Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ រកឃើញ និងដកហូតជ្រក់មមាញ ៣គីឡូក្រាម មានសារធាតុគីមី និងភេសជ្ជៈខូចគុណភាពបានមួយចំនួន នៅផ្សារមេមត់ ក្នុងស្រុកមេមត់

25-02-2020 16:56

(ត្បូងឃ្មុំ)៖ ជ្រក់មមាញមានសារធាតុគីមីហាមឃាត់អាស៊ីតសាលីសាលិក ចំនួន ០៣គីឡូក្រាម និងភេសជ្ជៈទឹកផ្លែឈើ ចំនួន ១២ដប ហួសកាលបរិច្ឆទប្រើប្រាស់ ត្រូវបានមន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ ពិនិត្យរកឃើញ និងដកហូតភ្លាមៗ ពីអាជីវករលក់ដូរក្នុងផ្សារមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដោយឡែក ចំពោះគំរូផលិតផលត្រីប្រឡាក់ និងត្រីងៀត ពុំឃើញមាន វត្តមានសារធាតុគីមីហាម ឃាត់ទេ។

សកម្មភាពរកឃើញខាងលើនេះ ធ្វើឡើងនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បន្ទាប់ពីលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដឹកមន្ត្រីកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅផ្សារមេមត់ ដើម្បីត្រួតពិនិត្យស្លាកសញ្ញា រួមទាំងកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ លើផលិតផលគ្រឿងឧបភោគ បរិភោគ និងធ្វើតេស្តលើគំរូផលិតផលមួយចំនួន។

លោក មាស មោរ៉ា ថ្លែងបញ្ជាក់ថា សកម្មភាពបន្តចុះត្រួតពិនិត្យស្លាកសញ្ញា រួមទាំងកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ និងសីតុណ្ហភាពតាមលក្ខខណ្ឌតម្រូវ លើផលិតផល ប្រហិតក្លាស្សេនាំចូល និងត្រួតពិនិត្យគុណភាពគ្រឿងឧបភោគ បរិភោគផ្សេងទៀត ព្រមទាំងធ្វើតេស្តលើគំរូផលិតផលជ្រក់មួយចំនួន ដូចជា ជ្រក់មមាញ ជ្រក់ស្ពៃ ជ្រក់ត្រសក់ ជាដើម។

ក្រៅពីនោះ មន្ត្រីកាំកុងត្រូល បានបិទស្លាកដែលមានខ្លឹមសារអប់រំ ដើម្បីយល់ដឹងអំពីការជ្រើសរើសម្ហូបអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងពន្យល់ណែនាំដល់អាជីវករឱ្យមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នក្នុងការដាក់តាំងលក់ទំនិញ ដោយជៀសវាងរាល់ទំនិញគ្មានស្លាកសញ្ញាត្រឹមត្រូវ គ្មានប្រភពច្បាស់លាស់ ពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញត្តិនៃច្បាប់៕