(ភ្នំពេញ)៖ ដើម្បីឈានឆ្ពោះការប្រារព្ធខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់ សន្តិភាព និងកាកបាទក្រហមកម្ពុជា» ខាងមុខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានរៀបចំឱ្យមានកិច្ចពិភាក្សាបញ្ចេញទស្សនៈរបស់យុវជន ក្នុងវេទិកាយុវជន។
វេទិកាយុវជននេះ នឹងប្រព្រឹត្តទៅនៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ក្រោមការបកស្រាយពី និស្សិតជាវាគ្មិន ចំនួន៥នាក់ មកពីសាកលវិទ្យាល័យបញ្ញាជាតិ និងវាគ្មិន ៥នាក់ទៀត មកពីសាកលវិទ្យាល័យវេស្ទើន។
ជាផ្នែកមួយនៃយុទ្ធនាការនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី និងបើកវគ្គផ្សព្វផ្សាយតម្រង់ទិសជូនដល់និស្សិតនៃសាកលវិទ្យាល័យបញ្ញាជាតិ សរុបប្រមាណ១០០នាក់។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងគូសបញ្ជាក់ពីគោលបំណងនៃការប្រារព្ធទិវា ៨ ឧសភា នេះថាជាឱកាសក្នុងការ៖
១៖ បង្ហាញពីសមិទ្ធផល ដែលកាកបាទក្រហមកម្ពុជាសម្រេចបាន ក្នុងការជួយសម្រាលទុក្ខលំបាកដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ប្រកបដោយតម្លាភាព និងគណនេយ្យភាព ព្រមទាំងផ្សព្វផ្សាយពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម, ច្បាប់មនុស្សធម៌អន្តរជាតិ, តួនាទីនិងភារកិច្ចរបស់សមាគមជាតិ។
២៖ បង្ហាញពីអ្វីដែលជាបញ្ហាប្រឈមជាសកល និងក្នុងប្រទេស ដែលក្នុងនាមជាសមាគមជាតិ ត្រូវបំពេញភារកិច្ចដើម្បីដោះស្រាយបញ្ហាឬវិបត្តិភ័យនានា និងគ្រោះមហន្តរាយផ្សេងៗទាំងនោះ។
៣៖ កៀរគរមូលនិធិ ស្វែងរកធនធានសម្រាប់គាំទ្រ ដល់ប្រតិបត្តិការមនុស្សធម៌ ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតពីមួយឆ្នាំទៅមួយឆ្នាំ។
ជាមួយគ្នានេះ លោកស្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំវេទិកាយុវជន ថាជាឱកាសផ្តល់ដល់យុវជនឱ្យមានភាពក្លាហាន ធ្វើការពិភាក្សា បញ្ចេញទស្សនៈផ្ទាល់ខ្លួន បកស្រាយអត្ថន័យខ្លឹមសារ និងសំណួរនានាដែលគណៈកម្មការបានសួរ ព្រមទាំងចេះធ្វើការងារជាក្រុម។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា នឹងបន្តធ្វើការផ្សព្វផ្សាយ ស្តីពី «យុទ្ធនាការត្រៀមរៀបចំទិវា ៨ឧសភា» ជូនដល់និស្សិតសាកលវិទ្យាល័យចំនួន ៥ទៀតក្នុងរាជធានីភ្នំពេញ ទៅតាមកាលបរិច្ឆេទជាបន្តបន្ទាប់៕