(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ថ្ងៃនេះមន្ទីរបានបញ្ជូនគ្រឿងចក្រ និងអ្នកបច្ចេកទេសទៅដល់ទីតាំងស្ពានស្ទឹងស្តៅ ដែលឆេះដោយសារភ្លើងព្រៃ នៅក្នុងស្រុកសង្គមថ្មីហើយ។
លោក សំ លាងទ្រី បានគូសបញ្ជាក់ថា «ជាជំហ៊ានដំបូង មុននឹងធ្វើការស្ថាបនាសាងសង់ស្ពានស្ទឹងស្តៅនេះឡើងវិញ ក្រុមការងារកំពុងតែមមារញឹកក្នុងការបោសសម្អាត បរិវេណនៅជុំវិញឲ្យ បានស្អាតល្អសិន ដូចជា សម្អាតទីតាំងស្ពានចាស់ដែលបានឆេះ និងសម្អាតគុម្ពឫស្សី និងដើមឈើងាប់ផ្សេងៗ ទៀតចៀសវាងមានការឆេះព្រៃរាលមកម្តងទៀត»។
សូមបញ្ជាក់ថា ស្ពានស្ទឹងស្តៅនេះ ត្រូវបានភ្លើងព្រៃរាលមក បណ្តាលឲ្យឆាបឆេះដោយមិនអាចជួយពន្លត់បាន។ ស្ពាននេះក៏មានសភាពចាស់ទ្រុឌទ្រោមមិនអាចធ្វើចរាចរណ៍បានទេ ដោយឡែក អាជ្ញាធរខេត្តក៏មានគម្រោងរុះរើស្ពាននេះដើម្បីសាងសង់ស្ពានដែកបាឡេជំនួសវិញ តាមការសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងអង្គវេទិការសាធារណៈក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ ប៉ុន្តែមិនទាន់បានរុះរើសាងសង់ថ្មីផង ជាអកុសលស្ពាននេះបានរងការឆាបឆេះដោយសារភ្លើងឆេះព្រៃរាលមក។
ដោយឡែក កាលពីពេលថ្មីៗនេះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះមកពិនិត្យដោយផ្ទាល់ដល់ទីតាំងស្ពានស្ទឹងស្តៅ ដែលរងការឆេះដោយ ភ្លើងព្រៃនេះ។ មិនបង្អង់យូរ លោកអភិបាលខេត្ត បានណែនាំភ្លាមៗដែរ ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវស្ថាបនាសាងសង់ស្ពានដែកបាឡេថ្មីជំនួសស្ពានឈើ ដែលទ្រុឌទ្រោម និងរងការឆេះនេះដើម្បី ជួយសម្រួលដល់ការធ្វើដំណើរ និងដឹកកសិផលផ្សេងៗ របស់ប្រជាពលរដ្ឋបានស្រួល។
ក្រសួងបរិស្ថាននឹងសម្របសម្រួល ចូលរួមគាំទ្រផ្តួចផ្តើមកសាងស្ពាន ២កន្លែង ដែលត្រូវបានភ្លើងឆេះនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ស្ពានឈើទាំង២កន្លែងដែលត្រូវបានឆេះក្នុងខែកុម្ភៈនេះ គឺជាច្រកចេញចូលទៅដែនជម្រកសត្វព្រៃ តំបន់ភ្នំត្នោត។ ក្រសួងរិស្ថានបានចុះអនុស្សរណៈយោគយល់ជាមួយ BeeTreed ដែលមានលោក បេន ដាវីស ជនជាតិអាមេរិកកាំងជាតំណាងដើម្បីចូលរួមគ្រប់គ្រង និងអភិរក្សតំបន់នោះ។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។
លោក នេត្រ ភក្រ្តា បានថ្លែងថា ក្រោយពីមានការពិភាក្សាពិគ្រោះយោបល់ជាមួយ សប្បុរសជនមួយចំនួនដែលមានសមានចិត្តក្នុងការចូលរួមកសាងស្ពាន ក្នុងតំបន់អភិរក្សនេះ ក្រសួងបរិស្ថាននឹងសម្របសម្រួលក្នុងការសាងសង់ស្ពានទាំងនេះឡើងវិញ ដែលនឹងធ្វើពីបេតុងដើម្បីចៀសវាងភ្លើងឆេះ ជាថ្មីម្តងទៀត។
បើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ដែលស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងខេត្តសៀមរាម មានទំហំផ្ទៃដីសរុប ៤២ ០៩៧ ហិកតាដែល ក្នុងនោះលោក បេន ដាវីស បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្សលើផ្ទៃដីចំនួនជាង៧ពាន់ហិកតា ដែលមានសក្តានុពលធនធាន ធម្មជាតិនិងជីវៈចម្រុះច្រើនប្រភេទ។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ទន្ទឹមនឹងផ្តល់កិច្ចសហការអភិរក្សធនធានធម្មជាតិនៅតំបន់នោះ ក្រសួងបរិស្ថានតាមរយៈមូលនិធិបរិស្ថាន និងសង្គមបានផ្តល់កញ្ចប់ ថវិកាចំនួន ២ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ឆ្នាំ ដោយបានចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០១៩មក ដើម្បីលោក បេន ដាវីស ប្រើប្រាស់ក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្កសត្វព្រៃភ្នំត្នោតភ្នំពកនេះ។
យោងតាមរបាយការណ៍ពីក្រសួងបរិស្ថាន នៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ស្ពានចំនួន៤ ត្រូវបានភ្លើងឆេះបំផ្លាញដែលស្ពាននីមួយៗមានប្រវែងប្រមាណ៥០ ម៉ែត្រ ឬវែងជាងនេះក្នុងនោះស្ពានឈើចំនួន២ ត្រូវបានលួចដុតនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០៕