(ភ្នំពេញ)៖ ដោយការយកចិត្តទុកដាក់ ចំពោះបងប្អូនអាជីវករដែលបាន និងកំពុងប្រកបរបររកស៊ីលក់ដូរនៅក្នុងផ្សារអូរឬស្សី អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឲ្យការជួសជុល ឡៅតឿផ្សារអូរឬស្សី ដែលមានសភាពប្រេះស្រាំ បើកដំណើរការឲ្យបានលឿន ដោយហេតុថា បើទុកយូរបន្តទៀត អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករដែលលក់ដូរ ក្នុងផ្សារអតិថិជន និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបើកកិច្ចប្រជុំគណៈកម្មការចំពោះកិច្វពិនិត្យផ្សារអូរឬស្សី ហើយក្រោយបញ្ចប់កិច្ចប្រជុំនោះ លោកអភិបាលរាជធានី ក៏បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅក្នុងផ្សារផងដែរ។
ក្នុងកិច្ចប្រជុំនោះ បានប្រកាសពីសមាសភាពគណៈកម្មការចំពោះកិច្ចពិនិត្យផ្សារអូរឬស្សី ដែលគណៈកម្មការនេះមានលោក ឃួង ស្រេង ជាប្រធាន និងមានអភិបាលរងរាជធានី ៤រូប ជាអនុប្រធាន ដើម្បីជំរុញការងារមួយចំនួននៅក្នុងផ្សារនេះ រលូន និងល្អប្រសើរទាំងការជួសជុលផ្សារ ការរៀបចំតូបលក់ដូរបណ្តោះអាសន្ន ខណៈតូបលក់ដូរមួយចំនួនធ្វើការជួសជុលកែលម្អរឡើងវិញ ជាមួយនិងការវិនិយោគផ្សេងៗទៀត។
តូបលក់ដូរបណ្តោះអាសន្នសម្រាប់បងប្អូនអាជីវករផ្សារអូរឬស្សី ដែលត្រូវជួលជុលតូបក្នុងផ្សារនេះ មានទីតាំងនៅលើបណ្តោយផ្លូវ១១១ ជាប់ខាងកើតផ្សារអូរឬស្សីនេះតែម្តង ដោយមកដល់ពេលនេះ ការសាងសង់តូបលក់ដូរបណ្តោះអាសន្ននេះស្ទើររួចរាល់១០០ភាគរយហើយ ហើយអ្វីដែលជាគម្រោងនៅថ្ងៃទី០៥ មិនា ២០២០ខាងមុខនេះ អាជីវករអាច មកលក់ដូរបានហើយ ដែលមានតូបចំនួន១៧០តូប។
បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីពាក់កណ្តាលខែធ្នូ ២០១៩នេះ បានបញ្ជាក់ថា បច្ចុប្បន្នសំណង់អគារផ្សារអូរឬស្សីមានលក្ខណៈរឹងមាំ និងមានគុណភាព ប្រើប្រាស់យូរអង្វែង។
ដោយឡែក តែសំណង់ឡៅតឿប៉ុណ្ណោះដែលមានសភាពបែកប្រេះស្រាំដោយអន្លើ ប្រសិនបើទុកយូរបន្តទៀត អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាពិសេសអាជីវករលក់ដូរក្នុងផ្សារ អតិថិជន និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។ ដូចនេះ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងចៀសវាងរាល់ហានិភ័យដែលកើតមានឡើងជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យបងប្អូនអាជីវករដែលកំពុងលក់ដូរនៅលើឡៅតឿក្រោមឡៅតឿ និងជុំវិញបរិវេណទីតាំងនេះទាំងអស់ ផ្ទេរការលក់ដូរជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី ទៅទីតាំងថ្មីនៅក្រៅផ្សារតាម កាលបរិច្ឆេទដែលបានគ្រោងទុក ដើម្បីបង្កលក្ខណៈឱ្យក្រមការងារបច្ចេកទេសសំណង់ ធ្វើការជួសជុលឡើងវិញជាបន្ទាន់ និងឆាប់រួចរាល់ ដើម្បីឱ្យបងប្អូនអាជីវករបានត្រឡប់ចូល មកលក់ដូរនៅកន្លែងដើមវិញប្រកបដោយសុវត្ថិភាព និងសោភ័ណ្ឌភាព៕