(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia និងជាម្ចាស់គម្រោងបុរី ខេអេស បានលើកឡើងថា ទិសខាងកើត នៃរាជធានីភ្នំពេញ ពិសេសតំបន់កៀនស្វាយ ជាតំបន់កំពុងមានសក្ដានុពល ផ្នែកអចលនទ្រព្យ និងជាតំបន់ដែលសាកសកបំផុតសម្រាប់ការសាងសង់ផ្ទះដើម្បីរស់នៅ មិនមែនជាកន្លែងសម្រាប់ធ្វើអាជីវកម្មនោះទេ ព្រោះតំបន់នេះពោពេញដោយ ធម្មជាតិស្រស់បំព្រង និងផ្លែឈើធម្មជាតិ។
ការអះអាងរបស់អ្នកជំនាញអចលនទ្រព្យរូបនេះ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីសម្ពោធបុកគ្រឹះគម្រោងសាងសង់លំនៅឋាន នៃបុរី KS ដែលមានទីតាំងនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា ប៉ែកទាំង៤ នៃរាជធានីភ្នំពេញ ប៉ែកខាងកើត ជាពិសេសតំបន់កៀនស្វាយ គឺជាតំបន់ដែលសាកសមបំផុត សម្រាប់ធ្វើលំនៅដ្ឋាន និងទេសចរណ៍ នឹងមិនមែនជាតំបន់ដែលសាមសម និងធ្វើឧស្សាហកម្មនោះទេ ព្រោះជាក់ស្តែងតំបន់កៀនស្វាយនេះ សំបូរទៅដោយដើមឈើ និងផ្លែឈើធម្មជាតិ និងសាកសមសម្រាប់ការរស់នៅ របស់អ្នកដែលមានការងារធ្វើរួចហើយនៅកន្លែងផ្សេងៗ។
លោកបណ្ឌិត គីម ហ៊ាង បានបន្ថែមទៀតថា សម្រាប់បុរីខេអេស នៅពេលនេះលោកនឹងចាប់ដៃគូជាជប៉ុនដើម្បីនាំយក solar ពន្លឺព្រះអាទិត្យដើម្បីដាក់នៅតាម ផ្ទះល្វែងសម្រាប់ប្រើប្រាស់ ជំនួសភ្លើងអគ្គិសនីរដ្ឋ ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ភ្លើងអគ្គិសនីរដ្ឋ។ solar នេះអាចប្រើប្រាស់បានលើម៉ាស៊ីនត្រជាក់ ទូរទឹកកក និងអំពូលភ្លើង ហើយជំហានដំបូងនឹងសាកល្បង លើលំនៅឋាន ៥០ខ្នងសិន ដែលប្រព័ន្ធសូឡានេះនឹងមិនភ័យព្រួយរឿងការដាច់អគ្គិសនី ដែលកន្លងមកពលរដ្ឋ ជួបជាញឹកញាប់។
លោកបានបន្តទៀតថា គម្រោងនេះ បុរី ខេអេស ផ្ដោតទៅលើប្រជាជនដែលមានដើមកំណើតនៅខេត្តស្វាយរៀង ព្រៃវែង និងកណ្ដាល ជាពិសេសប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ហើយធ្វើការនៅជិតៗភ្នំពេញឬនៅក្រុងភ្នំពេញតែម្ដង។ ពួកគាត់អាចទិញលំនៅឋាននេះស្នាក់នៅហើយពួកគាត់នឹងងាយស្រួលចេញទៅលេងស្រុក ម្ដងម្កាល ដោយមិនចាំបាច់ចំណាយពេលចេញពីក្រុងភ្នំពេញទៅផ្ទះនៅតំបន់ផ្សេងដោយត្រូវឆ្លងកាត់ភ្នំពេញម្ដងទៀត និងត្រូវឆ្លងកាត់តំបន់ដែលកកស្ទះខ្លាំងផងដែរ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសលើកលែងពន្ធប្រថាប់ត្រា ចំពោះពលរដ្ឋទិញផ្ទះក្រោមតម្លៃ៧ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុន អភិវឌ្ឍន៍លំនៅឋាន ដែលបានចុះបញ្ជីពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សូមជម្រាបថាគម្រោងបុរីKSនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី ៣៤,០៩៧ ម៉ែត្រការ៉េ និងមានលំនៅឋានសរុបជាង២០០ល្វែង ដោយចាប់ផ្ដើមប្រកាស លក់នៅរយៈពេលពីរបីខែបន្ទាប់ សម្រាប់ព័ត៌មានបន្ថែមពីបុរី KS ០១២ ៤៤ ៩៦ ៤៤ ៕