(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយបានសហការជាមួយ មន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបានបន្តចុះ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារកងកេង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ បង្គារស្រស់ មឹកស្រស់ និងស្ពៃជ្រក់ ស្លឹកគ្រៃហាន់រួច ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់នៅលើម្ហូបអាហារខាងលើ និងពុំមានការដាក់តាំងផលិផលម្ហូបអាហារវេចខ្ចប់ស្រាប់ដែលខូចគុណភាព ឬហួសកាលបរិច្ឆេទនោះទេ។
បន្ទាប់មកមន្ត្រីជំនាញបានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕