(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៤ទៀត សរុបទុនវិនិយោគជិត១០០លានដុល្លារអាមេរិក បង្កើតការងារថ្មីជាច្រើនពាន់កន្លែង។
CDC បានចុះផ្សាយលើ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ JOVIAL CHARM CO., LTD គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩០៩កន្លែង។
២៖ PINYTEX CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ត្បាញក្រណាត់ និងជ្រលក់ពណ៌ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៨.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,៥១៤កន្លែង។
៣៖ BRANWELL INDUSTRIAL (CAMBODIA) COMPANY LIMITED គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខាអគ្គិសនី (ជើងក្រានដុតសាច់-ដុតនំ, ប្រដាប់ផ្លុំសក់-មូរសក់-សំងួតសក់, ប្រដាប់កោររោម, ជក់សម្អាតផ្ទៃមុខ, សម្ភារៈម៉ាស្សាដងខ្លួន-មុខ-ជើង និងត្រាំជើង) ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិផ្តៅពេន និងភូមិសន្តិភាពឃុំត្រាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៧.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៤៣កន្លែង។
៤៖ WON MAJESTIC (CAMBODIA) CO.,LTD គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៣៧៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៦១.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៥៨កន្លែង៕