(ភ្នំពេញ)៖ ព្រះនាមព្រះបរមរតនកោដ្ឋ «នរោត្តម សីហនុ» ត្រូវបានដាក់លើផ្លូវមួយខ្សែ នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ហើយត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ។
ពិធីសម្ពោធជាផ្លូវការនូវវិថី «King Norodom Sihanouk Road» ស្ថិតនៅតំបន់ការទូត Baridhara មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលបង់ក្លាដេសផងដែរ។
កម្ពុជា និងបង់ក្លាដេស បានព្រមព្រៀងគ្នាយកវិថីម្នាក់មួយខ្សែ ដាក់ព្រះនាមព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ហើយដាក់ឈ្មោះលោក Bangabandhu SHEIKH MUJIB បិតាជាតិរបស់បង់ក្លាដេស លើវិថីមួយខ្សែនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ការព្រមព្រៀងនេះ បានកើតមានឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Sheikh Hasina នាយករដ្ឋមន្ត្រីបង់ក្លាដេស មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧។ ការសម្រេចដាក់ព្រះនាម និងឈ្មោះរបស់បិតាជាតិនៃប្រទេសទាំងពីរ គឺជាការបង្ហាញឱ្យឃើញនូវការរឹតចំណងទំនាក់ទំនង និងមិត្តភាពរវាងប្រទេសទាំងពីរ។
សម្រាប់កម្ពុជា ក៏បានសម្រេចរួចហើយដែរដោយបានជ្រើសរើសយកផ្លូវលេខ៣៣៧ ដាក់ឈ្មោះលោក «Bangabandhu SHEIKH MUJIB»។ វិថីនេះគ្រោងនឹងប្រារព្ធពិធីជាផ្លូវការនៅក្នុងឆ្នាំ២០២០នេះ។ នេះបើតាមការបញ្ជាក់របស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនាពេលកន្លងទៅ៕