Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តត្បូងឃ្មុំ៖ ដោយសារសន្តិភាព ទើបសង្កាត់វិហារលួង មានការអភិវឌ្ឍន៍ និងប្តេជ្ញាអភិវឌ្ឍក្រុងសួង ឲ្យក្លាយជាទីក្រុងស្អាត ចំណាត់ថ្នាក់លេខ១

25-02-2020 16:53

(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ដោយសារសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចពញាចក្រី ហេង សំរិន រួមទាំងឥស្សរជនទាំងអស់ ខិតខំយកមកបាន និងថែរក្សាការពារ រហូតមកដល់សព្វថ្ងៃនេះ ទើបសង្កាត់វិហារលួង ក៏ដូចជាសង្កាត់ និងឃុំទាំង៦៣ទៀត ក្នុងខេត្តត្បូងឃ្មុំ មានការអភិវឌ្ឍន៍រីកចម្រើន ធ្វើឲ្យកម្រិតជីវភាពពលរដ្ឋធូរធារ។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងប្រាប់ប្រជាពលរដ្ឋ មេឃុំ ចៅសង្កាត់ មន្ត្រីរាជការទូទាំងក្រុងសួងបែបនេះ ក្នុងឱកាសលោក និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលសង្កាត់វិហារលួង និងសមិទ្ធផលនានា ក្នុងសាលាសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

អភិបាលខេត្តត្បូងឃ្មុំ បានបន្តថា សង្កាត់វិហារលួង និងសង្កាត់សួង ក្នុងក្រុងសួង បាននឹងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធនានា កែលម្អសោភ័ណ្ឌភាពក្រុង ដោយស្ថាបនាផ្លូវ ពីផ្លូវដីមកក្រាលគ្រួសក្រហម ដោយបន្តចាក់បេតុង និងអ៊ុតកៅស៊ូ ធ្វើនិងជួសជុលប្រព័ន្ធលូ ដាំបង្គោលបំពាក់អំពូលភ្លើងបំភ្លឺផ្លូវ និងលម្អសោភ័ណ្ឌភាពនាពេលរាត្រី ធ្វើសួនច្បារផ្កាចម្រុះពណ៌ ពិសេសថែរក្សាអនាម័យបរិស្ថានឲ្យបានស្អាតល្អ។

លោក ជាម ច័ន្ទសោភ័ណ បញ្ជាក់ថា ចំនុចទាំងអស់ខាងលើនេះហើយ ដែលត្រូវបន្តកសាង និងកែលម្អដោយប្តេជ្ញាជំរុញការអភិវឌ្ឍក្រុងសួង ឲ្យក្លាយ ជាទីក្រុងស្អាតចំណាត់ថ្នាក់លេខ១ តែថាបើចង់សម្រេចទៅបាននោះ គឺត្រូវមានការចូលរួមពីគ្រប់ភាគី ទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលរស់នៅទីនេះ រួមគ្នាចាត់ទុកគ្រប់កន្លែងទាំងអស់ នៅទីក្រុងសួង ឲ្យដូចជានៅកន្លែងធ្វើការ និងផ្ទះរបស់ខ្លួនដូចគ្នា។

ជាមួយគ្នានេះ លោក ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹក ដល់លោកអភិបាលក្រុង ចៅសង្កាត់ រួមទាំងមន្ត្រីទូទាំងក្រុងសួង ត្រូវបន្តបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានលឿនរហ័ស ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ក្នុងនាមជាអាណាព្យាបាល ដែលប្រជាពលរដ្ឋបានផ្តល់ទំនុកចិត្តលើ៕