(ព្រះវិហារ)៖ សាកលវិទ្យាលយ័កសិកម្ម បានដឹកនាំនិស្សិត ៣ជំនាន់រួមមាន និស្សិតឆ្នាំទី២ ជំនាន់ទី១៩ និស្សិតឆ្នាំទី៣ ជំនាន់ទី១៨ និងនិស្សិតឆ្នាំ៤ ជំនាន់ទី៤ ជំនាន់ទី១៧ សរុបប្រមាណ ១៣០នាក់ បានចុះធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវពីវិស័យកសិកម្ម ក៏ដូចជាសក្តានុពលរបស់ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា ក្នុងនាមមន្ទីរកសិកម្មខេត្ត លោកសូមស្វាគមន៍ចំពោះវត្តមានលោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង មហាវិទ្យាល័យ កសិកម្ម និងអភិវឌ្ឍន៍ជនបទ ក៏ដូចជា កម្មសិក្សាការីទាំងអស់ដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃ ចុះមកផ្ទាល់ដល់ដែនដីខេត្តព្រះវិហារ ដែលជាខេត្តមួយមានការអភិវឌ្ឍន៍ រីកចម្រើនលើកផ្នែកកសិកម្មនិងធនធានធម្មជាតិដ៍សំបូរបែប។
លោកប្រធានមន្ទីរកសិកម្ម បានថ្លែងទៀតថា ការចុះកម្មសិក្សាស្រាវជ្រាវរបស់ប្អូនៗ និស្សិតនៅពេលនេះ ក្នុងនាមមន្ទីរកសិកម្ម គឺបានចែករំលែកបទពិសោធន៍ពីការចងក្រងរៀបចំសហគមន៍កសិកម្ម ក្នុងទស្សនះវិស័យ «កសិករនៅខេត្តព្រះវិហារមានជីវភាពធូរធា រស់នៅប្រកបដោយភាពរុងរឿងនិងសេចក្តីថ្លៃថ្នូរ» និងបានបង្ហាញពីសកម្មភាពរបស់មន្ទីរកសិកម្ម ដែលបានគាំទ្រការអភិវឌ្ឍន៍ សមត្ថភាព ជួយពង្រឹងគុណភាព ផលិតផលស្របតាមតម្រូវការទីផ្សារនិងគាំទ្រទីផ្សារដល់កសិករជាសមាជិក។
ជាមួយគ្នានោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានបង្ហាញពីមុខដំណាំដែលមានសក្តានុពល ផ្នែកវិសយ័កសិកម្មសំខាន់ៗមានដូចជា ស្រូវសរីរាង្គ ដំឡូងមីសរីរាង្គ ស្វាយចន្ទី ចំការកៅស៊ូ.......ដោយជម្រុញអោយប្រជាសហគមន៍អនុវត្តកសិកម្មតាមកិច្ចសន្យា។
លោក ពឹង ទ្រីដា បានគូសបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិតមកពីមហាវិទ្យាល័យសេដ្ឋកិច្ច កសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាលយ័ភូមិន្ទកសិកម្ម (ចំការដូង) នៅពេលនេះ គឺដើម្បីសិក្សាបំពេញក្រេឌីត ដែលមានក្នុងកម្មវិធីរបស់មហាវិទ្យាល័យ ដែលអាចឲ្យនិស្សិត ធ្វើការសិក្សាស្វែងយល់ ដកស្រង់នូវបទពិសោធន៍ ជាក់ស្តែង ដែលកើតមាននៅមូលដ្ឋានផ្ទាល់ និងផ្សារភ្ជាប់ទ្រឹស្តីដែលបានសិក្សានៅក្នុងមហាវិទ្យាលយ័កន្លងមក ពិសេសសិក្សាជាក់ស្តែងផ្តោតលើផលិតកម្មដំណាំកៅស៊ូ ដំណាំស្វាយចន្ទី និងខ្សែចង្វាក់ផលិតកម្មកែឆ្នៃជរ័កៅស៊ូក្រែប៕