(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើក្រសួង ស្ថាប័ន ដែលមានសមាសភាពក្នុងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជារៀងរាល់ខែ ស្របពេលដែលបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងយ៉ាងកំហុក បង្កជាក្តីព្រួយបារម្ភ ព្រមទាំងធ្វើឱ្យមានបង់ជីវិត និងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន។
ការប្រកាសគាំទ្រចំពោះសំណើរនេះ របស់សម្តេចក្រឡាហោម បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាព ក្នុងពិធីត្រួតពិនិត្យការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រចាំខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអគ្គស្នងការនគរបាលជាតិ ស្នងការ-ស្នងការរងរាជធានីភ្នំពេញ និងស្នងការតាមបណ្តាខេត្ត រួមទាំងអស់អង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។
សម្តេចក្រឡាហោម ស ខេង បានប្រកាសគាំទ្រយ៉ាងដូច្នេះថា៖ «ការប្រជុំបែបនេះយើងខកខាន មិនបានធ្វើក្នុងរយៈពេលប្រហែល ១ឆ្នាំជាង ឬអាចនិយាយថា ពីរឆ្នាំក៏បានដែលដោយសារតែ ស្ថានភាពវាវិវត្តន៍ល្អប្រសើរ ប៉ុន្តចុងក្រោយនេះពិសេស គឺចុងឆ្នាំ២០១៩ មានការប្រែប្រួលមិនល្អគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងកំហុក ដែលនាំឱ្យយើងមានការបារម្ភ អញ្ចឹងហើយបានជាខ្ញុំបានស្នើសុំ ឱ្យមានការប្រជុំគណៈកម្មាធិការជាតិនេះប្រចាំខែ ដើម្បីត្រួតពិនិត្យការងាររបស់យើង»។
ជាមួយគ្នានេះដែល សម្តេចក្រឡាហោម ស ខេង ក៏បានឱ្យដឹងដែលថា នៅក្នុងឆ្នាំ២០២០នេះ ជាឆ្នាំនៃការរឹតបន្តឹងអនុវត្ត ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីជំរុញទប់ស្កាត់ និងកាត់បន្ថយឱ្យមានជាអតិបរមាកំណើនគ្រោះថ្នាក់ កំណើនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សំដៅរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ អនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដោយធ្វើការពិន័យយ៉ាងតឹងរ៉ឹងបុះផុត ចំពោះបុគ្គលណាដែលមិនគោរពច្បាប់ចរាចរណ៍ ឬបង្កបទល្មើសចរាចរណ៍ជាច្រើនដង មិនរាងចារជាដើម ដោយយកការអប់រំច្បាប់។ បន្ថែមពីនេះ នៅឆ្នាំ២០២០នេះ គឺផ្លាស់ប្តូរពីការអប់រំ ទៅជាការអនុវត្តច្បាប់ជាចម្បង ពីព្រោះច្បាប់ គឺជាបន្ទាត់ដែលចាប់បង្ខំឱ្យមនុស្សទាំងអស់ត្រូវតែគោរព៕