(កំពត)៖ ក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានបើកវគ្គផ្សព្វផ្សាយស្ដីពី «ច្បាប់សំណង់» ដែលរៀបចំនៅអគារ A សាលប្រជុំសាលាខេត្តកំពត។
ក្រោមការអញ្ជើញចូលរួមពីសំណាក់លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការតំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ជាវ តាយ អភិបាលខេត្ត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ព្រមទាំងអ្នកពាក់ព័ន្ធជាមន្ត្រីរាជ ការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងវិស័យរដ្ឋ និងឯកជនជាច្រើនរូប។
លោកអភិបាលខេត្ត ជាវ តាយ បានលើកបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺប្រទេសជាតិទាំងមូល ទទួលបាននូវសុខសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឲ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។
ដោយឡែកសម្រាប់ខេត្តកំពត ប្រជាពលរដ្ឋមានជីភាពរស់នៅកាន់តែល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកទីផ្សារអចលនទ្រព្យ កាន់តែមានតម្លៃខ្ពស់ សំណង់ធំៗជាច្រើនមានការ សាងសង់ឡើង ពិសេសនៅក្នុងក្រុងកំពត និងស្រុកទឹកឈូ រួមទាំងតំបន់ទីប្រជុំជននៅតាមបណ្ដាស្រុក ដទៃទៀតផងដែរ។
ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ ខេត្តកំពតបានបង្កើតគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងសំណង់ ដោយមានកិច្ចសហការចូលរួមពីគ្រប់ជំនាញពាក់ព័ន្ធ ធ្វើឲ្យវិស័យសំណង់ក្នុងខេត្ត មានសន្ទុះរីកចម្រើន និងមានលក្ខណៈល្អប្រសើរ។ ជាលទ្ធផល រដ្ឋបាលខេត្ត ក្រុង ស្រុក បានចេញលិខិតអនុញ្ញាតសាងសង់ បានចំនួន ២៣៨គម្រោង ដែលមានផ្ទៃក្រឡាសរុប៩០.២៩៩ម៉ែត្រការ៉េ, ទុនវិនិយោគសរុប ៣១៨៧៣០០ដុល្លារអាមេរិក បើប្រៀបធៀប ទៅនឹង ឆ្នាំ២០១៨ មានកំណើន៨០% ដោយមានត្រឹមតែ ១៤២ គម្រោង មានផ្ទៃក្រឡា សរុប ៥២.០០៨ ម៉ែត្រការ៉េ មានទុនវិនិយោគ ១៧.៧២២.៥៨៦ ដុល្លារអាមេរិក។
ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ លាង មុនីរិទ្ធ បានថ្លែងថា បច្ចុប្បន្នកម្ពុជាយើង ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃកម្ពុជា បានធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ដោយឡែក ក្នុងវិស័យសំណង់ ទុនវិនិយោគមានកំណើនជាទៀងទាត់ និងនៅតែបន្តរីកចម្រើនជាលំដាប់។ ជាពិសេសការសាងសង់សំណង់ធំៗ ខ្ពស់ៗ ដែលសន្ទុះនៃការរីកចម្រើន របស់វិស័យសំណង់នេះ បានទាមទារតម្រូវការ នៃការពង្រឹងការគ្រប់គ្រង រាល់ដំណើរការ និងប្រតិបត្តិការក្នុងវិស័យសំណង់ រួមជាមួយអ្នកពាក់ព័ន្ធជុំវិញការងារ សំណង់កាន់តែមានភាពចាំបាច់ជាសាវ័ន្ត។
ព្រោះសំណង់កាន់តែធំ កាន់តែខ្ពស់ នឹងកាន់តែស្មុគស្មាញ កាន់តែទាមទារឱ្យការអនុវត្តបានត្រឹមត្រូវ តាមបទដ្ឋានគតិយុត្តបច្ចេកវិទ្យាស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាភាពរឹងមាំ គុណភាព សោភ័ណភាព និងចីរភាពនៃសំណង់ រៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល( digital) ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហ៍កម្មទី៤ផង និងដើម្បីលើកតម្កើងអត្តសញ្ញាណជាតិ និងសុខដុមរមនានៅក្នុងសង្គមផង។
ដូច្នេះដើម្បីឆ្លើយតបនឹងតម្រូវការនេះយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុ វិស័យកម្ពុជា ឆ្នាំ២០៥០ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ២០១៩-២០២៣ និងគោលនយោបាយជាតិ ស្ដីពីការរៀបចំទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១១ បានកំណត់ឲ្យរៀបចំច្បាប់ ស្ដីពីសំណង់។
ច្បាប់នេះ ក្នុងគោលបំណងធានាគុណភាពសន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខមាលភាព របស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណៈជន ព្រមទាំងសោភ័ណភាព និងបរិស្ថានល្អ សម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខមាលភាពសាធារណៈ គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារនិងប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ដោយបង្កើនការជឿទុកចិត្ត របស់វិនិយោគិននៅក្នុងវិស័យសំណង់ និងជម្រុញទីផ្សារអចលនទ្រព្យ ប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ចសង្គម៕