(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ ប្រជាពលរដ្ឋកម្ពុជាបានចេញទៅទេសចរណ៍នៅក្រៅប្រទេសមានជាង ២លាននាក់ កើនឡើង ២.១% ចំណែកភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្ពុជាមានប្រមាណជាង ៦.៦លាននាក់ កើនឡើង ៦.៦% បើប្រៀបធៀបនឹងឆ្នាំ២០១៨។
ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងនោះ ទីផ្សារទេសចរណ៍មកពីប្រទេសចិនឈរលើលំដាប់ថ្នាក់ទី១ ស្មើនឹង ៣៥.៧% នៃចំនួនទេសចរអន្តរជាតិសរុប កើនឡើង ១៦.៧%។
ក្រសួងទេសចរណ៍បានបញ្ជាក់ក្នុងរបាយការណ៍ទៀតថា ការមកដល់នៃទេសចរអន្តរជាតិទាំងនោះ បាននាំចំណូលចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិប្រមាណ ៥ពាន់លានដុល្លារ កើនឡើង ១២.៤% ដែលបានរួមចំណែក ១២.១% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។
ចំពោះមធ្យោបាយគមនាគមន៍ ដែលភ្ញៀវទេសចរអន្តរជាតិបានមកដល់ប្រទេសកម្ពុជា រួមមាន៖
* តាមផ្លូវអាកាសមាន ៦៦.៦% កើនឡើង ៧.៥%
* តាមផ្លូវគោកមាន ៣១% កើនឡើង ៤.៦%
* តាមផ្លូវទឹកមាន ២.៤% កើនឡើង ៨.៨%។
របាយការណ៍របស់ក្រសួងទេសចរណ៍បានបន្តថា នៅក្នុងឆ្នាំ២០១៩ដូចគ្នា កម្ពុជាក៏មានចលនាទេសចរក្នុងស្រុកប្រមាណ ១១.៣លាននាក់ កើនឡើង ២.៣% ផងដែរ។
ក្រសួងទេសចរណ៍បានអះអាងថា តាមរយៈការទទួលបានភ្ញៀវទេសចរខាងលើនេះ បានផ្ដល់ការងារដល់ប្រជាពលរដ្ឋដោយផ្ទាល់ប្រមាណ ៦៣ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។
សូមជម្រាបថា នាពេលថ្មីៗនេះសម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងឡាយដែលនិយមទៅទស្សនាក្រៅប្រទេស គួរតែប្ដូរមកដើរលេងនៅក្នុងប្រទេសឱ្យបានច្រើនវិញ៕