(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារបន្តឆ្នាំ២០២០ ក្រោមវត្តមានលោក ម៉ុម សារឿន អភិបាលខេត្ត និងលោក ឈាង់ ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត។
លោក ម៉ុម សារឿន បានជំរុញដល់មន្រ្តីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅក្រោមជាតិ ត្រូវបន្តរួមគ្នាសម្រេចឲ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ ៗទាំង៤ នៅឆ្នាំ២០២០ ដើម្បីសម្រេចបានយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញ និងឲ្យអនុវត្តន៍ ពិសេសកម្មវិធីកំណែទំរង់របស់រាជរដ្ឋាភិបាល។
ក្នុងនោះទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗទាំង៤ សម្រេចឲ្យបាននៅឆ្នាំ២០២០ មានដូចជា៖
*ទី១ ៖ បន្តជំរុញការអនុវត្តខិតខំថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅបន្តលក្ខណៈសម្បត្តិអនុគ្រោះដល់ការរីកចម្រើនរឹងបន្ថែមទៀត
*ទី២ ៖ បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា ដែលបានទម្រង់វិមជ្ឈការ និងវិសហមជ្ឃការ ដើម្បីបង្កើតឡើងនូវកានុវត្តភាពថ្មីៗ បន្ថែមទៀតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រប្រកបដោយសមធម៌ និងចីរភាព។
*ទី៣ ៖ ខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន និងសំណើសំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាទំនាស់ដីធ្លី និងជម្លោះនៅមូលដ្ឋានដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ មានយុត្តិធម៌ គណនេយ្យភាព និងទាន់ពេលវេលា ព្រមជាមួយនិងការរក្សាភាពអត់ធ្មត់ខ្ពស់បំផុត ឲ្យបាននូវអំពើហិង្សាគ្រប់រូបភាព ដើម្បីបន្តរក្សាសង្គម។
*ទី៤ ៖ ពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងស្មើភាព ដោយពង្រឹងមន្រ្តីអនុវត្តច្បាប់ សមត្ថភាពនិង សីលធម៌វិជ្ជាជីវៈ ខិតខំរួមគ្នាលុបបំបាត់ឲ្យបាននូវបាតុភូតអសកម្ម ដើម្បីផ្តល់ទំនុកចិត្តដល់ ប្រជាពលរដ្ឋឲ្យចូលរួមក្នុងដំណើរការគោរព និងអនុវត្តច្បាប់ សំដៅពង្រឹងយុត្តិធម៌និងសីលធម៌ក្នុងសង្គម៕