(ភ្នំពេញ)៖ ក្រសួងផែនការ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ នឹងរៀបចំវេទិការធ្វើបទបង្ហាញ ស្ដីពី «វឌ្ឍនភាព ជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩»។
ក្រសួងផែនការ បានបញ្ជាក់ថា វេទិការនេះមានទិសដៅ និងគោលបំណង បង្ហាញជូនដល់សាធារណជនឲ្យបានច្បាស់ពីដំណើរការរៀបចំ, សកម្មភាពការងារ, វិធីសាស្ដ្របច្ចេកទេស នៃការគណនា, លទ្ធផលអង្កេតក្រោយជំរឿន និងការវាយតម្លៃអំពីសុក្រឹត្យភាព នៃលទ្ធផលជំនឿ ព្រមទាំងបកស្រាយ បំភ្លឺជូនរាល់បញ្ហាចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងលត្ធផលបណ្ដោះអាសន្នជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩។
សូមជម្រាបថា កន្លងទៅក្រសួងផែនការ ធ្លាប់បានចេញផ្សាយនូវរបាយការណ៍ទាំងស្រុងនៃតួលេខបណ្ដោះអាសន្ន ជំរឿនទូទៅប្រជាជននៅប្រទេសកម្ពុជា ឆ្នាំ២០១៩ ដែលរៀបចំឡើងកាលពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩កន្លងទៅ។
ក្នុងរបាយការណ៍បានបង្ហាញថា តាមតួលេខបណ្តោះអាសន្នក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុបមាន ចំនួន១៥,២៨៨,៤៨៩នាក់ ក្នុងនោះ មានប្រុស៧,៤១៨,៥៧៧នាក់ និងស្រី៧,៨៦៩,៩១២នាក់។ ចំនួនប្រជាជនសរុបកើនឡើង ១,៨៩២,៨០៧នាក់ ត្រូវនឹង១៤.១ភាគរយ រយៈពេល១១ឆ្នាំ រវាងឆ្នាំ២០០៨ និងឆ្នាំ២០១៩៕