Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្រសួងមហាផ្ទៃ រៀបចំសិក្ខាសាលា អំពីគម្រោងផ្សព្វផ្សាយសន្ធិសញ្ញាពាណិជ្ជកម្មអាវុធ (ATT) លើកទី៣

26-02-2020 15:11

(ភ្នំពេញ)៖ ក្រុមការងារប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ក្រសួងមហាផ្ទៃ បានសហការជាមួយ ការិយាល័យសេដ្ឋកិច្ច និងត្រួតពិនិត្យការនាំចេញ (BAFA) នៃប្រទេស អាល្លឺម៉ង់ និងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានរៀបចំបើកសិក្ខាសាលាអំពី គម្រោងផ្សព្វផ្សាយសន្ធិសញ្ញាពាណិជ្ជកម្មអាវុធ (ATT) លើកទី៣ រយៈពេលពីថ្ងៃ (២៦-២៧) នៅសណ្ឋាគារសូហ្វីតែល ភីគីត្រា។

ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារក្រសួងមហាផ្ទៃ ទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន និងលោកស្រី Camilla Lambard អនុប្រធានផ្នែកសហប្រតិបត្តិការ នៃសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា និងលោក Sascha Reebs លេខាទូតទីមួយ នៃស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។

សិក្ខាសាលានេះ ក៏មានការចូលរួមពីវាគ្មិនជំនាញ និងអ្នកឯកទេស មកពីបណ្តាប្រទេសនៅសហគមអឺរ៉ុប និងវាគ្មិនកម្ពុជាមកពី ក្រសួងការពារជាតិ និងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមទាំងអ្នកតំណាងមកពីស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានលើកឡើងថា គ្រប់អាវុធដែលត្រូវបានផលិតទាំងអស់សុទ្ធតែធ្វើ ឲ្យអន្តរាយដល់រាង្គកាយ និងអាយុជីវិត ហើយមានជនប្រដាប់អាវុធជាច្រើន នៅលើពិភពលោក បានប្រើប្រាស់បង្កជាជម្លោះ និងបានធ្វើឲ្យមនុស្សរាប់លាននាក់រងរបួស ខ្លះពិការ ខ្លះស្លាប់ បង្កជាស្ត្រីមេម៉ាយ ក្មេងកំព្រា ជនភៀសខ្លួនភាពអត់ឃ្លាន និងគ្មានផ្ទះសម្បែង។

នាយឧត្តមសេនីយ៍ បានបន្ដថា សន្ធិសញ្ញាពាណិជ្ជកម្ម អាវុធគឺបានបង្ហាញពីឱកាស សម្រាប់សមាជិកសហគមន៍អាស៊ាន ដើម្បីឆ្លុះបញ្ចាំពីការតាំងចិត្តរួមគ្នា ការផ្សាភ្ជាប់គ្នាទៅវិញទៅមករវាងការអភិវឌ្ឍ និងសន្តិសុខជាតិ និងដើម្បីបង្កើតកាតព្វកិច្ច ដែលប្រឆាំងការផ្ទេរអាវុធ ដែលអាចបំផ្លាញដល់សន្តិសុខស៉ីវិល និងសន្តិសុខមនុស្សធម៌ នៅក្នុងតំបន់។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបន្ថែមថា សន្ធិសញ្ញាពាណិជ្ជកម្មអាវុធ គឺជាឱកាសមួយសម្រាប់ រដ្ឋជាសមាជិក អាស៊ាន ក្នុងការទទួលយកតួនាទីជា សហគ្រិនស្តង់ដារ និងពិនិត្យឡើងវិញនូវបញ្ហា នៃការរីកសាយអាវុធខុសច្បាប់ ដែលមិនមែនត្រឹមតែជាបញ្ហាសន្តិសុខ អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាសន្តិសុខរបស់មនុស្សជាតិទាំងមូល ដែលធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍ ក្នុងនោះមានសិទ្ធមនុស្ស និងច្បាប់ មនុស្សធម៌ផងដែរ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសហត្ថលេខីលើសន្ធិសញ្ញាពាណិកម្មអាវុធ (ATT) រួចហើយតាំងពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១៣ ដោយអគ្គរាជទូតកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ក៏ប៉ុន្តែនៅមិនទាន់បានបំពេញ បែបបទសព្វគ្រប់សម្រាប់ផ្តល់សច្ចាប័ននៅឡើយ៕