(ភ្នំពេញ)៖ គណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) បានប្រជុំត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តនាពេលកន្លងមក និងដាក់ទិសដៅអនុវត្តបន្តក្នុងការត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២៦ -២៧ ខែតុលា ឆ្នាំ២០២០នោះឲ្យទទួលបានជោគជ័យ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដោយមានការចូលរួមប្រជុំពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកនៃអនុគណៈកម្មនានាចំណុះឲ្យគណៈកម្មការ និងមន្រ្តីជំនាញអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា តំណាងសួងក្រសួង ស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ ASEP11 បានរាយការណ៍ជូនកិច្ចប្រជុំពីលទ្ធផលការងារជាច្រើន ដែលបានអនុវត្តកន្លងមក ទាំងការងារខ្លឹមសារ ឯកសារ និងការត្រៀមរៀបចំសេវាកម្មផ្សេងៗ ដូចជាសណ្ឋាគារ ការដឹកជញ្ជូនជាដើម ។
លោកបានគូសបញ្ជាក់ថា បន្ទាប់ពីបានត្រៀមរៀបចំ ចាត់ចែងអស់រយៈពេលជាច្រើនខែមក ពេលនេះគឺជាពេលវេលាផ្តើមអនុវត្តការងារជាក់ស្តែង ដូចជាការកក់សណ្ឋាគារ សម្រាប់កន្លែងរៀបចំកិច្ចប្រជុំ និងរថយន្តដឹកគណៈប្រតិភូជាដើម។ ចំពោះខ្លឹមសារនិងទម្រង់លិខិតអញ្ជើញគណៈប្រតិភូបរទេសចូលរួមប្រជុំ និងសារលិខិតស្វាគមន៍របស់ប្រធាន ASEP11 បានដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប គឺជាកិច្ចប្រជុំមួយនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ខាងរាជរដ្ឋាភិបាល។ នៅឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជាក៏ទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបនេះដែរ។
សម្រាប់កិច្ចប្រជុំភាពជាដៃសភាអាស៊ី អឺរ៉ុបលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ នឹងរៀបចំឡើងក្រោមមូលបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាពនិងការអភិវឌ្ឍដោយចីរភាព» ។ សមាជិក ASEP ចំនួន៥៣ដែលក្នុងនោះ៥១ជាស្ថាប័នសភា និង២ទៀតជាអង្គការដៃគូ គ្រោងនឹងអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនៅកម្ពុជានេះ។
បន្ទាប់ពីការជជែកលើបញ្ហាច្រើន ពិសេសនីតិវិធី និងគោលការណ៍របស់ ASEP រួចមក លោកបណ្ឌិត ងួន ញ៉ិល បានណែនាំដល់សមាជិកទាំងអស់បន្តខិតខំបំពេញការងារគ្រប់មុខសញ្ញា ក្នុងស្មារតីហ្មត់ចត់ គ្រប់ជ្រុងជ្រោយ ប្រកបដោយការទទួលខុសត្រូវ ដើម្បីជាផលប្រយោជន៍ជាតិទាំងមូល។
សូមជម្រាបថា គណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុបនេះ នឹងធ្វើការប្រជុំបូកសរុបការងារនិងដាក់ទិសដៅអនុវត្តបន្តនៅរៀងរាល់មួយខែម្តង៕