(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាបាននិងកំពុងប្រើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីពន្លឿនសេដ្ឋកិច្ចជាតិឱ្យបានកាន់តែប្រសើរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ ក្នុងសន្និសីទព័ត៌មានបង្ហាញវិធានការដោះស្រាយបញ្ហាប្រឈមលើវិស័យទេសចរណ៍ និងឧស្សាហកម្មដោយសារជំងឺផ្លូវដង្ហើមបណ្តាលមកពីមេរោគ «COVID19» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ។
ក្នុងសន្និសីទនេះសម្តេចតេជោ ហ៊ុន សែន បានលើកយកវិស័យពីរដែលកំពុងប្រើប្រព័ន្ធបច្ចេកវិទ្យាមកបង្ហាញ។ វិស័យទាំងពីរកំពុងប្រើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរួមចំណែកបង្កើនថវិកាជាតិ ដែលសម្តេចតេជោ បានលើកមកបង្ហាញនេះ រួមមានការប្រមូលពន្ធ និងការទិញផ្លាកលេខរថយន្ត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការប្រមូលពន្ធនាពេលបច្ចុប្បន្ន បានប្រើប្រព័ន្ធបច្ចេកវិទ្យាក្នុងការប្រមូលពន្ធ។ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាធ្វើឱ្យការប្រមូលពន្ធមានសុក្រឹត្យភាព តម្លាភាព និងមិនបាត់ចំណូលពន្ធទៀតនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា កម្ពុជារកចំណូលពីពន្ធគយ និងពន្ធដារក្នុងមួយខែប្រមាណ ២៥០លានដុល្លារអាមេរិក ហើយខែខ្លះឡើងដល់ទៅ ៣០០លានដុល្លារអាមេរិក។ នៅឆ្នាំ២០១៩កន្លងទៅកម្ពុជាទទួលបានចំណូលពីការប្រមូលពន្ធប្រមាណជា ៦ពាន់លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកសរសើរពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការចុះបញ្ជីរថយន្ត និងទិញផ្លាកលេខរថយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មលើការផ្តល់សេវាចុះបញ្ជីរថយន្ត និងទិញផ្លាកលេខរថយន្តនេះ បានសម្រួលដល់ម្ចាស់រថយន្ត ហើយបានជួយបង្កើនចំណូលជាតិផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ទាប់ពីបានចូលមកគ្រប់គ្រងក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីឆ្នាំ២០១៦ បានដាក់ចេញនូវកំណែទម្រង់លើការផ្តល់សេវារបស់ក្រសួងជាច្រើន។ លោករដ្ឋមន្ត្រី បានព្យាយាមធ្វើទំនើបកម្មសេវា ដោយច្របាច់បញ្ចូលជាមួយប្រព័ន្ធបច្ចេកវិទ្យា។
ការចុះបញ្ជីរថយន្ត និងធ្វើផ្លាកលេខយានយន្តជាបញ្ហាដ៏ស្មុគស្មាញមួយនៅក្នុងក្រសួង។ បន្ទាប់ពីប្រព័ន្ធស្វ័យប្រវត្តកម្មនៃការចុះបញ្ជីរថយន្តយន្តត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០១៧ បញ្ហាស្មុគស្មាញជាច្រើនត្រូវបានលុបបំបាត់។ ប្រព័ន្ធស្វ័យប្រវត្តកម្មនេះ មិនត្រឹមតែលុបបំបាត់បញ្ហាស្មុគស្មាញលើការចុះបញ្ជី និងធ្វើផ្លាកលេខរថយន្តប៉ុណ្ណោះទេ តែក៏បានជួយបង្កើនចំណូលពីការលក់ផ្លាកលេខផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រោយពីដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ ក្រសួងទទួលបានលទ្ធផលល្អប្រសើរ និងរកថវិកាពីការលក់លេខពិសេសជាង ៣២លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០១៩។
បន្ថែមពីលើនេះក្រសួងក៏បានដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួនបន្ថែមទៀតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។ ការដាក់លក់លេខពិសេសផ្ទាល់ខ្លួននេះ គឺជាការផ្តល់លទ្ធភាពបន្ថែមឱ្យប្រជាពលរដ្ឋស្វែងរកលេខសម្គាល់យានជំនិះតាមការចង់បានរបស់ខ្លួន ហើយអាចកាន់កាប់ពេញមួយជីវិត និងបន្តទៅដល់កូនចៅផងដែរ។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចាប់ពីថ្ងៃដាក់លក់ជាផ្លូវការ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ លក់បាន ៤៣៤ផ្លាក ហើយទទួលបានថវិកាជាចំណូលសម្រាប់ជាតិជិត ២លានដុល្លារអាមេរិក។
ដើម្បីចូលទៅទិញផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ លោកអ្នកចូលទៅកាន់គេហទំព័រ https://vehicle.mpwt.gov.kh បន្ទាប់មកធ្វើតាមការណែនាំ៕