(ភ្នំពេញ)៖ លទ្ធផលផ្លូវការ នៃការធ្វើជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ នឹងត្រូវបង្ហាញជាផ្លូវការ នៅខែកក្កដា ឆ្នាំ២០២០ ក្រោយបិទបញ្ចប់ទាំងស្រុង។ នេះបើតាមការឲ្យដឹងពី លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។
លោកស្រី ហង់ លីណា បានបញ្ជាក់ថា លទ្ធផលនៃការធ្វើជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ មានតម្លាភាព និងត្រឹមត្រូវ រហូតដល់៩៧.៥ភាគរយ ដែលអាចឲ្យស្ថាប័នពាក់ព័ន្ធ យកទៅប្រើប្រាស់តាមតម្រូវការ ពិសេសសម្រាប់ការយកទៅធ្វើផែនការផ្សេងៗ ខណៈតួលេខនេះ ក៏ត្រូវបានបញ្ជូនទៅអង្គការសហប្រជាជាតិផងដែរ។
តាមតួលេខបណ្តោះអាសន្ន ក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុបមានចំនួន១៥,២៨៨,៤៨៩នាក់ ក្នុងនោះ មានប្រុស៧,៤១៨,៥៧៧នាក់ និងស្រី៧,៨៦៩,៩១២នាក់។ ចំនួនប្រជាជនសរុបកើនឡើង ១,៨៩២,៨០៧នាក់ ត្រូវនឹង១៤.១ភាគរយ រយៈពេល១១ឆ្នាំ រវាងឆ្នាំ២០០៨ និងឆ្នាំ២០១៩។ តួលេខទាំងនេះ មិនរាប់បញ្ចូលពលករធ្វើការនៅក្រៅប្រទេសឡើយ។
សូមជម្រាបថា អត្រាកំណើនប្រជាជនប្រចាំឆ្នាំ បានថយចុះពី១.៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង២០០៨ មក១.២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និង២០១៩។ អត្រាកំណើនប្រចាំឆ្នាំរបស់កម្ពុជា ក្នុងទសវត្សចុងក្រោយនេះ យើងពិនិត្យឃើញថា ខ្ពស់ជាងអត្រាកំណើនមធ្យមនៅអាស៊ីអាគ្នេយ៍ ដែលមានតែ១.០ភាគរយ។
រាជធានី-ខេត្ត ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុត គឺភ្នំពេញមាន២,១២៩,៣៧១នាក់ ហើយខេត្តកែប មានប្រជាជនតិចជាងគេបំផុត ៤១,៧៩៨នាក់ ប៉ុណ្ណោះ។ ដង់ស៊ីតេប្រជាជនស្មើនឹង៨៦នាក់ ក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េ នៅឆ្នាំ២០១៩។
អត្រាភេទតាមតួលេខបណ្តោះអាសន្ន នៃជំរឿនប្រជាជន ឆ្នាំ២០១៩ មានបុរស៩៤នាក់ ក្នុងចំណោមស្ត្រី១០០នាក់ ដោយមិនមានការប្រែប្រួលបើប្រៀបធៀបនឹងឆ្នាំ២០០៨។
ការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។ ជំរឿនប្រជាជ ន គឺជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ អំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជន នៅក្នុងប្រទេស៕