(ត្បូងឃ្មុំ)៖ លោក ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដើម្បីស្វែងយល់ និងដោះស្រាយបញ្ហា ជាមួយកងកម្លាំង ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ជំនួយការភូមិ គណៈកម្មការវត្ត នាយកសាលា ប្រធានមណ្ឌលសុខភាព ដែលជាម្ចាស់ឆ្នោតក្នុងឃុំចំនួន៣ គឺឃុំទន្លូង ឃុំត្រមូង ស្រុកមេមត់ និងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្រោយពីបានស្តាប់ការលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមរបស់តំណាងប្រជាពលរដ្ឋ លោក ប្រាជ្ញ ចន្ទ បានទទួលយក និងបានណែនាំដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាពិនិត្យនិងធ្វើការដោះស្រាយជូនពលរដ្ឋបានមួយចំនួន ដោយឡែកបញ្ហាមួយចំនួនទៀត នឹងបន្តពិភាក្សាគ្នាដោះស្រាយជាបន្ត។
នាឱកាសនោះលោក ប្រាជ្ញ ចន្ទ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទទួល បាននូវសុខសន្តិភាពស្ថេរភាព ពេញលេញនិងការអភិវឌ្ឍជាតិ ការផ្តល់អ្វីៗសព្វបែបយ៉ាងទៅអោយប្រជាពលរដ្ឋ។
លោក ប្រាជ្ញ ចន្ទ គូសបញ្ជាក់ថា ដោយសារសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចពញាចក្រី ហេង សំរិន រួមទាំងឥស្សរជនទាំងអស់ ខិតខំយកមកបាន និងថែរក្សាការពាររហូតមកដល់សព្វថ្ងៃនេះ ទើបឃុំ និងសង្កាត់ក្នុងខេត្តត្បូងឃ្មុំ មានការអភិវឌ្ឍន៍រីកចម្រើន ធ្វើឲ្យកម្រិតជីវភាពពលរដ្ឋធូរធា។
លោក ប្រាជ្ញ ចន្ទ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំឲ្យចាញ់បោកជឿឃោសនារបស់ជនអគតិមួយក្រុម គឺជនក្បត់ជាតិដែលតែងតែឃោសនាបំបែកបំបាក់សាមគ្គីភាព ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយយើងអាចមានទោសទណ្ឌ ដល់ខ្លួននិងក្រុមគ្រួសារយើងដោយមិនដឹងខ្លួនផងដែរ។
លោក ប្រាជ្ញ ចន្ទ បានសំណូមពរឲ្យសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិក្នុងខេត្តត្បូងឃ្មុំទាំងអស់ ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋអោយបានល្អ។ ជាពិសេសយកចិត្តទុកដាក់លើគោលនយោបាយភូមិឃុំមានសុវត្ថិភាព បំបាត់ការជួញដូនិងប្រើប្រាស់គ្រឿងញៀន និងចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍៕