(ភ្នំពេញ)៖ បញ្ហាខ្វះវត្ថុធាតុដើម ក្នុងវិស័យកាត់ដេរ ដែលត្រូវនាំចូលពីប្រទេសចិន ដោយសារតែការផ្ទុះឡើងនៃវីរុស Covide-19 ធ្វើឲ្យរោងចក្រមួយចំនួននៅកម្ពុជា ប្រឈមនឹងការផ្អាកសកម្មភាពអាជីវកម្ម។
ឆ្លើយតបនឹងការខ្វះខាតវត្ថុធាតុដើមនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាច្រើន ក្នុងនោះមានវិធានការមួយ ដើម្បីសម្រួលបែបបទ ការនាំចូលឲ្យបានឆាប់រហ័ស ត្រូវបានប្រគល់ឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អនុវត្ដឲ្យមានប្រសិទ្ធភាព។
ការដាក់ចេញនូវផែនការនេះ ត្រូវបានលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអះអាងថា អគ្គនាយកដ្ឋានគយនឹងប្រឹងប្រែងឲ្យដល់កម្រិតអតិបរិមា ក្នុងការសម្រួលការនាំចូលវត្ថុធាតុដើម បម្រើដល់វិស័យកាត់ដេរ។
ថ្លែងនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃនេះ លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលស្ថិត នៅក្នុងដែនសមត្ថកិច្ច (គយ) គឺរិះរកមធ្យោបាយ និងអនុវត្ដនូវវិធានការ ដើម្បីជួយសម្រួល ឲ្យបានជាអតិបរិមា ដល់នីតិវិធីបែបបទ ដែលបំពេញយកទំនិញចេញពីគយ ជាពិសេសវត្ថុធាតុដើម សម្រាប់បម្រើដល់វិស័យកាត់ដេរ និងវិស័យតម្លើងផលិតផល ទំនិញផ្សេងៗទៀត»។
អគ្គនាយកគយ និងរដ្ឋាករកម្ពុជារូបនេះបានលើកឡើងថា តួនាទីភារកិច្ចសំខាន់ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាស្នូលប្រមូលពន្ធអាករ ចូលថវិកាជាតិ ទន្ទឹមនឹងនេះ គយក៏មានភារកិច្ច ក្នុងការផ្ដល់នូវកិច្ចសម្រួលពាណិជ្ជកម្មផងដែរ។
លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់ទៀតថា គយបានធ្វើការងារច្រើន ដែលការងារទាំងអស់នោះ គឺស្ថិតនៅក្នុងផែនការសកម្មភាពប្រចាំរបស់ខ្លួន ខណៈការងារមួយចំនួនគយ អនុវត្ដបានសម្រេច និងការងារមួយចំនួនទៀតកំពុងបន្ដ ហើយជាពិសេសក្នុងបរិក្ខារ ដែលកំពុងប្រឈមនេះ គយទទួលបានណែនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចរាល់ផងដែរ។
លោកបណ្ឌិតបានបន្ថែមទៀតថា ក្នុងករណីចាំបាច់ អគ្គនាយករដ្ឋគយ និងរដ្ឋាករកម្ពុជា ក៏នឹងសម្របសម្រួលជាមួយនឹងភាគីពាក់ព័ន្ធ ដែលរួមមានកំពង់ផែស្វយ័ត ក្រុមហ៊ុនដឹកជញ្ជូនជាដើម ដែលយើងអាចនឹងបន្ថែមម៉ោងរដ្ឋបាល ធ្វើយ៉ាងណាទំនិញដែលមកដល់ភ្លាម អាចបញ្ចេញទំនិញចេញពីកំពង់ផែ ដឹកជញ្ជូនទៅរោងចក្របានភ្លាម។
សូមជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ បានចេញលិខិតផ្លូវការមួយ ប្រាប់ឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមកាត់បន្ថយបន្ទុកចំណាយឡូជីស្ទីក និងដឹកជញ្ជូនរបស់ធុរជន។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់អគ្គនាយកដ្ឋានគយ អនុវត្តការងារបន្ទាន់ចំពោះមុខមួយចំនួន ដូចខាងក្រោម៖
១៖ បន្ថែមប្រព្រឹត្តកម្មច្រកបៃតង (Green Lane) លើការនាំចូលវត្ថុធាតុដើមកាត់ដេរ ព្រមទាំងគ្រឿងបំណែក និងគ្រឿងបង្គុំបម្រើផលិតកម្មនៃគម្រោងវិនិយោគនានា ដោយត្រូវសម្រួលឲ្យបានអតិបរិមានូវនីតិវិធី និងបែបបទបញ្ចេញទំនិញពីគយ។ ក្នុងករណីចាំបាច់ អគ្គនាយដ្ឋានគយ អាចអនុវត្តវិធានការផ្ទៀងផ្ទាត់អនុលោមភាពជាក្រោយ រួមមានសវនកម្មក្រោយការនាំចូល ជាដើម។
២៖ សហការជាមួយសមាគមរោងចក្រកាត់ដេរកម្ពុជា ដើម្បីពិភាក្សាជាមួយសមាគមដឹកជញ្ជូនទំនិញ និងជើងសារគយ រកដំណោះស្រាយលើការយកកម្រៃសេវាឲ្យមានតម្លាភាព។ ក្នុងករណីរកឃើញភស្តុតាងជាក់ស្តែងបំប៉ោង ឬកេចបន្លំ ត្រូវមានវិធានការតាមច្បាប់ជាធរមាន។
៣៖ ដើម្បីអនុវត្តចំណុចទី១ ខាងលើឲ្យមានប្រសិទ្ធភាព អគ្គនាយកដ្ឋានគយ ត្រូវសហការ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដូចជាអាជ្ញាធរស្វ័យតកំពង់ផែអន្តរជាតិ និងក្រុមហ៊ុនដឹកជញ្ជូន ជាដើម ដើម្បីធានាថា ការផ្តល់សេវាជាលក្ខណៈពិសេសនេះ ប្រព្រឹត្តទៅដោយរលូន ស៊ីសង្វាក់ និងប្រទាក់ក្រឡាគ្នា ហើយក្នុងករណីចាំបាច់ អាចឯកភាពគ្នាបន្ថែមម៉ោងរដ្ឋបាលបាន ដើម្បីអនុវត្តការងារឲ្យបានឆាប់រស័យ៕