(ភ្នំពេញ)៖ អំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ នាំយកទៅឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៩៥គ្រួសារ បន្ទាប់ពីអគ្គិភ័យឆាបឆេះផ្ទះសម្បែងរបស់ពួកគាត់អស់ទាំងស្រុង ស្ថិតនៅតាមបណ្ដោយអតីតផ្លូវរថភ្លើង កែងផ្លូវ២៧៣ ក្រុមទី១R ភូមិបាក់ទូក សង្កាត់ទួលសងែ្កទី១ កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងសកម្មភាពមនុស្សធម៌នេះ ក្រៅពីការនាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារអគ្គិភ័យឆាបឆេះផ្ទះសម្បែង, ក្នុងនាមក្រុមការងារសាខាកាកបាទ ក្រហមកម្ពុជា រាជធានីភ្នំពេញ ក៏ដូចជា ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ជា ពិសី បានផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្ដាយរំលែកទុក្ខយ៉ាងក្រៃលែង ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីលើកទឹកចិត្តឲ្យពួកគាត់ខិតខំតស៊ូប្រកបរបរទទួលទានបន្តទៀត និងមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចនូវរាល់ឧបត្ថវហេតុផ្សេងៗ ដែលអាចកើតមានឡើងដោយចៃដន្យ ពិសេសគ្រោះអគ្គិភ័យនេះឯង។
សូមជម្រាបថា កាលម៉ោង០៩៖២០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ មានអគ្គិភ័យមួយ បានឆេះផ្ទះប្រជាពលរដ្ឋសង់ពីឈើប្រក់សង័្កសី ទំហំ (៥មx២២ម) អស់ចំនួន ១ខ្នង និងឆេះរាលដាលដល់ផ្ទះ ចំនួន ១៥ខ្នងផ្ទះផ្សេងទៀត ស្ថិតនៅលើកំណាត់ផ្លូវរថភ្លើង កែងផ្លូវ២៧៣ ក្រុមទី១R ភូមិបាក់ទូក សង្កាត់ទួលសងែ្កទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ សន រដ្ឋា ភេទប្រុស អាយុឆ្នាំ មុខរបរជាមន្រ្តីយោធា។
នៅក្នុងហេតុការណ៍នេះ បណ្ដាលឲ្យស្រ្តីម្នាក់ ស្លាប់បាត់បង់ជីវិតផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ត្រី គង់ ថូ នាយរងការិយាល័យបង្ការ សង្គ្រោះ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដែលបានប្រាប់អ្នកយកព័ត៌មាន Fresh News។
លោកវរសេនីយ៍ត្រី គង់ ថូ បញ្ជាក់ថា បន្ទាប់ពីកើតមានករណីឆេះផ្ទះភ្លាមៗ ក៏មានការជួយអន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ចពន្លត់អគ្គិភ័យចំនួន ៤៣គ្រឿង ដែលមកពីអង្គភាពផ្សេងគ្នាដូចជា៖
*រថយន្តការិយាល័យអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ២៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៥ឡាន ស្មើនឹង ១០០ម៉ែត្រគូប
*រថយន្តជំនួយក្រសួងមហាផៃ្ទចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានសើ្មនឹង ១៨ម៉ែត្រគូប
*រថយន្តកងរាជអាវុធហត្ថចំនួន ២គ្រឿង
*រថយន្តសាលាខណ្ឌឫស្សីកែវចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន សើ្មនឹង ០៨ម៉ែត្រគូប
*រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន ៧គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ៧ឡាន សើ្មនឹង២៨ម៉ែត្រគូប
*រថយន្ដក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ៣គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន សើ្មនឹង ១២ម៉ែត្រគូប
*រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។
ករណីគ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញពន្លត់បានទាំងស្រុងនៅម៉ោង១០៖៣០នាទីនាទីព្រឹកថ្ងៃខែឆ្នាំដដែល ហើយចំពោះមូលហេតុ នៃការឆាបឆេះនេះ នៅមិនទាន់បញ្ជាក់នៅឡើយទេ ដោយកំពុងស្រាវជ្រាវ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការគ្រោះអគ្គិភ័យនេះមានឈ្មោះ កប មុំ ភេទ ស្រី បម្រើការងារនៅពេលរាត្រី ហើយពេលភ្លើងកំពុងឆេះគាត់កំពុងតែសម្រាន្តលង់លក់។
ទាំងសមត្ថកិច្ច និងអាជ្ញាធរ ពិតជាមានការសោកស្តាយខ្លាំងណាស់ ចំពោះការបាត់បង់ជីវិតពលរដ្ឋ និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផង៕