(សៀមរាប)៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារី នៃរដ្ឋសភា និងអនុប្រធាន លេខាធិការ សមាជិក សមាជិកាគណៈកម្មការទី៨ នៃរដ្ឋសភា បានជួបប្រជុំពិភាក្សាការងារ ជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាប, លោក អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធវិស័យទទួលបន្ទុករបស់គណៈកម្មការទី៨ នៃរដ្ឋសភា។
កិច្ចប្រជុំបានធ្វើឡើង នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នាសាលាខេត្តសៀមរាប មានគោលបំណង ដើមី្បសិក្សាស្វែងយល់ពីវឌ្ឍនភាព និង បញ្ហាប្រឈមនានា ក្នុងការបំពេញភារកិច្ចរបស់រដ្ឋបាលខេត្ត នាពេលកន្លងមក ដែលពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណ:កម្មការទី៨ នៃរដ្ឋសភា សំខាន់គឺយន្តការក្នុងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងប័ណ្ណសមធម៌ របស់កម្មករ និង កម្មការិនី ប្រជាពលរដ្ឋក្រីក្រ និង មន្រ្តីរាជការ អតីតយុទ្ធជន។
ក្នុងកិច្ចស្វាគមន៍របស់លោក ទៀ សីហា បានលើកឡើងពីការបង្ខិតសេវា ឱ្យកាន់តែនៅជិតនឹងប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង ស្ថាប័ននានា បានធ្វើប្រតិភូកម្មអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មានសិទ្ធិក្នុងការសម្រេច ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវបានអាជ្ញាធរខេត្ត ធ្វើការប្រកាសឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុកទាំង១២ ដើមី្បឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានលទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ដើមី្បឆ្លើយតបទៅនឹងសេចក្តីត្រូវការនៅមូលដ្ឋាន។
លោកក៏បានគូសបញ្ជាក់ដែរថា ស្របពេលដែលសក្តានុពលទេសចរណ៍ ក្នុងខេត្តមានអំណោយផល អាជ្ញាធរខេត្តបានកំពុងជំរុញ នូវយន្តការមួយចំនួន លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដែលជាកត្តាចាំបាច់សម្រាប់អភិវឌ្ឍន៍ប្រទេស លើគ្រប់វិស័យ។
លោកស្រី ឡោក ខេង បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ លើការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាពគោកចក និង មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជូនដល់ប្រជាពលរដ្ឋបានល្អ។ ក្នុងនោះដែរលោកស្រី និងប្រតិភូ បានធ្វើការវាយតម្លៃខ្ពស់ទៅលើរបាយការណ៍របស់រដ្ឋបាលខេត្តបានលើកឡើង អំពីលទ្ធផលរបស់សាម៉ីមន្ទីរពាក់ព័ន្ធទាំង៤ របស់ខេត្តសៀមរាប។
លោកស្រីក៏បានផ្តោតសំខាន់ក្នុងវិស័យសុខាភិបាល សំខាន់បញ្ហាសុខភាព គឺត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះជំងឺមិនឆ្លង ដែលជាបញ្ហាចំបងនោះ (ថ្នាំជក់ និងគ្រោះថ្នាក់ចរាចរណ៍) ដែលធ្វើឱ្យសង្គមជាតិទាំងមូលមានការព្រួយបារម្ភយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។ ក្នុងនោះប្រតិភូក៏បានមានចំណាប់អារម្មណ៍ផងដែរ ចំពោះសំណង់អគារនៃមន្ទីរពេទ្យបង្អែកខេត្ត ដែលមានអគារចាស់ៗ ទាបៗ មានសភាពទ្រុឌទ្រោម ដែធ្វើឱ្យបាត់នូវសោភណ្ឌភាពក្នុងមន្ទីរពេទ្យ។
លោកស្រីក៏បានលើកឡើង ចំពោះគ្រប់បណ្តាឃុំ សង្កាត់ តើបានបង្កើតឱ្យមានសមាគមន៍មនុស្សចាស់ ហើយឬនៅ? ពីព្រោះថា មនុស្សចាស់ៗនេះហើយ ដែលជារៀបច្បងនៃធនធានមនុស្ស ដែលយើងត្រូវយកចិត្តទុកដាក់ ចំពោះពួកគាត់ ទោះបីគាត់គ្មានកម្លាំងក៏ពិតមែន តែគំនិតបញ្ញារបស់គាត់ គឺផ្តល់ជាប្រឹក្សាដល់យើងជំនាន់ក្រោយផងដែរ។
ក្នុងនោះដែរសមាជិកនៃគណៈកម្មការ ក៏បានលើកនូវចំណុចមួយចំនួន ដើមី្បសុំការបកស្រាយបំភ្លឺ ពីបណ្តាសាម៉ីមន្ទីរពាក់ព័ន្ធទាំង៤ អំពី ចំណូល ចំណាយ របស់បេឡាជាតិរបបសន្តិសុខសង្គម, ការអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីក្រីក្រ/អ្នកមានផ្ទៃពោះ និង កុមារអាយុក្រោម ២ឆ្នាំ។
បន្ទាប់ពីប្រធានមន្ទីរសាម៉ីពាក់ព័ទ្ធទាំងបួន បានធ្វើការបកស្រាយបញ្ជាក់រួចមក លោកស្រីក៏បានធ្វើការថ្លែងនូវអំណរគុណ ចំពោះអាជ្ញាធរខេត្តសៀមរាប ដែលធ្វើឱ្យដំណើរបេសកកម្មសិក្សាស្វែងយល់ រកព័ត៌មាន នៅខេត្តសៀមរាបបានគ្រប់ជ្រុងជ្រោយ ដែលបានធ្វើឱ្យគណៈកម្មការ បានជ្រួតជ្រាបច្បាច់ពីការអនុវត្តច្បាប់ នៅថ្នាក់ក្រោមជាតិ។
លោកស្រី ក៏បានធ្វើការកោតសរសើរ ចំពោះអំពីលទ្ធផលដែលអនុវត្តបានរបស់អាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរ ស្ថាប័នពាក់ព័ន្ធ អំពីច្បាប់គ្រប់គ្រងរដ្ឋបាល លើការខិតខំអនុវត្តនយោបាយវិមជ្ឈការ និង សហវិមជ្ឈការ បានដំណើរការទៅដោយរលូន ព្រមទាំងបានផ្តល់នូវអនុសាសន៍ល្អៗ មួយចំនួនដល់អាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរពាក់ព័ន្ធ ដើមី្បធ្វើការអនុវត្ត និង កែលម្អនូវចំណុចសេសសល់មួយចំនួន៕