(ភ្នំពេញ)៖ លោកឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ មិនមានពលករ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ ឆ្លងជំងឺកូរ៉ូណាថ្មី ឬ Covid-19 នៅក្នុងប្រទេសកូរ៉េខាងត្បូងឡើយ។
ការចេញមកបញ្ជាក់របស់ អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានធ្វើឡើងបន្ទាប់ពីប្រទេសមួយនេះមានការរីករាលដាល នៃជំងឺកូរ៉ូណាថ្មីកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីប្រទេសប្រទេសចិន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី២៧ ខែកុម្ភៈនេះ មានចំនួនអ្នកឆ្លងជំងឺកូរ៉ូណាថ្មី នៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនដល់១៥៩៥ករណីហើយ បន្ទាប់ពីរកឃើញមនុស្ស៣៣៤នាក់បន្ថែមទៀត ខណៈអ្នកជំងឺ១២នាក់ បានស្លាប់បាត់បង់ជីវិត។
គួរបញ្ជាក់ថា នៅក្នុងចំណោមមនុស្ស៣៣៤នាក់បន្ថែមទៀត ដែលត្រូវបានរកឃើញលទ្ធផល «វិជ្ជមាន» ចំពោះមេរោគ COVID-19 នោះគឺមាន ៣០៧នាក់ជាប្រជាជននៅ Daegu។ បច្ចុប្បន្នទីក្រុង Daegu មានអ្នកឆ្លងមេរោគ COVID-19 ចំនួន១,០១៧ករណី និងខេត្តគ្យុងសាងខាងជើង ដែលនៅជាប់គ្នាមានចំនួន ៣២១ករណី។ ដោយឡែកនៅតំបន់ផ្សេងៗទៀតគឺមានអត្រាឆ្លងតិចតួចនៅឡើយ ដូចជារដ្ឋធានីសេអ៊ូលមានអ្នកឆ្លង COVID-19 សរុប០៦ករណី៕