(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានបញ្ជាមន្ត្រីពាក់ព័ន្ធនៅតាមច្រកព្រុំដែនទាំងអស់ នៃស្រុកកោះធំ និងស្រុកលើកដែក ប្រទល់ជាប់វៀតណាម ត្រូវបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនផ្តាសាយបក្សី ដូចជា ការរឹតបន្តឹងនៅតាមច្រកទ្វារនានាឲ្យខាងតែបាន។
លោកអភិបាលខេត្តកណ្តាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសង្កត់ធ្ងន់ថា លោកបានដាក់បញ្ជាក្រុមមន្ត្រីតាមច្រកទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរីករាលដាលជំងឺផ្ដាសាយបក្សីដែលបានកើតឡើងនៅប្រទេសវៀតណាម តាំងពីថ្ងៃដំបូង នៃការផ្ទុះព័ត៌មានមកម្ល៉េះ។
លោកសង្កត់ធ្ងន់ថា «មិនបណ្ដែតបណ្ដោយជាដាច់ខាត ចំពោះជនឆ្លៀតឱកាសនាំយកសត្វមាន់ ទា ឬសត្វបក្សីផ្សេងៗតាមច្រករបៀង គេចពន្ធ គេចសមត្ថកិច្ច ខណៈការយាមកាមត្រូវ បានរឹតបន្តឹងគ្រប់ច្រកល្ហកមិនឲ្យមានការថ្លោះធ្លោយជាដាច់ខាត»។
ទន្ទឹមនឹងករណីជំងឺផ្ដាសាយបក្សីនៅប្រទេសវៀតណាមនេះ អភិបាលខេត្តបានបញ្ជាក់ថា «ពុំទាន់មានការឆ្លងមកដល់ច្រកព្រំដែនខេត្តកណ្ដាលនោះទេ ខណៈកម្លាំងជំនាញបានធ្វើការយ៉ាងម៉ត់ចត់ ចំពោះបញ្ហាទាំងនេះ»។
អភិបាលខេត្ត ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាលទាំងអស់ ឲ្យមានការអនាម័យខ្ពស់ ពិសេសអ្នកចិញ្ចឹមមាន់ ទា គ្រួចជាដើម ត្រូវឈរលើកត្តាអនាម័យឲ្យបានល្អប្រសើរ មានការចាក់វ៉ាក់សាំង និងផ្ដល់ចំណីឲ្យបានត្រឹមត្រូវ ចៀសវាងបញ្ហាសត្វបក្សីមានជំងឺ បើសិនជាមានករណីណាមួយសង្ស័យ សូមទាក់ទងទៅអាជ្ញាធរដែនដីតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីចុះពិនិត្យនិងធ្វើការទប់ស្កាត់ឲ្យបានល្អបំផុត។
ទន្ទឹមនឹងករណីនេះដែរលោក ប៊ុន ទួនស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកណ្ដាល បាននិយាយថា លោកកំពុងជាប់រវល់ប្រជុំសន្និបាតសុំសួរទៅខាងខាងបសុពេទ្យខេត្តចុះ។
ចំពោះករណីនេះ លោក អុល ដូរិន ប្រធានបសុពេទ្យខេត្តកណ្ដាល ក៏បានប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលផងដែរថា ក្រុមជំនាញរបស់លោកបានធ្វើការយ៉ាងម៉ឺងម៉ាត់ តាមដានមើលតាមច្រកព្រំដែន ក្រែងលោកមានជនខិលខូចលួចនាំចូលសត្វខុសច្បាប់ សត្វមានជំងឺចូលមកកម្ពុជាយើង។
លោកថា ក្រុមការងារក៏បានចុះណែនាំដល់បងប្អូនពលរដ្ឋអ្នកចិញ្ចឹមសត្វ ឲ្យមានការបាញ់ថ្នាំសម្លាប់មេរោគ ចាក់វ៉ាក់សាំង អនាម័យជាដើម ដើម្បីបង្ការកុំឲ្យសត្វចិញ្ចឹមមានជំងឺឈឺថ្កាត់ ពិសេសបើឃើញសត្វចិញ្ចឹមមានជម្ងឺ ត្រូវប្រញ៉ាប់រាយការណ៍មកបសុពេទ្យជាបន្ទាន់ដើម្បីចុះពិនិត្យឲ្យបានទាន់ពេលវេលា។
ទន្ទឹមនឹងករណីនេះ ពលរដ្ឋអ្នកចិញ្ចឹមមាន់លក្ខណៈគ្រួសារនៅស្រុកស្អាង ក៏បាននិយាយដែរថា ខ្លួនក៏មានការបារម្ភណ៍ចំពោះករណីផ្ដាសាយបក្សីនេះដែរ ហើយរាល់ថ្ងៃខិតខំធ្វើយ៉ាងណា សំអាតទ្រុងមាន់ កើបអាចម៍មាន់ អនាម័យបរិវេណចិញ្ចឹមមាន់ជារៀងរាល់ថ្ងៃ ពិសេសមានការចាក់វ៉ាក់សាំងផងដែរ ដើម្បីបញ្ជៀសកុំឲ្យមានផ្ដាសាយបក្សី។
គួរជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅ បានចេញសារាចរណែនាំស្តីពី វិធានការទប់ស្កាត់ ជំងឺផ្តាសាយបក្សី ក្រោយប្រទេសវៀតណាម ផ្ទុះជំងឺផ្តាសាយបក្សីបង្កឡើង ដោយវីរុសប្រភេទ A/H5N1។
ក្រសួងកសិកម្មបានឲ្យដឹងថា ផ្អែកតាមសារព័ត៌មានរបស់ប្រទេសវៀតណាម នៅពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅខេត្តត្រាវិញភាគខាងត្បូង មានការផ្ទុះជំងឺផ្តាសាយបក្សីបង្កឡើងដោយវីរុសប្រភេទ A/H5N1 ហើយត្រូវបានកម្ទេចសត្វមាន់ប្រមាណជាង ៥៥ ០០០ក្បាល។
ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺផ្តាសាយបក្សី ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការចរាចរណ៍បក្សី និងផលិតផលពីបក្សីនាំចូលពីប្រទេសវៀតណាម និងពីតំបន់មួយទៅតំបន់មួយទៀត ក្នុងផ្ទៃប្រទេស ក្រសួងសូមធ្វើការណែនាំ ដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ជាពិសេសខេត្តជាប់ព្រំដែន នៃប្រទេសវៀតណាម ត្រូវមានការទទួលខុសត្រូវ ប្រកបដោយតម្លាភាពខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី និងត្រូវអនុវត្តវិធានការម៉ឺងម៉ាត់ចំពោះវិធានការដែលបានដាក់ជូន៕