(ភ្នំពេញ)៖ លោកគ្រូ WU DAO គឺជាគ្រូចិនសែដ៏ល្បីល្បាញម្នាក់ មកពីប្រទេសសឹង្ហបុរី បានមកបើកក្រុមហ៊ុន បម្រើសេវាកម្មមើលហុងស៊ុយ នៅប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់ការសម្រេចិត្ត របស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកមើលជំនឿលើហុងស៊ុយ ក្នុងការធ្វើការរកស៉ី និងធ្វើអាជីវកម្មនានា។
លោក នឹម ច័ន្ទតារា អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាលេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញជាអធិបតី សម្ពោធជាផ្លូវការក្រុមហ៊ុន វូស៊ានតាន ជីអូមេនស៉ី អាស្ត្រូឡជី (ខេមបូឌា) ឯ.ក (Wuxiantan Geomancy Astrology Cambodia) Co., LTD. នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ។ ពិធីនេះ ក៏មានការចូលរួមពីភ្ញៀវកិតិ្តយសជាតិ និងអន្តរជាតិ មកពីសឹង្ហបូរី ម៉ាឡេស៉ី ចិន និងកោះតៃវ៉ាន់ផងដែរជាច្រើនកុះករផងដែរ។
លោគ្រូ WU DAO បានថ្លែងថា ការិយាល័យរបស់លោក (ព្រះវិហារ) ស្ថិតនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិ។ គោលបំណង ដែលលោកមកបើកក្រុមហ៊ុននៅកម្ពុជា ដោយសារលោកចង់ចែករំលែក និងជួយសម្រួលផ្តល់គំនិត ដល់ប្រជាជនកម្ពុជានូវអ្វីដែលគាត់បានរៀនតាំងពីដើម រហូតមកដល់បច្ចុប្បន្ន។
លោគ្រូ WU DAO បន្ថែមថា ក្រុមហ៊ុននេះ មានផ្តល់សេវាកម្មការមើលហុងស៊ុយ ដូចជាពេលសាងសង់អគារ ខុនដូ ការបើកហាងថ្មី ធ្វើផ្ទះថ្មី ឬក៏ការសាងសង់ចេតិយ និងការបញ្ចុះសពជាដើម។ លោកថ្លែងថា មូលហេតុសំខាន់ ដែលលោកមកបើកក្រុមហ៊ុន មើលហុងស៊ុយនៅកម្ពុជា ដោយសារកម្ពុជា គឺជាប្រទេសចំណាស់មួយ និងជាប្រទេសជឿជាក់ទៅលើជោគជតារាសី។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងសំណូមពរដល់ប្រជាពលរដ្ឋ ដែលមិនទាន់ដឹង និងមិនទាន់មានទិសដៅច្បាស់លាស់ ដើម្បីធ្វើអាជីវកម្ម ឬការងារ អាចអញ្ជើញមកកន្លែងយើងខ្ញុំ ដើម្បីយើងខ្ញុំអាចមើលហុងស៊ុយជូន ព្រោះថា វាសនា និងហុងស៊ុយ របស់មនុស្សម្នាក់ៗ គឺមានសភាពខុសៗគ្នា។ អញ្ចឹង ពេលគាត់មក គាត់អាចដឹងថា គាត់កើតឆ្នាំនេះ អាយុនេះ ត្រូវធ្វើអាជីវកម្មបែបនេះ និងរកស៉ីបែបនេះ»។
លោក នឹម ច័ន្ទតារា បានរំលឹកថា កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រពីអតីតកាលដ៏យូរលង់ណាស់មកហើយ លើជំនឿសាសនា លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានហាមឃាត់ ការប្រតិបត្តិជំនឿសាសនា និងបានវាយកម្ទេចចោលវត្តអារាម ព្រះពុទ្ធសាសនា និងទីសក្ការៈបូជានៃសាសនាដ៏ទៃទៀត របស់ប្រជាជនកម្ពុជាយើង។ លោកថ្លែងថា ទើបក្រោយរំដោះ ៧មករា ឆ្នាំ១៩៧៩ គេឃើញមានវត្តមានសាសនាជាច្រើន បានរស់រានមានជីវិតឡើងវិញ។
លោកបានអបអរសាទរ ចំពោះវត្តមាននៃទីសក្ការៈបូជារបស់ វូស៊ានតាន នៅកម្ពុជាយើង ដែលស្របនឹងរដ្ឋធម្មនុញ្ញមាត្រា ៤៣ ស្តីពីសេរីភាពខាងជំនឿ និងការប្រតិបត្តិក្នុងផ្លូវសាសនា។ លោកថ្លែងថា៖ «ខ្ញុំមានកិត្តិយសណាស់ ដែលមកធ្វើជាគណៈអធិបតី ដើម្បីចូលរួមជាសាក្ស៉ី ក្នុងពិធីសម្ពោធទីបូជាសក្ការៈ វូស៊ានតាន សម្រាប់បម្រើសេវាកម្មហោរាសាស្ត្រ គឺការទស្សន៍ទាយ ប្រមើលមើលជោគជតារាសី និងព្យាបាលជំងឺដង្កាត់តាមបែបវិទ្យាសាស្ត្រ និងបុរាណរបស់អ្នកមានជំនឿនៅកម្ពុជា»៕