(ភ្នំពេញ)៖ បន្ទាប់ពីមានបណ្តាញទំនាក់ទំនង Facebook មួយចំនួន បានលើកយកការកាត់បន្ថយជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SINGAPORE AIRLINES) និងក្រុមហ៊ុនអាកាសចរណ៍ SILKAIR មកកម្ពុជា ដោយភ្ជាប់ជាមួយបញ្ហានយោបាយនោះ, នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យអាកសចរណ៍ស៊ីវិលកម្ពុជា បានអះអាងថា បញ្ហានេះមិនមែនជាបញ្ហានយោបាយទេ គឺដោយសារតែការថមថយ នៃអ្នកធ្វើដំណើរតាមផ្លូវអាកាស ព្រោះភ័យខ្លាចជំងឺ Covid-19 តែប៉ុណ្ណោះ។
លោក ជា អូន បញ្ជាក់ថា ការហោះហើររវាងកម្ពុជាសិង្ហបុរីនេះ បាននិងកំពុងដំណើរការជាដូចធម្មតា គ្រាន់តែកាត់បន្ថយជើងហោះហើរប៉ុណ្ណោះ គឺក្រុមហ៊ុនអាសកាសចរណ៍ហោះហើររវាងកម្ពុជា និងសិង្ហបុរី៣ជើងក្នុងមួយថ្ងៃ គឺព្រឹក ថ្ងៃត្រង់ និងពេលល្ងាច (១សប្តាហ៍២១ជើង) ប៉ុន្តែដល់ពេលមានការផ្ទុះឡើងនៃជំងឺ Covide-19 ធ្វើឲ្យអ្នកដំណើរថយចុះ ហើយការចុះនេះ មានលក្ខណៈជាសាកលមិនមែនមានតែកម្ពុជាទេ ដូច្នេះហើយទើបក្រុមហ៊ុននេះ សម្រេចកាត់បន្ថយជើងហោះហើរ ខ្លះសម្រាប់ពេលថ្ងៃត្រង់ពី១សប្តាហ៍៧ជើង មកនៅត្រឹមតែ៣ ឬ៤ជើងប៉ុណ្ណោះក្នុង១សប្តាហ៍។
តំណាងក្រុមហ៊ុនអាកាសចរណ៍ SILKAIR បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នពីភ្នំពេញទៅសិង្ហបុរី មានការហោះ១ថ្ងៃ៣ជើង ប៉ុន្តែចាប់ពីខែមីនា ដល់ ខែឧសភា ឆ្នាំ២០២០ ក្រុមហ៊ុនសម្រេចកាត់បន្ថយជើងហោះហើរខ្លះប៉ុណ្ណោះ មិនមែនជាការលុបចោលជើងហោះហើរទាំងស្រុងឡើយ ហើយការកាត់បន្ថយនេះ ដោយសារមានការផ្ទុះឡើងនៃជំងឺ Covid-19 ដែលធ្វើឲ្យចំនួនអ្នកដំណើរថមថយចុះ៕