(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា គិតចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ខែមករា ឆ្នាំ២០២០ ធនាការអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ចំនួន១៧២ ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ៣៤៨៥លានដុល្លារ ក្នុងនោះមានឥណទានសម្បទានចំនួនប្រមាណ ២៩៨៣លានដុល្លារ និង ហិរញ្ញប្បទានឥតសំណងមានចំនួនប្រមាណ ៥០២លានដុល្លារ។
នាល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោក អាន់តូនី ម៉ាក់ដូណាល (Mr. Anthony McDonald) នាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណង៖
*ទី១ ៖ ធ្វើការពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរ រវាងកម្ពុជា និង ADB
*ទី២ ៖ ធ្វើការផ្លាស់ប្តូរទស្សនៈយោបល់អំពីសភាពការណ៍វិវត្តន៍ថ្មីៗ ព្រមទាំងបញ្ហាប្រឈមជាសកល និងតំបន់មួយចំនួន និង *ទី៣ ៖ ធ្វើការស្វែងយល់បន្ថែមពីសភាពការណ៏ជាក់ស្តែងនៃការរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា។
រដ្ឋលេខាធិការប្រចាំ វង្សី វិស្សុត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញទស្សនកិច្ចការងារនៅកម្ពុជារបស់គណៈប្រតិភូ ADB ហើយបានសម្តែងនូវអំណរគុណចំពោះ ADB ដែលបានអនុម័តឯកសារយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ (CPS) ដែលជាក្របខ័ណ្ឌយុទ្ធសាស្រ្តរួមមួយ ដែលមានទឹកប្រាក់ប្រមាណ ១៤៥០លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ ដែលឆ្លើយតបកាន់តែប្រសើរឡើងទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍរបស់កម្ពុជា ពិសេសក្នុងការសម្រេចបាននូវគោលដៅក្លាយ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយយុទ្ធសាស្រ្តនេះក៏ស្របជាមួយនឹងក្របខ័ណ្ឌយុទ្ធសាស្រ្តរយៈពេលវែង ២០៥០ របស់ ADB ផងដែរ។
ទន្ទឹមនេះ រដ្ឋលេខាធិការប្រចាំការ ក៏បានជម្រាបគណៈប្រតិភូ ADB អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានប៉ាន់ស្មានថា នឹងអាចសម្រេចបានកំណើនក្នុងរង្វង់ប្រមាណ ៦% នៅ ក្នុងឆ្នាំ២០២០ ព្រមទាំងអំពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២០ ដែលនៅតែមានលក្ខណៈរឹងមាំ ទោះបីសេដ្ឋកិច្ចកម្ពុជា ត្រូវបានជួបប្រទះបញ្ហាប្រឈម និងហានិភ័យកាន់តែច្រើនពីខាងក្រៅក្តី។
ក្នុងក្របខ័ណ្ឌខាងលើនេះ រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច និងបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដូចដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ អំពីវិធានការរបស់រារដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺ Covid-19 និងការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួន ក្រោមកម្មវិធីទំនិញគ្រប់មុខលើកលែងតែអាវុធ (EBA)។
ការដាក់ចេញនូវវិធានការជុំទី១ នេះ ដើម្បីជួលសម្រាលផលប៉ះពាល់ និងគាំទ្រដល់វិស័យដែលប៉ះពាល់ខ្លាំង ដូចជាវិស័យទេសចរណ៍, វិស័យកាត់ដេរ និងវិស័យអចលនទ្រព្យ និងដើម្បីការពារការងារ ចំពោះអ្នក ដែលមានការងារធ្វើស្រាប់, បន្តខិតខំបង្កើតការងារថ្មីៗចំពោះអ្នកដែលមិនទាន់មានការងារធ្វើ និងជួយដល់អ្នកដែលអាចបាត់បង់ការងារធ្វើ ព្រមទាំងដើម្បីទ្រទ្រង់កំណើនផងដែរ។
រាជរដ្ឋាភិបាលនឹងបន្តតាមដានកិច្ចការនេះជាប់ជាប្រចាំ ដើម្បីធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០ ពោលគឺធ្វើយ៉ាងណាឱ្យកំណើនមានចិរភាព, សេដ្ឋកិច្ចកម្ពុជានៅតែខ្លាំង ហើយបើទោះបីជាសេដ្ឋកិច្ចកម្ពុជាអាចនឹងថមថយខ្លះនៅក្នុងរយៈពេលខ្លី តែសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញកាន់តែខ្លាំងជាងមុន នៅក្នុងរយៈពេលវែង។
លោក អាន់តូនី ម៉ាក់ដូណាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអបអរសាទរ ចំពោះជោគជ័យដ៏ធំធេងរបស់កម្ពុជាក្នុងការបន្តរក្សា និងជំរុញកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាព ពោលគឺរាជរដ្ឋាភិបាល កម្ពុជាមានគោលនយោបាយត្រឹមត្រូវ ក្នុងការអភិវឌ្ឍន៍ប្រទេស និងការកាត់បន្ថយភាពក្រីក្រ។
លោកក៏បានជម្រាបថា ADB កំពុងអនុវត្តយុទ្ធសាស្រ្ត២០៣០ តាមរយៈការដាក់ឱ្យអនុវត្តនូវផែនការសកម្មភាពអាទិភាពមួយចំនួន ក្នុងនោះ រួម មាន៖
*ទី១ ៖ ការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធ
*ទី២ ៖ ការកសាងធនធានមនុស្សតាមរយៈការវិនិយោគលើវិស័យអប់រំ និងសុខាភិបាល, ពុទ្ធិ និងភាពច្នៃប្រឌិត
*ទី៣ ៖ ការពង្រីកកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់ ដូចជាមហាអនុតំបន់មេគង្គ។
យុទ្ធសាស្រ្ត២០៣០ នេះ គឺមានលក្ខណៈស្របគ្នាទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងយុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធ គ្រប់គ្រង ការវិនិយោគសាធារណៈ ២០១៩-២០២៥ របស់រាជរដ្ឋាភិបាល។
រដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ADB ដែលជាដៃគូដ៏ស្មោះត្រង់ និងមានតួនាទីដ៏សំខាន់នៅក្នុងការចូលរួមចំណែកដល់កិច្ចអភិវឌ្ឍនៅកម្ពុជា និងជូនពរលោក អាន់តូនី ម៉ាក់ដូណាល និងសហការីឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការងាររបស់ខ្លួន៕