(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី គាំទ្រដោយក្រុមហ៊ុនធានាទិញមូលបត្រ យាន់តា ស៊ីឃ្យួរឹធី ខេមបូឌា ភីអិលស៊ី បានចេញសេចក្ដីជូនដំណឹង ជម្រាបជូនសាធារណជន មេត្តាជ្រាបថា ធនាគារនឹងបើកដំណើរការប៊ុកបៀលឌីង ដើម្បីកំណត់ថ្លៃភាគហ៊ុន របស់ធនាគារដែលគ្រោងចុះបញ្ជី នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
១៖ ការកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ
ធនាគារ អេស៊ីលីដា ភីអិលស៊ី គាំទ្រដោយក្រុមហ៊ុន យាន់តា នឹងកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ ស្របទៅតាមនីតិវិធីស្តីពីការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្ម ដែលទទួលអនុញ្ញាតពី គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.)។ ថ្លៃមូលបត្រកម្មសិទ្ធិនឹងត្រូវប្រកាសបន្ទាប់ពី ទទួលបានការអនុម័ត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានពី គ.ម.ក.។
២៖ កម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow)
ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងរៀបចំកម្មវិធីបង្ហាញព័ត៌មានលម្អិត Roadshow ចំនួន២លើក ដើម្បីធ្វើបទបង្ហាញដល់វិនិយោគិន អំពីទិដ្ឋភាពទូទៅនៃអាជីវកម្មហិរញ្ញវត្ថុ របស់ធនាគារ ពេលវេលារំពឹងទុកនៃ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ និងការរៀបចំខ្លួនរបស់វិនិយោគិន ដើម្បីមានការយល់ដឹងច្រើនជាងមុនអំពីធនាគារ មុននឹងធ្វើការកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ នៅក្នុងដំណាក់កាលប៊ុកបៀលឌីង។
កម្មវិធីបង្ហាញព័ត៌មានលម្អិត Roadshow ត្រូវបានកំណត់ដូចខាងក្រោម៖
ក៖ កម្មវិធីបង្ហាញព័ត៌មានលម្អិត Roadshow លើកទី១
រៀបចំឡើងនៅថ្ងៃ៣ ខែមីនា ឆ្នាំ២០២០ ចាប់ពីម៉ោង៣៖៣០រសៀល ដល់ម៉ោង៦៖០០ល្ងាច
នៅទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
ខ៖ កម្មវិធីបង្ហាញព័ត៌មានលម្អិត Roadshow លើកទី២
រៀបចំឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២៖០០រសៀល ដល់ ម៉ោង៤៖៣០រសៀល នៅទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
៣៖ កាលបរិច្ឆេទប៊ុកបៀលឌីង ទីតាំង និងនីតិវិធី
ក៖ រៀបចំឡើងនៅថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨៖០០ព្រឹក ដល់ម៉ោង៥៖០០ល្ងាច (ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍)
ខ៖ រៀបចំឡើងនៅទីស្នាក់ការភ្នាក់ងារចែកចាយលក់៖
* អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACS) និងបញ្ជរនៅតាមសាខារបស់ធនាគារ អេស៊ីលីដា ក្នុងរាជធានីភ្នំពេញ, សៀមរាប, ក្រុងព្រះសីហនុ, បាត់ដំបង, កំពង់ចាម, កំពត, ស្វាយរៀង និងបន្ទាយមានជ័យ។
* យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី
* អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី (SBI)
* អ អេច ប៊ី ឥណ្ឌូឆៃណា ស៊ីឃ្យួរឹធី ម.ក (RHBS)
* កម្ពុ ស៊ីឃ្យួរឹធី ភីអិលស៊ី (CAMPUSEC)
* ភ្នំពេញ ស៊ីឃ្យួរឹធី ភីអិលស៊ី (PPS)
* កាណា ស៊ីឃ្យួរឹធី អិលធីឌី (CNS)
សម្រាប់ព័ត៌មានបន្ថែមអំពីអាសយដ្ឋាន របស់ភ្នាក់ងារចែកចាយលក់សូមមើលគេហទំព័រ www.acledabank.com.kh។
គ៖ នីតិវិធី៖
* វិនិយោគិនត្រូវមានគណនីជួញដូរ នៅក្រុមហ៊ុនមូលបត្រណាមួយ ដែលទទួលបានអាជ្ញាបណ្ណពី គ.ម.ក.។
* វិនិយោគិនត្រូវបំពេញពាក្យស្នើសុំ ចូលរួមប៊ុកបៀលឌីងនៅទីតាំង របស់ភ្នាក់ងារចែកចាយលក់។
* វិនិយោគិនត្រូវដាក់តម្កល់ប្រាក់ចំនួន១០% នៃតម្លៃសរុបនៃមូលបត្រដែលមានបំណង ធ្វើបរិវិសកម្ម ទៅក្នុងគណនីប៊ុកបៀលឌីង របស់ធនាគារអេស៊ីលីដា នៅធនាគារ អេស៊ីលីដា ដូចខាងក្រោម៖
* ឈ្មោះគណនី៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី-គណនីប៊ុកបៀលឌីង
* លេខគណនី៖ 0001-03571769-1-4 (ខ្មែររៀល)
* Swift Code ៖ ACLBKHPP
៤៖ ការជូនដំណឹងអំពីលទ្ធផលប៊ុកបៀលឌីង
ធនាគារ អេស៊ីលីដា ភីអិលស៊ី គាំទ្រដោយក្រុមហ៊ុន យាន់តា នឹងជូនដំណឹងដល់វិនិយោគិន ដែលទទួលបានជោគជ័យ ពីលទ្ធផលនៃប៊ុកបៀលឌីង បន្ទាប់ពីទទួលបានការអនុម័តពី គ.ម.ក.។
* វិនិយោគិនដែលទទួលបានជោគជ័យ គឺជាវិនិយោគិនដែលដាក់ថ្លៃស្មើ ឬខ្ពស់ជាងថ្លៃចុងក្រោយ៕