(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរ ដល់យុវជនស្ម័គ្រចិត្ត ដែលជាពលទាហានជ្រើសរើសថ្មី ឲ្យចូលបំពេញក្របខណ្ឌកងទ័ពជើងគោក ដើម្បីទៅចូលសាលាហ្វឹកហ្វឺនពលទាហានទី៣ របស់យោធភូមិភាគ៣។ ពិធីនេះបានធ្វើឡើងនៅឯទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត។
ក្នុងពិធីសំណេះសំណាល និងជូនដំណើរនេះដែរ លោកអភិបាលខេត្ត ជាវ តាយ បានថ្លែងថា យុវជនស្ម័គ្រចិត្ត ដែលជាពលទាហានបានជ្រើសរើសថ្មីនាពេលនេះ គឺជាការអនុវត្តន៍ផ្អែកតាមផែនការនៃកម្មវិធីកំណែទម្រង់ និងពង្រឹងសមត្ថភាព របស់កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញកាតព្វកិច្ចការពារជាតិ មាតុភូមិ ការពារ ទឹកដី អធិបតេយ្យភាពជាតិ សេចក្ដីសុខក្សេមក្សាន្តសុភមង្គលជូនប្រជាជនយើង។
ជាពិសេស គឺការបង្កើតកងកម្លាំងប្រដាប់អាវុធមួយ ដែលមានប្រសិទ្ធភាពល្អប្រសើរជាងមុន និងសាកសមជាកងទ័ព ដែលមានសមត្ថភាពពេញលេញ និងស្មារតីស្នេហាជាតិខ្ពស់ ហ៊ានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងពេលប្រយុទ្ធជាមួយខ្មាំងសត្រូវលើគ្រប់សមរភូមិ និងបានចូលរួមក្នុងសកម្មភាពការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ប្រកបដោយលក្ខណៈសម្បត្តិ និងបច្ចេកទេសជំនាញសមស្រប។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថាបេក្ខជន ដែលបានដាក់ពាក្យចូលរួមការប្រលង សម្រាប់នៅខេត្តកំពត មានចំនួន៥៤០នាក់ ក្នុងនោះបានប្រឡងជាប់ជាស្ថាពរចំនួន២១២នាក់ នារីមានចំនួន១នាក់។ រីឯចំនួនដែលជាប់ជាបេក្ខជនបម្រុង មានចំនួន១៣២នាក់ ក្នុងនោះនារីមានចំនួន៦៧នាក់។
ទន្ទឹមគ្នានេះនេះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្មួយៗជាពលទាហានដែលទើបប្រឡងជាប់ជាស្ថាពរលើចំណុចសំខាន់ៗមួយចំនួន នៅពេលក្លាយជាកងទ័ព ក្នុងកាតព្វកិច្ចបម្រើ ជាតិ សាសនា ព្រះមហាក្សត្រគឺ៖
ទី១៖ ត្រូវអនុវត្តឲ្យបានល្អ នូវរាល់បទបញ្ជារបស់កងយុទ្ធពលខេមរភូមិន្ទ។ ពិសេសត្រូវតស៊ូប្រឹងប្រែងរៀនសូត្រ នូវរាល់មេរៀនរបស់កងទ័ព និងក្បួនយុទ្ធសាស្ត្រនានា ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពទឹកដី និងការពារសេចក្ដីសុខ ជូនប្រជាជនកម្ពុជា ការពារសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រជាពលរដ្ឋបានបោះឆ្នោតជូន និងប្រឆាំងដាច់ខាតនៅការប៉ុនប៉ងណាមួយដែលមានបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងការធ្វើបដិវត្តពណ៌នៅកម្ពុជា។
ទី២៖ ត្រូវលើកកម្ពស់ឆន្ទៈម្ចាស់ការ ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរស់នៅតាមបណ្ដាកងឯកភាពទោះជិត ឬឆ្ងាយក៏មិនត្រូវរុញរា ត្រូវចេះអត់ធ្មត់ តស៊ូ ដើម្បីការពារជាតិ ការពារសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ដោយមិនអាចឱ្យជនណាម្នាក់មកបំផ្លាញសន្តិភាពនេះ បានឡើយ។
ទី៣៖ ត្រូវចងចាំថា ការជ្រើសរើសកងទ័ពគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នាដូចបាន កំណត់ក្នុងច្បាប់ស្ដីពីកាតព្វកិច្ចយោធា។
នៅក្នុងឱកាសនោះ ជាវ តាយ និងលោក ជឹង ផល្លា ព្រមទាំងជួរថ្នាក់ដឹកនាំអន្តភាព មន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ក៏បានអញ្ជើញបំពាក់កន្សែងជូនដំណើរដល់ពលទាហានថ្មី និងផ្ដល់ជូនក្មួយៗជាពលទាហានថ្មីទាំងអស់នោះ សរុបចំនួន២១២នាក់ ក្នុងម្នាក់ក្រមា១ និងថវិកា ចំនួន ៥ម៉ឺនរៀល រួមនឹងឧបត្ថម្ភដល់សាហ៊ុយថ្លៃការដឹកជញ្ជូនពលទាហានថ្មីទាំងអស់នោះដល់បន្ទាយ ហ្វឹកហ្វឺននៅខេត្តកំពង់ស្ពឺ ផងដែរ៕