(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកសិកម្ម។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្ដីការក្រសួងកសិកម្ម។
ក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកសិកម្ម មានការអញ្ជើញចូលរួម ពីលោកជាថ្នាក់ដឹកនាំក្រសួង អង្គភាពក្រោមឱវាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងមន្រ្តីអគ្គនាយកដ្ឋាន ប្រមាណ៥០០នាក់។
លោក វេង សាខុន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអគ្គនាយកដ្ឋានកសិកម្មក៏ដូចជា មន្រ្តីរាជការ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយស្មារតីយកចិត្តទុកដាក់ ក្នុងការអនុវត្តសកម្មភាពការងាររបស់ខ្លួន ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ដែលទទួលបានលទ្ធផល ជាវិជ្ជមាន ពិតមែនតែនៅជួបប្រទះបញ្ហាប្រឈម ដោយគ្រោះធម្មជាតិធ្ងន់ធ្ងូរយ៉ាងណាក៏ដោយ ។
តាមការវាយតម្លៃរបស់អង្គភាពជំនាញ បានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ២០១៩ វិស័យកសិកម្មសម្រេចទទួល បានអត្រាកំណើន ផ.ស.ស ពិតនៃវិស័យកសិកម្ម ចំនួន ៤%។ អនុវិស័យដំណាំកសិកម្មសម្រេចបាន ក្នុងរង្វង់១៣.៧% ប្រហាក់ប្រហែលនឹងឆ្នាំ២០១៨ តែការនាំចេញមានទំហំកើនឡើង។ បើទោះបីកំណើនផលិតកម្ម ដំណាំខ្លះ មានការធ្លាក់ចុះបន្តិច តែដំណាំកសិកម្មយុទ្ធសាស្រ្តមួយចំនួន ក៏ដូចជាការនាំចេញ គឺនៅរក្សាកំណើនខ្ពស់ ដូចជាដំណាំដំឡូងមី បន្លែ ដំណាំចេកអំបូងលឿង ស្វាយកែវរមៀត និងគ្រាប់ស្វាយចន្ទីជាដើម។
ជាមួយនេះ ក្រសួងក៏រក្សាបាននូវមោទនភាព នៃគុណភាពអង្ករកម្ពុជា ដែលនៅតែមានឧត្តមភាពប្រកួតប្រកួតប្រជែង និងទទួលបាននូវការលើកតម្កើងកេរិ៍តឈ្មោះ នៅលើឆាកអន្តរជាតិ ក្នុងរយៈពេលបួនឆ្នាំជាប់ៗគ្នា ជាពិសេស អង្ករក្រអូបប្រណីតពូជស្រូវផ្ការំដួលរបស់កម្ពុជា ត្រូវបានទទួលស្គាល់ថា មានគុណភាពល្អ និងមានរសជាតិឆ្ងាញ់ នៅលើសាកលលោក។
ជាងនេះទៅទៀត យើងបានចរចាបើកទីផ្សារ និងពង្រីកទំហំ នៃការនាំចេញផលិតផលដំណាំសំខាន់ៗ ដែលកំពុងដំណើរការចរចា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ និងផ្លែមៀនប៉ៃលិន ទៅកាន់ទីផ្សារប្រទេសចិន ការចុះបញ្ជីសហគ្រាស និងការបញ្ចប់ពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ក្នុងការនាំចេញផ្លែស្វាយស្រស់ ទៅកាន់សាធារណរដ្ឋកូរ៉េ និងផ្លែមៀនប៉ៃលិន សម្រាប់ទីផ្សារប្រទេសថៃផងដែរ។
ក្នុងគោលដៅបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម ឲ្យមានលក្ខណៈទំនើបតាមអភិក្រម និងក្នុងវិសាលភាព និងល្បឿនថ្មី មានឧត្តមភាពប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយនិរន្តរភាព និងនវានុវត្តនោះ លោកបានក្រើនរំឭកបន្ថែមទៀត នូវអនុសាសន៍មួយចំនួន សម្រាប់ជាមូលដ្ឋានយកទៅអនុវត្តបន្ត៖
ទី១៖ ត្រូវបន្តរៀបចំ និងពង្រឹងការអនុវត្ត ប្រកបដោយមនសិការវិជ្ជាជីវៈ នូវក្របខ័ណ្ឌយុទ្ធសាស្ត្រ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ដែលបម្រើឲ្យការងារ គ្រប់គ្រងផលិតកម្មដំណាំ ការត្រួតពិនិត្យគុណភាពពូជដំណាំ និងធាតុចូលកសិកម្ម ការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម ការអនុវត្តកសិកម្មល្អ និងស្តង់ដារកសិកម្មសរីរាង្គជាដើម។
ទី២៖ ត្រូវបន្តជំរុញការសិក្សាស្រាវជ្រាវ បច្ចេកទេសផលិតកម្មដំណាំ បន្សុទ្ធនិងពង្រីកពូជដំណាំ ដែលមានគុណភាពល្អ ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ មានតម្លៃបន្ថែមខ្ពស់។
ទី៣៖ បន្តការបណ្តុះបណ្តាល និងផ្ទេរបច្ចេកវិទ្យាកសិកម្មទំនើប ដោយផ្តោតលើស្តង់ដារ កសិកម្មសុវត្ថិភាពឲ្យបានទូលំទូលាយ។ ជំរុញការធ្វើពិពិធកម្ម ដំណាំសាកវប្បកម្ម ដំណាំបន្លែ ដែលមានតម្រូវការទីផ្សារខ្ពស់ ប្រកបដោយគុណភាព និងសុវត្ថិភាព ដែលអាចជំនួសការនាំចូល និងបម្រើការនាំចេញ តាមរយៈការពង្រីក ទីផ្សារប្រមូលផ្តុំ បោះដុំ និងចែកចាយនៅតាមសហគមន៍កសិកម្ម។ ជាពិសេសត្រូវជៀសវាងការប្រើប្រាស់សារធាតុគីមី ក្នុងផលិតកម្មដំណាំកសិកម្ម ដែលនាំឲ្យប៉ះពាល់ ដល់សុខុមាលភាពសាធារណៈ តាមស្មារតីនៃអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
ទី៤៖ ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំ និងអាជីវកម្មរបស់សហគមន៍កសិកម្ម ឲ្យមានលក្ខណៈជាអាជីពក្នុងធុរកិច្ចកសិកម្ម និងសហការជាមួយវិស័យឯកជន ដើម្បីអភិវឌ្ឍខ្សែច្រវាក់ តម្លៃលើមុខដំណាំសំខាន់ៗ តាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា និងកិច្ចសហការ ជាមួយអន្តរស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ។
ទី៥៖ ត្រូវពង្រឹង និងពង្រីកសមត្ថភាព មន្ទីរពិសោធន៍ជាតិកសិកម្ម ក្នុងការវិភាគ និងវាយតម្លៃគុណភាពធាតុចូលកសិកម្ម (ពូជ ជី ថ្នាំកសិកម្ម) គុណភាពដី និងកម្រិតសំណល់ថ្នាំកសិកម្ម ក្នុងផលិតផលកសិកម្ម ដី និងទឹក ដោយត្រូវសហការយ៉ាងជិតស្និទ្ធ ជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់។
ទី៦៖ ត្រូវពង្រឹងវិធានការ ការពារដំណាំ អនាម័យ និងភូតគាមអនាម័យ តាមរយៈការតាមដានវាយតម្លៃ ការព្យាករណ៍ និងការអន្តរាគមន៍ កម្ចាត់សមាសភាព ចង្រៃលើដំណាំ ការត្រួតពិនិត្យ និងចុះបញ្ជីកសិដ្ឋាន ការអនុវត្តកសិកម្មល្អ ពង្រឹងយន្តការទប់ស្កាត់ ការឆ្លងរាលដាលនូវសមាសភាពចង្រៃ និងរឹតបន្តឹង ការនាំចូលកសិផល មិនមានគុណភាព និងគ្មានសុវត្ថិភាព ដែលនាំឲ្យប៉ះពាល់ដល់ផលិតកម្មដំណាំ ក្នុងស្រុកសុខុមាលភាពសាធារណៈ និងសម្រាប់ការនាំចេញ។
ទី៧៖ បន្តពង្រឹងប្រសិទ្ធភាព សេវាពិសោធន៍វិភាគក្នុងមន្ទីរពិសោធន៍ ដោយត្រូវបំពាក់ឧបករណ៍ វិភាគសំណល់ថ្នាំកសិកម្ម និងសេវាត្រួតពិនិត្យ ភូតគាមអនាម័យ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃការនាំចេញ ដោយជំរុញសេវាត្រួតពិនិត្យភូតគាមអនាម័យ ឲ្យកាន់តែកៀកនឹងអ្នកប្រើប្រាស់ មានភាពងាយស្រួលព្រមទាំង ដាក់ឲ្យដំណើរការ ស្នាក់ការផ្តល់សេវាភូត គាមអនាម័យប្រចាំតំបន់ ដូចជាការដាក់ពាក្យស្នើសុំ ការត្រួតពិនិត្យតាមប្រព័ន្ធកុំព្យូទ័រ និងអភិវឌ្ឍប្រព័ន្ធ e-Phyto ជាដើម។
ជាមួយគ្នានេះដែរ លោកបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្ត វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការជាតិ-អន្តរជាតិ ពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមវិភាគទាន និងឧបត្ថម្ភគាំទ្រដល់ ការរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ក្នុងរយៈពេលកន្លងមក ដែលខ្ញុំសង្ឃឹមថា ការរួមវិភាគទាន និងការជួយឧបត្ថម្ភគាំទ្រនេះ នឹងមានបន្តទៅទៀត ទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត៕