(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោកស្រី Marianne Hagen អនុរដ្ឋមន្ត្រី ក្រសួងការបរទេសប្រទេសន័រវែស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់រដ្ឋាភិបាល និងប្រជាជនន័រវែស ដែលបានផ្តល់ការគាំទ្រ និងចូលរួមចំណែកជាមួយរាជរដ្ឋា ភិបាលកម្ពុជាក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ផ្តល់ដីជូនប្រជាពលរដ្ឋ ដើម្បីបង្កបង្កើន ផលប្រកបដោយសុវត្ថិភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។
លោកស្រី Marianne Hagen ក្នុងនាមរាជរដ្ឋាភិបាលប្រទេសន័រវែស បានកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យមីន និងបានថ្លែងនូវអំណគុណចំពោះ រដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ដែលបានផ្តល់នូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ហើយរាជរដ្ឋាភិបាលន័រវែសប្តេជ្ញានឹងបន្តជួយវិស័យសកម្មភាពមីននៅកម្ពុជា។
ប្រទេសន័រវែស តាមរយៈអង្គការអិភីអេ គឺជាម្ចាស់ជំនួយដ៏ធំមួយដែលបាន និងកំពុងជួយដល់កម្ពុជាលើការងារបោសសម្អាតមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងគម្រោងកសាងសមត្ថភាព ដល់អាជ្ញាធរមីនផងដែរ។
សូមបញ្ជាក់ នៅក្នុងឆ្នាំ២០១៩ ផ្ទៃដីប្រមាណ ១៣០គីឡូម៉ែត្រក្រឡា ត្រូវបានរំដោះ ព្រមទាំងរកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១៥.៨០៨ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៣៤២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៥៥.៣០៦ គ្រាប់។
អត្រាជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួន ៧៧នាក់ ក្នុងនោះរងគ្រោះថ្នាក់ដោយសារមីន ២៣នាក់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ៥៤នាក់ ដែលបណ្តាលឲ្យស្លាប់ ១២ នាក់។
ដោយឡែក ដើមឆ្នាំ២០២០ ចាប់ពីខែមករា ដល់ត្រឹមថ្ងៃទី២៤ ខែកុម្ភៈនេះ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៥នាក់ ក្នុងនោះស្លាប់ ២នាក់ តួលេខនេះ បង្ហាញថាបានថយចុះ ៧៧ភាគរយ បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នាពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានជនរងគ្រោះរហូតដល់ ២២នាក់៕