(ភ្នំពេញ)៖ មណ្ឌលផ្សារទំនើបនីមួយៗរបស់ ជីប ម៉ុង រីថែល មានលក្ខណៈពិសេសរៀងៗខ្លួនទាំងរចនាបទស្ថាបត្យកម្មខាងក្រៅ និងការតុបតែងលម្អខាងក្នុង ខុសពីមណ្ឌលផ្សារទំនើបផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។
១៖ មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល (Chip Mong Noro Mall)
រចនាបទរបស់មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល គឺជារចនាបទ ដែលធ្លាប់ទទួលបានរង្វាន់ជាច្រើនរបស់ក្រុមហ៊ុនស្ថាបត្យកម្ម Re-edge architecture។
ផ្នត់គំនិតរចនាបទនេះបានប្រើប្រាស់នូវការរៀបចំដោយប្រើរុក្ខជាតិហ៊ុមព័ទ្ធជុំវិញ និងជារចនាបទអគារមួយ ដែលអាចឲ្យខ្យល់ និងពន្លឺចេញចូលបានល្អ។
ចំណែកឯការតុបតែងខាងក្នុងផ្សារវិញ គឺប្រើប្រាស់រូបភាពលម្អដោយរូបផ្កា និងសត្វមេអំបៅ ដែលធ្វើឲ្យអ្នកដែលបានមកដល់ទីនេះមានអារម្មណ៍ថាស្រស់ស្រាយ និងកាន់តែខិតខ្លួនទៅជិតនឹងធម្មជាតិ។
២. មណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក សេនធើ
ចំពោះរចនាបទរបស់មណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក សេនធើ នេះក៏ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Re-Edge Architecture ដូចគ្នាដែរ។
រចនាបទនេះផ្ដោតសំខាន់ទៅលើភាពល្អប្រណិត និងទំនើបដែលលម្អដោយភ្លើងភ្លឺៗនៅរាល់ជ្រុងកែងខាងក្រៅនៃអគារ។ ចំណែកឯការតុបតែងខាងក្នុងវិញ ក៏មិនមានអ្វីខុសគ្នាខ្លាំងទៅនឹងរចនាបទខាងក្រៅដែរ ពោលគឺការប្រើប្រាស់ភ្លើងលម្អ ដែលនាំអតិថិជនឲ្យចូលទៅក្នុងលម្ហមួយដែលពោរពេញទៅដោយភាពជឿនលឿន និងអនាគតភាព។
៣៖ មណ្ឌលផ្សារទំនើប ជីប ម៉ុង សែនសុខ
មណ្ឌលផ្សារទំនើប ជីប ម៉ុង សែនសុខ មានទីតាំងស្ថិតនៅក្នុងគម្រោង ផាក លែន សែនសុខរបស់ ជីប ម៉ុង លែន នៅតាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី។
រចនាបថ និងការតុបតែងលម្អខាងក្នុងនៃផ្សារទំនើបនេះ គឺផ្ដោតទៅលើការរស់នៅបែបសម័យថ្មី និងពោរពេញដោយពណ៌ និងពន្លឺស្រស់ស្រាយ ធ្វើឲ្យអតិថិជនមានអារម្មណ៍ស្រស់ស្រាយ។ ការរចនាដ៏ទំនើប និងពណ៌ចម្រុះអាចនាំមកនូវភាពសប្បាយរីករាយ ស្រស់បំព្រងដល់អ្នកដែលបានមកដល់ទីនេះ។
៤៖ មណ្ឌលផ្សារទំនើប ជីប ម៉ុង ៥៩៨
ចំណែកឯរចនាបទនៃមណ្ឌលផ្សារទំនើប ជីប ម៉ុង ៥៩៨ នេះមានលក្ខណៈស្រដៀងគ្នាទៅនឹងរចនាបទរបស់ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។
ប៉ុន្តែអ្វីដែលធ្វើឲ្យផ្សារមួយនេះមានភាពខុសប្លែងពីផ្សារទំនើបផ្សេងៗរបស់ ជីប ម៉ុង រីថែល គឺការរចនាដែលបន្សល់ទុកនូវកន្លែងទំនេរជាច្រើននៅក្នុងបរិវេណផ្សារ ដែលអាចឲ្យអតិថិជនចែករំលែកពេលវេលាជាមួយគ្រួសារបានច្រើន។
ដោយសារតែផ្សារទំនើបនេះមានទីតាំងស្ថិតនៅក្នុងគម្រោង ផាក លែន ៥៩៨ របស់ ជីប ម៉ុង លែន ដូច្នេះផ្សារមួយនេះភាគច្រើនផ្ដោតសំខាន់សម្រាប់បម្រើដល់តម្រូវការរបស់សហគមន៍នៃតំបន់នោះ។
៥៖ មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១
ផ្សារទំនើបនេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ជាប់ទៅនឹងគម្រោង លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន។
រចនាបទនៃមណ្ឌលផ្សារទំនើបខ្នាតយក្សនេះផ្ដោតសំខាន់ទៅការនាំអតិថិជនឲ្យកាន់តែខិតជិតធម្មជាតិ ដោយយើងបានចាប់យករចនាបទស្ថាបត្យកម្ម និងការតុបតែងលម្អ ដែលអាចមានពន្លឺចេញចូលបានល្អ ហើយបរិស្ថានក្នុងផ្សារពោរពេញទៅដោយរុក្ខជាតិពណ៌បៃតង ដែលធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងរំសាយទុក្ខកង្វល់ទាំងឡាយ។
អ្វីដែលពិសេសទៅទៀតនោះគឺសួនច្បារនៅលើដំបូលផ្សារទំនើប ដែលអាចឲ្យអតិថិជនអង្គុយលម្ហែកាយ និងធ្វើសកម្មភាពផ្សេងៗបាន។
៦៖ មណ្ឌលផ្សារទំនើប អគារ ជីប ម៉ុង ថោវវើ Fairfield by Marriot
អគារពាណិជ្ជកម្មដ៏ខ្ពស់ស្កឹមស្កៃមួយនេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។ គួបផ្សំជាមួយសណ្ឋាគារលំដាប់ផ្កាយ៤ Fairfield by Marriott ភ្នំពេញ ក្នុងនោះក៏មានមណ្ឌលផ្សារទំនើបមួយទៀតរបស់ ជីប ម៉ុង រីថែល ផងដែរ។ រចនាបទនៃផ្សារទំនើបនេះ គឺមានភាពប្លែកពីរចនាបទទាំង៥ខាងលើ។
ដោយហេតុតែមណ្ឌលផ្សារទំនើបមួយនេះគឺមានទីតាំងនៅក្នុងអគារ ជីប ម៉ុង ថោវវើ ដូច្នេះរចនាបទស្ថាបត្យកម្មរបស់ផ្សារទំនើបនេះគឺស្របទៅតាមរថនាបទនៃអគារ។
ប៉ុន្ដែអ្វីដែលពិសេសនោះគឺការតុបតែងលម្អខាងក្នុង ត្រូវបានយកលំនាំតាមរចនាបទនៃផ្ទះខ្មែរ បូកផ្សំទៅនឹងភាពទំនើប និងច្នៃប្រឌិតដោយប្រើប្រាស់ឈើហ៊ុមព័ទ្ធដោយពន្លឺខ្វាត់ខ្វែង។ នេះជារចនាបទដែលរួមផ្សំទាំងភាពទាន់សម័យ និងប្រពៃណី។
បច្ចុប្បននេះ មណ្ឌលផ្សារទំនើប ជីប ម៉ុង បានបើកដំណើរការបម្រើជូនអតិថិជនបានចំនួន២ហើយ មានដូចជា មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក សេនធើ។
ចំណែកឯកមណ្ឌលផ្សារទំនើបចំនួន៤ទៀតកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់រួមមាន មណ្ឌលផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលជាគម្រោងបន្ទាប់ ដែលត្រៀមនឹងបើកដំណើរការ, មណ្ឌលផ្សារទំនើប ជីប ម៉ុង ៥៩៨, មណ្ខលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២១៧ និងមណ្ឌលផ្សារទំនើប ជីប ម៉ុង មួយទៀតដែលស្ថិតនៅក្នុងអគារ ជីប ម៉ុង ថោវវើ ដែលទើបតែចុះបឋមសិលាសាងសង់កាលពីឆ្នាំ២០១៩កន្លងទៅនេះ៕