(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅអំឡុងខែមីនា ឆ្នាំ២០២០ខាងមុខនេះ រោងចក្រនៅរាជធានីភ្នំពេញ ប្រមាណ២០០រោងចក្រ ប្រឈមនឹងការបិទទ្វារ ដោយសារកង្វះវត្ថុធាតុដើមដែលនាំចូលពីប្រទេសចិន ដោយសារបញ្ហា Covid-19 ខណៈគិតត្រឹមថ្ងៃនេះមានរោងចក្រចំនួន១០ហើយ ដែលស្នើសុំព្យួរផ្នែកខ្លះ។
ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ដីពីវឌ្ឍនភាព និងទិសដៅបន្ដ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ថា ក្នុងចំណោមរោងចក្រទាំង២០០ ដែលប្រឈមនឹងនេះ អាចធ្វើឲ្យកម្មករ កម្មការិនី ប្រមាណ១៦ម៉ឺននាក់ អត់ការងារធ្វើ។
អ្នកនាំពាក្យក្រសួងការងារ បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាឥទ្ធិពលកូរ៉ូណានេះ គឺយើងបានដឹងថា នៅក្នុងខែមីនាខាងមុខនេះ គឺអាចមានរោងចក្រ សហគ្រាសខ្ទង់ជិត២០០ដែរ ដែលអាចប្រឈមទៅនឹងការកង្វះនូវវត្ថុធាតុដើម ហើយវាអាចប៉ះពាល់ដល់បងប្អូន កម្មករនិយោជិត ប្រហែល១៦ម៉ឺននាក់»។
ដើម្បីដោះស្រាយភ្លាមៗនូវបញ្ហាប្រឈមទាំងអស់នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ សហការជាមួយភាគីចិន ដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម ធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលចិនផ្ដល់នូវអាទិភាពក្នុងការផ្គត់ផ្គង់ជូនមកប្រទេសកម្ពុជា ដែលបង្កលក្ខណៈឲ្យកង្វះវត្ថុធាតុដើមនេះ មានរយៈពេលខ្លី។ នេះបើតាមការលើកឡើង របស់លោក ហេង សួរ។
លោក ហេង សួរ បានគូសបញ្ជាក់ថា ការរំខាននៃសង្វាក់ផលិតកម្មនៅប្រទេសចិន គឺពិតជាបានធ្វើឲ្យមានការប៉ះពាល់ទៅដល់សង្វាក់ផលិតកម្ម នៅក្នុងពិភពលោកទាំងមូលតែម្ដង ពិសេសនៅក្នុងតំបន់អាស៉ី។ លោកថា សូម្បីតែប្រទេសជប៉ុន កូរ៉េ ក៏បានផ្អាកនូវសង្វាក់ផលិតកម្មរបស់ខ្លួនមួយចំនួនទៅហើយ ដោយសារកង្វះវត្ថុធាតុ ឬផលិតផលពាក់កណ្ដាលសម្រេចដែលតែងទទួលយកពីប្រទេសចិន។
អ្នកនាំពាក្យក្រសួងការងាររូបនេះ បានបន្ថែមថា សម្រាប់នៅប្រទេសកម្ពុជា ក៏ដូចជានៅបណ្ដាប្រទេសដែលផលិតនូវសម្លៀកបំពាក់នេះ ក៏ប្រឈមនឹងបញ្ហាកង្វះវត្ថុធាតុដើមនេះដូចគ្នា ប៉ុន្ដែតាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជាសង្ឃឹមថា កម្ពុជានឹងមានអាទិភាពដើម្បីទទួលបាននូវវត្ថុធាតុដើមនេះមុនគេ។
បើតាមលោក ហេង សួរ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានរោងចក្រចំនួន១០ហើយ បានស្នើសុំព្យួរការងារផ្នែកខ្លះនៃសង្វាក់ផលិតកម្ម ហើយបើគិតពីចំនួនកម្មករនិយោជិត ដែលផ្អាកតាមផ្នែកនេះ មានប្រមាណ៣,០០០នាក់។ ខណៈក្រសួងកំពុងតែសម្របសម្រួល ដើម្បីធ្វើយ៉ាងណា ឲ្យរោងចក្រនោះ ធ្វើការដោះស្រាយប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករដែលត្រូវបានព្យួរនោះ ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិលេខ៥៨ ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែកុម្ភៈម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ភាគីចិន ចង់ឲ្យមានការដឹកជញ្ជូនក្រណាត់ តាមរយៈយន្ដហោះ មកកម្ពុជាផ្ទាល់តែម្ដង ដើម្បីដោះស្រាយបញ្ហាកង្វះវត្ថុធាតុដើម។
បញ្ហាប្រឈមនឹងការកង្វះវត្ថុធាតុដើម ដែលនាំចូលមកពីប្រទេសចិននេះ ក៏ដោយសាររោងចក្រមួយចំនួននៅប្រទេសចិន ត្រូវបានបិទទ្វារ ក្រោយមានផ្ទុះវីរុសកូរ៉ូណា ឬ Covid-19 ដែលធ្វើឲ្យមានការរីករាលដាលជាបន្ដបន្ទាប់ ហើយមិនមែនតែកម្ពុជានោះទេ ដែលប្រឈមនឹងការបិទទ្វាររោងចក្រ ពោលនៅប្រទេសជាច្រើនផ្សេងទៀត បានបិទទ្វាររួចទៅហើយដោយសារតែកង្វះវត្ថុធាតុដើម។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន សំណើនេះសម្ដេចគិតថា ភាគីចិនអាចធ្វើទៅបាន ព្រោះយន្ដហោះចិនមានច្រើនគ្រឿង ដូច្នេះមានតែជម្រើសដឹកជញ្ជូន តាមយន្ដហោះទេ ទើបអាចសង្គ្រោះកុំឲ្យកម្មករ កម្មការិនីរបស់កម្ពុជា ពីការបិទទ្វាររោងចក្រ ដោយសារបញ្ហាខ្វះវត្ថុធាតុដើមនេះបាន៕