(បន្ទាយមានជ័យ)៖ ស្របពេលដែលរោងចក្រមួយចំនួន នៅប្រទេសកម្ពុជា កំពុងខ្វះវត្ថុធាតុដើមដែលនាំចូលមកពីប្រទេសចិន ហើយប្រឈមនឹងការបិទទ្វារ បណ្ដោះអាសន្ននោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ភាគីចិន ចង់ឲ្យមានការដឹកជញ្ជូនក្រណាត់ តាមរយៈយន្ដហោះ មកកម្ពុជាផ្ទាល់តែម្ដង។
ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិលេខ៥៨ ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ រួមជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
បញ្ហាប្រឈមនឹងការកង្វះវត្ថុធាតុដើម ដែលនាំចូលមកពីប្រទេសចិននេះ ក៏ដោយសាររោងចក្រមួយចំនួននៅប្រទេសចិន ត្រូវបានបិទទ្វារ ក្រោយមានផ្ទុះវីរុសកូរ៉ូណា ឬ Covid-19 ដែលធ្វើឲ្យមានការរីករាលដាលជាបន្ដបន្ទាប់ ហើយមិនមែនតែកម្ពុជានោះទេ ដែលប្រឈមនឹងការបិទទ្វាររោងចក្រ ពោលនៅប្រទេសជាច្រើនផ្សេងទៀត បានបិទទ្វាររួចទៅហើយដោយសារតែកង្វះវត្ថុធាតុដើម។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «៦០ភាគរយនៃសាច់ក្រណាត់នៅកម្ពុជា ត្រូវយកពីចិន ចឹងខ្ញុំសង្ឃឹមថា ឯកឧត្តម វ៉ាង វិនធៀន នឹងចូលរួមចំណែកដើម្បីជួយសម្រាប់ឲ្យរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន បញ្ជូនតាមនាវាក្ដី ហើយខ្ញុំគិតថាមិត្តចិនអាចធ្វើទៅបាន ហើយកម្ពុជាក៏អាច នឹងខិតខំធ្វើទៅបាន ប្រសិនបើសាច់ក្រណាត់ខ្លះ ត្រូវដឹកតាមយន្ដហោះក៏ត្រូវតែដឹក ដើម្បីសង្គ្រោះកុំឲ្យបិទរោងចក្រនៅកម្ពុជា»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន សំណើនេះសម្ដេចគិតថា ភាគីចិនអាចធ្វើទៅបាន ព្រោះយន្ដហោះចិនមានច្រើនគ្រឿង ដូច្នេះមានតែជម្រើសដឹកជញ្ជូន តាមយន្ដហោះទេ ទើបអាចសង្គ្រោះកុំឲ្យកម្មករ កម្មការិនីរបស់កម្ពុជា ពីការបិទទ្វាររោងចក្រ ដោយសារបញ្ហាខ្វះវត្ថុធាតុដើមនេះបាន។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុងអំឡុងពេលនេះ សម្រាប់រោងចក្រដែលនៅសល់វត្ថុធាតុដើមច្រើន មិនជាបញ្ហានោះទេ ពោលបញ្ហាសម្រាប់តែ រោងចក្រដែលនៅសល់វត្ថុធាតុដើមបន្ដិចបន្ដួចប៉ុណ្ណោះ។ ត្រង់ចំណុចនេះ សម្ដេចបានគូសបញ្ជាក់ថា វត្ថុធាតុដើមដែលដឹកតាមកប៉ាល់ គឺនៅតែបន្ដដឹកដដែល ប៉ុន្ដែគ្រាន់តែបន្ថែមមធ្យោបាយ ខណៈកម្ពុជាក៏អាចនឹងជួលយន្ដហោះទៅដឹកវត្ថុធាតុដើមនេះផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ពេលនេះកុំឲ្យប្រទេសចិនជួបការលំបាក បើចិនជួបការលំបាកប្រទេសផ្សេងៗ ក៏នឹងជួបការលំបាកដូចគ្នា ដូចជាគ្រឿងបង្គុំរថយន្ដ នៅក្នុងប្រទេសចិន ហើយប្រសិនបើមិនអាចយកចេញបានទេ អាចនឹងធ្វើឲ្យប្រទេសមួយចំនួនចាប់ផ្ដើមផ្អាកសង្វាក់ផលិតកម្មដូចគ្នា។
ក្រៅពីវិស័យឧស្សាហកម្មហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បញ្ហាមួយទៀត គឺរង្គើទេសចរណ៍នៅលើពិភពលោកតែម្ដង ព្រោះទេសចរណ៍ចិន ក្នុងមួយឆ្នាំ១០០លាននាក់ ធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសក្រៅ។ ដូច្នេះសណ្ឋាគារ ភោជនីយដ្ឋាន ដែលធ្លាប់ទទួលទេសចរណ៍ចិន នឹងត្រូវបញ្ហាប្រឈមការខ្វះភ្ញៀវ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សូម្បីតែកម្ពុជា ខណៈកម្ពុជាមិនបិទទេសចរណ៍ចិនទេ ប៉ុន្ដែចិនប្រុងប្រយ័ត្នក្នុងពេលដែលចេញដំណើរ ដូច្នេះគ្រាន់តែវិស័យទេសចរណ៍កម្ពុជា សម្រាប់ទេសចរណ៍ចិនធ្លាក់ដល់៩០ភាគរយ ហើយសង្ឃឹមថា មិត្តចិននឹងហក់ឡើងវិញនូវទេសចរណ៍ចិននៅពេលក្រោយ ព្រោះចិនត្រូវបានគេរើសអើងនៅប្រទេសដ៏ទៃ ប៉ុន្ដែមិនត្រូវបានរើសអើងនៅកម្ពុជាទេ។
ដូច្នេះបន្ទាប់ពីសេដ្ឋកិច្ចចិន និងស្ថិរភាព នៃបញ្ហាជំងឺកូរ៉ូណានេះរួចហើយ ទេសចរណ៍ចិននឹងតម្រង់មកកម្ពុជា នេះជាចំណុចដែលយើងត្រូវឃើញ អំពីចំណងទំនាក់ទំនង ហើយការសម្រេចិត្តមិនបិទជើងហោះហើរ មិនជម្លៀសនិស្សិតកម្ពុជា និងពលរដ្ឋកម្ពុជា នៅក្នុងប្រទេសចិន ត្រឡប់មកកម្ពុជាវិញ សម្ដេចគិតថា មិនមែនគ្រាន់តែជាការត្រូវធម្មតាទេ គឺមហាត្រឹមត្រូវតែម្ដង៕