(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជាក់ពីចំណូលគយ ដែលប្រមូលបានសម្រាប់ថវិកាជាតិ ឆ្នាំ២០១៩ ថាមានរហូតដល់៣,២១៥លានដុល្លារអាមេរិក ដែលចំនួននេះលើសផែនការ ក្នុងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ រហូតដល់ជិត១ពាន់លានដុល្លារ។
ការបញ្ជាក់របស់បណ្ឌិត គុណ ញឹម ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបណ្ឌិត គុណ ញឹម បានឲ្យដឹងថា នៅឆ្នាំ២០១៩ ប្រភេទពន្ធសំខាន់ៗ ដែលជំរុញកំណើនចំណូលគយរួមមាន៖ ពន្ធនាំចូល ឬពន្ធគយមាន៥៩៣លានដុល្លារកើនឡើង៣០.៧ភាគរយបើធៀបនឹង ឆ្នាំ២០១៨, អាករពិសេសមានប្រមាណ១,៣២០លានដុល្លារ កើនឡើង៣៣ភាគរយ, អាករលើតម្លៃបន្ថែមប្រមូលបាន ១,១៥៣លានដុល្លារសហរដ្ឋអាមេរិក កើតឡើងជិត២៩ភាគរយ។
លោកបណ្ឌិតបន្ដថា មុខទំនិញដែលជាប្រភពចំណូលសំខាន់ជាងគេ នៅឆ្នាំ២០១៩ រួមមាន យានយន្ដ និងគ្រឿងចក្រ ប្រមូលចំណូលបាន ១,៦៩៣,៧លានដុល្លារមានកំណើនជិត៥០ភាគរយ, ប្រេងឥន្ធនៈ និងថាមពល ជាប្រភេទទំនិញខ្លាំងទី២ ប្រមូលចំណូលពន្ធបាន៥៣៧លានដុល្លារ មានកំណើនជិត១៤ភាគរយ និងទំនិញចម្រុះរួមទាំងគ្រឿងសំណង់ ប្រមូលបាន៩៨៤លានដុល្លារ មានកំណើនប្រមាណ១៤ភាគរយ។
លោកអគ្គនាយកបានបញ្ជាក់ថា «បើគិតជាភាគរយនៃចំណូលសរុប ដែលគយប្រមូលបាន គឺមុខទំនិញទី១ យានយន្ដ និងគ្រឿងចក្រ ដើរតួនាទីប្រមាណ៥២.៧ភាគរយ ដែលជាប្រភពយ៉ាងសំខាន់។ ប្រេងឥន្ធនៈ និងថាមពល ដើរតួនាទីប្រមាណជា១៦.៧ភាគរយ និងទំនិញចម្រុះរួមទាំងគ្រឿងសំណង់ ដើរតួនាទីប្រមាណ៣០.៦ភាគរយ»។
ឆ្លើយតបនឹងក្ដីបារម្ភអំពីការថយមថយ នៃកំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសដោយសារផ្ទុះឡើងនៃជំងឺ Covid-19 និងការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA លោកបណ្ឌិត គុណ ញឹម បង្ហាញនូវក្តីបារម្ភថា អាចនឹងមានឥទ្ធិពលទៅដល់ការប្រមូលចំណូល របស់អគ្គនាយកដ្ឋានគយ ឆ្នាំ២០២០នេះ។
លោកបណ្ឌិតថ្លែងថា «យើងឃើញថា វាអាចប៉ះពាល់ផែនការចំណូលខ្លះ។ សម្រាប់ខែមករា និងកុម្ភៈនេះចំណូលគយ មានផលប៉ះពាល់ខ្លះ តែវាមិនធ្ងន់ធ្ងរណាស់ណាទេ យើងរំពឹងថានឹងស្ដារឡើងវិញ តែវាស្ថិតនៅលើថាតើ Covid-19 វាអូសបន្លាយរយៈពេលណា? បើផុតពីនោះយើងអាចស្ដារឡើងវិញ នៅពេលខ្សែច្រវាក់ផ្គត់ផ្គង់ទាំងពាណិជ្ជកម្ម ទាំងការផលិតសម្រាប់ការនាំចេញ ពេលនោះតម្រូវការនឹងកើនឡើង ហើយការផ្គត់ផ្គង់នឹងកើនឡើង ដូច្នេះចំណូលរបស់យើង ក៏អាចស្ដារឡើងវិញផងដែរ»។
សូមជម្រាបថា តាមផែនការច្បាប់ថវិកាជាតិ សម្រាប់ឆ្នាំ២០២០ តម្រូវឲ្យគយប្រមូលចំណូល ឲ្យបាន២៩០០លានដុល្លារ៕