(សៀមរាប)៖ វិនិយោគិនកម្ពុជា-ជប៉ុន បានពួតដៃគ្នាសាងសង់កន្រ្ដកវិលធំមួយ ដែលមានកម្ពស់ជិត ៩០ម៉ែត្រ និងចំណាយទុនប្រមាណជាង ៧លានដុល្លារ។ ការសាងសងកន្រ្ដកវិលនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យត្រឡប់មកលេងខេត្តសៀមរាបឲ្យបានច្រើនបន្ថែមទៀត។
លោក Take Shinomiya នាយកប្រតិបត្តិនៃក្រុមហ៊ុន CQ Amenic Co បានឲ្យដឹងថា «ជាគោលដៅរបស់ខ្ញុំ គឺធ្វើការអភិវឌ្ឍន៍អាជីវកម្ម សួនកម្សាន្តនៅអាស៊ី ដើម្បីផ្តល់ភាពរីករាយដល់កុមារ កន្លងមកខ្ញុំបានទៅកាន់ប្រទេសអាស៊ីជាច្រើន ដើម្បីស្វែងរកទីតាំងដ៏សមស្រប តែជាការកត់សម្គាល់ខ្ញុំរកឃើញថា នៅកម្ពុជាពុំទាន់មាន សេវាកម្សាន្តគ្រប់គ្រាន់សម្រាប់កុមារ និងមនុស្សវ័យក្មេងនៅឡើយទេ ដូច្នេះខ្ញុំបានចាប់ផ្តើមគិត អំពីការផ្តល់សេវាសួនកម្សាន្តនៅកម្ពុជា ដែលអាជីវកម្ម ទេសចរណ៍គឺជាឧស្សាហកម្មដ៏សំខាន់មួយ»។
លោកបានបន្ដថា យើងធ្លាប់បានធ្វើការវិនិយោគលើកដំបូង នៅប្រទសកម្ពុជា លើគម្រោងសួនកម្សាន្តផ្សារអ៊ីអនម៉លសែនសុខ ហើយក៏បានសម្រេចការសាងសង់ ក្នុងទឹកដីអង្គរដែលមានភាពល្បីល្បាញលើសាកលលោកក្នុងឆ្នាំនេះ។
លោក Take Shinomiya បានថ្លែងថា បច្ចប្បន្ននេះក្រុមហ៊ុនមានកន្រ្តកវិល១៣កន្លែង ហើយគម្រោងកន្ត្រកវិលអង្គរអាយជាគ្រោងទី១៤ ដែលក្រុមហ៊ុនទទួលបានឱកាសវិនិយោគ។ កន្រ្តកវិលអង្គអាយនឹងទាកទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាទីក្រុងសៀមរាប យ៉ាងច្រើនកុះករ។
លោកបញ្ជាក់ទៀតថា គម្រោងកន្ត្រកវិលអង្គរអាយ មានកម្ពស់៨៥ម៉ែត្រផុសពីដី អាចផ្ទុកមនុស្សបាន១៩២នាក់ និងមានរយៈពេល១៨នាទីក្នុងមួយជុំ។
លោក ម៉េង ហៀង អគ្គនាយកក្រុមហ៊ុនអង្គរអាយ បានឲ្យដឹងថា «ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ដែលបាននាំមកការចាប់ផ្តើម ភាពទាក់ទាញថ្មីប្លែក ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា កន្ត្រកវិលអង្គរអាយ នឹងក្លាយជានិមត្តរូបមួយ ដើម្បីលើកស្ទួយភាពទាក់ទាញ ជាប្រវត្តិសាស្ត្រផ្សេងៗ ក្នុងខេត្តសៀមរាប»។
លោកបន្តថា កន្ត្រកវិលនេះធ្វើឡើង ដោយសហការជាមួយជប៉ុន ហើយជប៉ុនជាអ្នកវិនិយោគដ៏ត្រឹមត្រូវ និងបានគិតគូរពីសុវត្ថិភាពជាចម្បង ជាក់ស្ដែងកន្ត្រកវិលដ៏ធំមួយនេះក៏ត្រូវបានធានាសុវត្ថិភាព១០០ភាគរយ ដែលវាអាចទប់ទល់ បានជាមួយនឹងគ្រោះរញ្ជួយផែនដីបានទៀតផង ៕