(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង ការពារជាតិ ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានបន្តផ្តល់ជូនសញ្ញាបត្រ វិញ្ញាបនបត្រ ប័ណ្ណសរសើរ លិខិតសរសើរដល់ និស្សិតនិងសិក្ខាកាមដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៩ដោយផ្ទាល់ នៅសាកលវិទ្យាល័យការពារជាតិ។
មានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើនៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានលើកឡើងអំពីជោគជ័យក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សន្តិភាពបានបង្កើតជាឱកាសមាស សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាលើគ្រប់វិស័យ។
សាកលវិទ្យាល័យការពារជាតិ បានពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាអាទិភាពចម្បង ដើម្បីអនុវត្ត សម្រេចឲ្យបានគោលដៅសំខាន់ ២គឺ ជាថ្នាលបណ្តុះបណ្តាលធនធាន
មនុស្ស ក្នុងវិស័យការពារជាតិ និងជាមជ្ឈមណ្ឌលតម្រង់ទិសគោលជំហរទស្សនៈនយោបាយការពារជាតិ ចំទិសស្របតាមប្រសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី «កងទ័ពជាខឿនការពារជាតិ របស់ប្រជាជន»។
ដោយការប្តេជ្ញាចិត្តនេះហើយ ដែលសាកលវិទ្យាល័យការពារជាតិសម្រេចបានលទ្ធផល កំណែទម្រង់លើការងារគ្រប់គ្រងដឹកនាំបញ្ជា លើកកម្រិតបណ្តុះបណ្តាលបុគ្គលិកយោធាចារ្យ សម្រេចបានប្រកបដោយ ប្រសិទ្ធិភាព និងសក្តិសិទ្ធភាពលើការងារបណ្តុះបណ្តាល។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា បានថ្លែងនូវការកោតសរសើរចំពោះការខឹតខំប្រឹងប្រែងសិក្សា រៀនសូត្ររបស់ក្មួយៗគ្រប់វគ្គសិក្សាដំណើរការដោយជោគជ័យ ហើយសង្ឃឹមថា ក្រោយពេល បញ្ចប់ការ សិក្សាពីសាកលវិទ្យាល័យការពារជាតិទៅក្មួយៗនឹងយកចំណេះដឹងអំពីវិទ្យាសាស្ត្រយោធា វិទ្យាសាស្ត្រ នយោបាយ វិទ្យាសាស្ត្រសង្គម បច្ចេកវិទ្យាយោធា និងភាសា ទៅបំរើកងឯកភាព ជាពិសេសក្មួយៗជាប្រភព បន្តវេនត្រូវចងចាំ និងបន្តផ្សព្វផ្សាយឯកសារប្រវត្តិសាស្ត្រសំខាន់២ ដែលសាកលវិទ្យាល័យការពារជាតិបាន បណ្តុះបណ្តាលបន្ថែមនោះ គឺចំណេះដឹងប្រវត្តិសាស្ត្រអំពី ខួប៤២ឆ្នាំ នៃដំណើរឈានឆ្ពោះទៅរំដោះប្រជាជនពីរបប ប្រល័យពូជសាសន៍ ប៉ុលពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលសម្តេចតេជោ ហ៊ុន សែន យកជីវិត ទៅប្តូរដើម្បីផ្តួលរំលំរបបប៉ុលពត និងឯកសារនយោបាយ ឈ្នះ! ឈ្នះ! របស់សម្តេចតេជោ ហ៊ុន សែន (២៩ ធ្នូ ១៩៩៨) ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិមកដល់បច្ចុប្បន្ន។
វិមាន ឈ្នះ! ឈ្នះ! និងការបង្កើតតំបន់ប្រវត្តិសាស្ត្រយោធាជាច្រើនកន្លែងទៀត គឺជានិមិត្តរូបជាប្រវត្តិសាស្ត្រនៃថ្ងៃ បញ្ចប់សង្រ្គាមស៊ីវិលនិងទទួលបានសន្តិភាពពេញលេញនៅកម្ពុជា តាមរយៈនយោបាយ ឈ្នះ! ឈ្នះ! របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ អរគុណ! សន្តិភាព។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា បានបន្ថែមថា ចំណេះដឹងទាំងអស់ខាងលើនេះជាទ្រព្យដ៏មានតម្លៃ ដែលក្មួយៗទទួលបានត្រូវយកទៅអនុវត្ត ក្នុងការដឹកនាំបញ្ជាកងឯកភាពបានកាន់តែល្អ ក្នុងការដឹកនាំ បំពេញភារកិច្ចការពារជាតិ មាតុភូមិ ចូលរួមថែរក្សាសន្តិភាព ប្រឆាំងដាច់ខាតចលនាឧទ្ទាម ចលនាបដិវត្តន៍ពណ៌ ដែលមានចរិកប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត។ ត្រូវស្មោះត្រង់ដាច់ខាតការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕