(ភ្នំពេញ)៖ ទោះបីច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ប្រហែល បានបង្កើតឡើងរយៈពេលជាង១៨ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០០៣មកនោះក្តី ក៏ប៉ុន្តែការអនុវត្តជាក់ស្តែង ទៅលើការការពារកម្មសិទ្ធិបញ្ញា ក៏ដូចជាសិទ្ធិប្រហាក់ប្រហែល នៅក្នុងប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ ខណៈបច្ចុប្បន្ននេះ រដ្ឋាភិបាលបានខិតខំលើកស្ទួយចំពោះវិស័យនេះ ដើម្បីទាក់អ្នកវិនិយោគិនបរទេស។ នេះជាបញ្ជាក់របសលោកមេធាវី គង់ សំអុន ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយនៃគណៈមេធាវីកម្ពុជា។
ការលើកឡើងពីភាពចន្លោះប្រហោងសម្រាប់ការអនុវត្តតាមច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ប្រហែល របស់លោកមេធាវី គង់ សំអុន បានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «គំនូរឧស្សាហកម្ម និងការអនុវត្តនៅកម្ពុជា និងជប៉ុន» ដែលរៀបចំធ្វើឡើងដោយសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងគណៈមេធាវីកម្ពុជា។
សិក្ខាសាលានេះ បានធ្វើឡើងក្រោមវត្តមាន លោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងសិក្ខាសាលានេះ ក៏មានវាគ្មិនកិត្តិយសបានឡើងធ្វើបទបង្ហាញពីយន្តការនៃកិច្ចការពារគំនូរឧស្សាហកម្មក្រោមច្បាប់កម្ពុជា ច្បាប់ស្តីពីការរចនា និងការអនុវត្តនៅប្រទេសជប៉ុន និងនីតិវិធីចុះបញ្ជីគំនូរឧស្សាហកម្មនៅកម្ពុជា។ ក្រៅអំពីការធ្វើបទបង្ហាញនេះ កម្មវិធីសិក្ខាសាលាក៏មាន នូវកម្មវិធីសំណួរចម្លើយទៅកាន់វាគ្មិនកិត្តិយស ដើម្បីជាការដោះស្រាយចម្ងល់ ជាការចែកចាយចំណេះដឹង និងការដកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក។
លោកមេធាវី គង់ សំអុន បានលើកឡើងថា គំនូរឧស្សាហកម្ម គឺជាអ្វីដែលថ្មី ដែលទើបនឹងរកឃើញ ដូច្នេះវាតម្រូវឱ្យមានការការពារ សម្រាប់ម្ចាស់គំហើញ ហើយប្រសិនបើមានការការពារ អ្នកដែលចំណាយចំពោះការរកអ្វីដែលថ្មី នឹងទទួលបានផលចំណេញ នូវអ្វីដែលគាត់បានរកឃើញ។ ការការពារលើកម្មសិទ្ធិបញ្ញា មានច្រើនប្រភេទ ដូចជាផលិតផល ជាប្រព័ន្ធអ្វីមួយ ឬសញ្ញាអ្វីមួយជាដើម។ ប្រសិនបើមានការការពារនោះ អ្នកជំនាញនឹងខិតខំប្រឹងប្រែងរករបស់ថ្មីៗ ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការរបស់មនុស្ស។
លោកស្រីមេធាវី សេង វួចហ៊ុន បានឱ្យដឹងថា ប្រសិនបើមានការការពារកម្រិតខ្ពស់ ដែលធ្វើឱ្យមានទំនុកចិត្តដល់អ្នកវិនិយោគិនបរទេស ដើម្បីឱ្យមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដូច្នេះ ការអនុវត្តការគោរពនូវច្បាប់កម្មសិទ្ធិបញ្ញា វាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិយើង។
លោកស្រីមេធាវីបានបន្ថែមទៀត ដោយឡែកសម្រាប់ប្រទេសកម្ពុជា គឺជាប្រទេសដែលកំពុងតែអភិវឌ្ឍ ដូច្នេះការអនុវត្តតាមច្បាប់កម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ប្រហែល គឺប្រជាពលរដ្ឋ និងអ្នកវិនិយោគក្នុងស្រុកគិតថា ជារឿងធម្មតា ហើយក៏មិនសូវមានការយកចិត្តទុកដាក់ខ្ពស់ប៉ុន្មាននោះទេ ចំពោះការអនុវត្តនូវកម្មសិទ្ធិបញ្ញា ដូចបណ្តាប្រទេសអភិវឌ្ឍនោះទេ។
លោកស្រីមេធាវី សេង វួចហ៊ុន បានបញ្ជាក់ថា ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា កាន់តែអភិវឌ្ឍទៅមុខជាបន្តបន្ទាប់ ហើយរដ្ឋាភិបាលបានយកចិត្តទុកដាក់ រហូតឱ្យមានការរៀបចំជាយុទ្ធសាស្ត្រថ្នាក់ជាតិ ដែលកំពុងតែរៀបចំជាដើម។ ការយកចិត្តទុកដាក់លើ វិស័យកម្មសិទ្ធិបញ្ញា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យអ្នកវិនិយោគិនបរទេសទាំងតូច និងធំ បន្តសម្រុកមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាហូរហែរ។
លោកស្រីបានបញ្ជាក់បន្ថែមទៀតថា ជាការពិតណាស់ កិច្ចការពារកម្មសិទ្ធិបញ្ញាសមស្របរបស់ក្រុមហ៊ុន ជាជំហានដ៏សំខាន់ ក្នុងការកំណត់អំពីការរំលោភបំពាន និងការប្រែក្លាយគំនិតទៅជាទ្រព្យអាជីវកម្ម ដែលមានតម្លៃ។ ការទាញយកផលប្រយោជន៍ពេញលេញ ពីប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា អាចធ្វើឱ្យក្រុមហ៊ុនទទួលបានចំណូលពីការបង្កើតថ្មី និងការច្នៃប្រឌិតរបស់ខ្លួន ដែលជាការលើកទឹកចិត្ត និងបង្កើនមូលធនដល់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍។ មានផលិតផល ឬសេវាថ្មីៗជាច្រើន ដែលការពារក្រោមប្រភេទផ្សេងៗគ្នានៃកម្មសិទ្ធិបញ្ញា៕