(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែមករា ឆ្នាំ២០២០។
កិច្ចប្រជុំនេះ ប្រព្រឹត្តធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអគ្គស្នងការនគរបាលជាតិ ស្នងការ-ស្នងការរងរាជធានីភ្នំពេញ និងស្នងការតាមបណ្តាខេត្ត រួមទាំងអស់អង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។
បើយោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារសវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមករា ឆ្នាំ២០២០ បានកើតឡើងចំនួន៣៥៨លើក បណ្តាលឱ្យអ្នកស្លាប់ចំនួន ២០៦នាក់ និងរបួសចំនួន ៥៥៨នាក់។ មូលហេតុការបើកបរលើសល្បឿនកំណត់ ៤១ភាគរយ មិនគោរពសិទ្ធិ ២២ភាគរយ មិនប្រកាន់ស្តាំ ១០ភាគរយ វ៉ាជែង ១១ភាគរយ បត់៧ភាគរយ កត្តាយានយន្ត ៣ភាគរយ។
បើប្រៀបធៀបខែធ្នូ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ថយចុះចំនួន ១៣លើក (៤៥៨/៣៧០លើក) ស្មើ ៣ភាគរយ ស្លាប់កើនចំនួន ២០នាក់ (២០៦/១៨៧លើក) ស្មើ១១ភាគរយ និងរបួសកើន ៥៨នាក់ (៥៥៨/៥០០នាក់) ស្មើ ១២ភាគរយ។ របាយការណ៍ដដែល បានឱ្យដឹងដែលថា បើប្រៀបធៀបខែមករា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន២៧លើក (៣៥៨/៣៣១លើក) ស្មើ ៨ភាគរយ៕