(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រារព្វទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យលើកទី៥ ឆ្នាំ២០២០ ក្រោមវត្តមានចូលរួមពីលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ។
ភ្លើងគឺជាមធ្យោបាយបម្រើជីវិតរស់នៅរបស់មនុស្សប្រចាំថ្ងៃ ជាប្រចាំនៅក្នុងសង្គម តែភ្លើងនេះនឹងក្លាយទៅជាអគ្គិភ័យឆេះបំផ្លាញទ្រព្យសម្បត្តិ អាយុជីវិតមនុស្ស សត្វ និងបរិស្ថានគ្រប់ពេលវេលា នៅពេលណាមនុស្សធ្វេសប្រហែស និងមិនមានការប្រុងប្រយ័ត្ន ឬអត្ថនោម័តធ្វើដោយពុំមានបច្ចេកទេសឲ្យបានត្រឹមត្រូវ។ ហើយកត្តាដែលបង្កឲ្យមានអគ្គិភ័យ កើតឡើងដោយសារធម្មជាតិផង និងដោយសារការធ្វេសប្រហែសរបស់មនុស្សផងដូចជា៖ ភ្លើងបារី ធូប ទៀន ដុតសំរាម ដុតព្រៃ ដុតផាវ កាំជ្រួច ភ្លើងចង្ក្រាន ប្រើអុស ឬហ្គាស ចរន្តអគ្គិសនី (ការតភ្ជាប់ចរន្តអគ្គិសនី គ្មានលក្ខណៈបច្ចេកទេស ធ្វើឲ្យឆ្លងចរន្ត បង្កជាអគ្គិភ័យចំហេះប្រតិកម្មគីមី និងវត្ថុងាយឆេះ និងងាយផ្ទុះឆេះ។
លោក ច្រឹង ផល្លី ស្នងការងទទួលផែនអគ្គិភ័យ បានបញ្ជាក់ឲ្យដឹងថា យោងតាមស្ថិតិគ្រោះថ្នាក់ដែលបណ្ដាលមកពីអគ្គិភ័យឆ្នាំ២០១៩ នៅខេត្តក្រចេះ បានកើតឡើងចំនួន ១៧លើក ១៦លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ បានបង្ហាញថា មានការកើនឡើង ១លើក កើតឡើងនៅតាមបណ្ដាលក្រុងស្រុកដូចជា ក្រុងក្រចេះ ១លើក ស្រុកសំបូរ ១លើក ស្រុកស្នួល ៤លើក ស្រុកឆ្លូង ១លើក ស្រុកចិត្របុរី៣ និងព្រែកប្រសព្វ ៦លើក។ ក្នុងករណីដែលបានកើតឡើងទាំង ១៧លើក បណ្ដាលឱ្យចេះបាត់បង់ជីវិត និងខូចខាតសម្ភារជាច្រើន គិតជាប្រាក់រៀលប្រហែល ១០០លានរៀល និងគិតជាប្រាក់ដុល្លារប្រហែល ៣១ម៉ឺនដុល្លារ។
លោកបញ្ជាក់ទៀតថា នៅឆ្នាំ២០១៦ និងឆ្នាំ២០១៨ កន្លងមកនេះ ក្រសួងមហាផ្ទៃ បានបញ្ជាទិញរថយន្តពន្លត់អគ្គិភ័យថ្មីចំនួន ២០០គ្រឿង ចែកជូនរាជធានីខេត្តទាំង២៥។ ដោយឡែក ខេត្តក្រចេះទទួលបានចំនួន ៦គ្រឿង ហើយស្នងការដ្ឋាននគរបាលខេត្ត បានបែងចែកទៅអធិការដ្ឋាននគរបាលក្រុងស្រុកចំនួន៦ ហើយរថយន្តពន្លត់អគ្គិភ័យដែលទទួល បានពីក្រសួងមហាផ្ទៃ ពីមុនមកចំនួន ២គ្រឿង គ្រប់គ្រងនៅស្នងការដ្ឋាននគរបាលខេត្ត ដូច្នេះរថយន្តពន្លត់អគ្គិភ័យ និងអង្គភាពស្នងការដ្ឋាននគរបាលខេត្តក្រចេះ សរុបទាំងអស់ចំនួន ៨គ្រឿង បែងចែកជា ៧ស្ថានីយពន្លត់ ដើម្បីចេញជួយអន្តរាគមន៍បាញ់ពន្លត់ពេលមានគ្រោះអគ្គិភ័យកើតឡើងបានទាន់ពេលវេលា។
លោក ខ័ណ្ឌ ចំណាន បានបញ្ជាក់ថា ការបង្ការ ពន្លត់អគ្គិភ័យ គឺជាករណីកិច្ចគ្រប់មន្ទីរ អង្គភាព ផ្នែកឯកជន និងប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ និង ចូលរួមពន្លត់អគ្គិភ័យ នៅពេលមានគ្រោះអគ្គិភ័យកើតមានឡើង និងត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីបង្ការ និងពន្លត់អគ្គីភ័យ និងលិខិតបទដ្ឋានគតិយុត្តនានា និងធ្វើការអប់រំណែនាំដល់ ប្រជាពលរដ្ឋ ក្នុងគោលដៅមានហានិភ័យខ្ពស់ ព្រមទាំងឲ្យបានយល់ដឹងអំពីវិធានការ បច្ចេកទេសបង្ការ និងពន្លត់អគ្គិភ័យ នៅគ្រប់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន ក្លឹបកម្សាន្ត តាមផ្សារ និងអាជីវកម្មនានា គឺត្រូវបំពាក់ប្រព័ន្ធសុវត្ថិភាព បង្ការពន្លត់អគ្គិភ័យឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស។
លោកក៏បានកោតសរសើរដល់កងកម្លាំងនគរបាលពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងកងរាជអាវុធហត្ថខេត្ត រួមនិងអង្គភាពមួយចំនួន រួមទាំងវិស័យឯកជន ដែលបានសហការគ្នាល្អ ក្នុងការខិតខំយកចិត្តទុកដាក់ ចូលរួមជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះអគ្គិភ័យបានទាន់ពេលវេលា៕