្វើពិធីបញ្ចុះបឋមសិលា តាមប្រពៃណី នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមវត្តមាន ម្ចាស់គម្រោងទាំងអស់ និងដៃគូពាណិជ្ជកម្ម ជាច្រើននាក់ចូលរួម។
លោក ភេ ពិសិដ្ឋ ម្ចាស់គម្រោង ផ្សារសហគមន៍ «ដឹហ្គ្រីនអេវិននូស៍» បានថ្លែងថា ដោយមើលឃើញពីសន្ទុះនៃសេដ្ឋកិច្ចប្រទេសកម្ពុជា មានការរីកចម្រើនឥតឈប់ឈរ ជាពិសេសផ្សារទំនើបមានការរីកដុះដាល គ្រប់ទិសទី ទាំងនៅក្នុងទីក្រុង និងនៅជាយៗក្រុង ទើបលោកបានពិភាក្សាជាមួយដៃគូជំនួញ បោះទុនវិនិយោគកសាងផ្សារ សហគមន៍រួមគ្នានេះឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អាជីវករ ក្រុមហ៊ុនលក់ទំនិញគ្រប់ប្រភេទ និងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ ចំណីអាហារដល់អតិថិជន ទាំងក្នុងប្រទេស និងក្រៅប្រទេស។
ម្ចាស់គម្រោងរូបនេះ បានបន្តថា ផ្សារសហគមន៍ «ដឹហ្គ្រីនអេវិននូស៍» ស្ថិតនៅលើទីតាំងដ៏ល្អមួយ ពោលគឺនៅក្បែផ្សារទំនើប អេអនទី២ ផ្សារទំនើបម៉ាក្រូ និងជាតំបន់ពោរពេញទៅដោយ សក្កដានុពលសេដ្ឋកិច្ចរីកចម្រើន និងបុរីល្បីៗឈ្មោះមួយចំនួន នៅក្បែរនោះ។ លោកថា ផ្សារសហគមន៍ «ដឹហ្គ្រីនអេវិននូស៍» នឹងប្រជុំទៅដោយហាងលក់ទំនិញទំនើបៗ មានដូចជាហាងកាហ្វេ ហាងអេឡិចត្រនិច ហាងគ្រឿងទេស ត្រី សាច់ បន្លែ និងហាងគ្រឿងឧបភោគ និងបរិភោគជាច្រើនទៀត។ ផ្សារសហគមន៍មួយនេះ មាននាំចូលទំនិញគ្រប់ប្រភេទ ប៉ុន្តែយើងនឹងលើកទឹកចិត្តដល់អាជីវករ លក់ផលិតផលរបស់ខ្មែរឲ្យបានច្រើន។
សូមបញ្ជាក់ថា ផ្សារសហគមន៍ «ដឹហ្គ្រីនអេវិននូស៍» បានធ្វើការវិនិយោគពីដៃគូចំនួន៤នាក់ មានដូចជាលោក ភេ ពិសិដ្ឋ, លោក អេង រដ្ឋធី, លោក មាស វាសនា និង លោក ឡេង ហេង ក្រោមទុនប្រមាណ២លានដុល្លារសហរដ្ឋអាមេរិក និងប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួន ៦ខែ លើផ្ទៃដីសរុប ១២៣២០ ម៉ែត្រការ៉េ និងផ្ទៃសាងសង់អគារសរុប ៦៨៤០ ម៉ែត្រការ៉េ។ ផ្សារ «ដឹហ្គ្រីនអេវិននូស៍» មានកម្ពស់២ជាន់ មានអគារសរុបចំនួន៥ ចែកជាតំបន់ផ្សេងគ្នា ក្នុងនោះស្មើនឹង ៣១យូនីត។ សម្រាប់តំបន់បៃតង គឺស្ថិតនៅចំផ្នែកកណ្ដាលនៃគំរោងដែលមាន Play Ground និងលំអរដោយដើមឈើពណ៌បៃតង អមសងខាងផ្លូវចេញចូល។
ជាមួយគ្នានេះ ផ្សារសហគមន៍ «ដឹហ្គ្រីនអេវិននូស៍» យើងបានគិតជាសំខាន់ទៅលើបញ្ហាបរិស្ថានដល់ទៅ ៤០% នៃផ្ទៃដីសរុប ដើម្បីលើកកំពស់ដល់បរិស្ថាន និងគិតគូដល់សុខភាពប្រជាជនទូទៅ ដែលមកកំសាន្ដ និងមកទិញទំនិញគ្រប់ប្រភេទ នៅទីនេះ៕