(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំពាវនាវទៅកាន់ប្រជាពលរដ្ឋ នៅស្រុកកំចាយមារ ខេត្តព្រៃវែង ត្រូវចូលរួមអរគុណសន្តិភាព ព្រោះសន្តិភាពជាឱកាសមាស ឱកាសពេជ្រ ក្នុងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ មានផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទឹក អគ្គីសនី និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងប្រទេសកម្ពុជា ដូច្នេះត្រូវចូលរួមថែរក្សាសន្តិភាពឲ្យស្ថិតស្ថេរគង់វង្សយូអង្វែង។
សម្តេចក្រឡាហោម ស ខេង ថ្លែងបែបនេះនៅគ្រាដែលសម្តេច អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារសិក្សា ទីចាត់ការ អគាររដ្ឋបាលឃុំ និងសមិទ្ធផលនានា នៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានការចូលរួមលោក ស៊ូឌីម៉ាន់ ហាសែង ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅប្រទេសកម្ពុជា លោក លោកស្រីអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកយាយតាចូលរួមចំនួន ៣,៦០៦នាក់។
សម្តេចក្រឡាមហោម ស ខេង បានកត់សម្គាល់ទៀតថា ការដាក់សម្ពោធឲ្យប្រើប្រាស់នៅអគារសិក្សានៅថ្ងៃនេះ គឺជាសមិទ្ធផលមួយដ៏ធំធេង សម្រាប់ទុកឲ្យក្មួយៗ សិស្សានុសិស្ស ដើម្បីសិក្សារៀនសូត្រទទួលបាននូវចំណេះដឹង ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនទៅមុខជាលំដាប់ ក្រោមការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចក្រឡាមហោម ក៏បានផ្ដាំផ្ញើដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រពេលដែលទទួលបានអាគារសិក្សាថ្មីនេះ ហើយនឹងត្រូវចេះថែទាំអគារសិក្សានេះ ឲ្យបានគង់វង្សយូរអង្វែង ដោយត្រូវចាត់ទុកថាអាគារ សិក្សាទាំងនេះគឺជារបស់ពួកយើងទាំងអស់គ្នា។
សូមបញ្ជាក់ផងដែរថា សមិទ្ធផលដែលត្រូវដាក់សម្ពោធនាពេលនេះមាន អគារសិក្សាសាងសង់ថ្មីចំនួន០៧ខ្នង ស្មើនឹង៣៩បន្ទប់ និងទីចាត់ការ, ជួសជុលអគារសិក្សាចំនួន០៨ខ្នង ស្មើនឹង៣៥បន្ទប់ នឹងជួសជុលអគារអន្តេវាសិកដ្ឋាន០២ខ្នង ស្មើនឹង៣០បន្ទប់, អគារលក់ដូរនំចំណី០២ខ្នង និងសាងសង់អគាររដ្ឋបាលឃុំ ចំនួន០២ខ្នង សរុបថវិកាសាងសង់ ១,០៣៦,៧៥១ ដុល្លារ។ សមិទ្ធផលខាងលើទាំងអស់នេះ គឺស្ថិតនៅក្នុងឃុំជាច ឃុំក្រញូង ឃុំក្របៅ ឃុំស្មោងខាងត្បូង ឃុំត្របែក ឃុំសៀងឃ្វាង និងឃុំស្មោងខាងជើង។
ក្នុងនោះសម្ដេចក្រឡាហោម ស ខេង បានឧបត្ថម្ភដល់សាលាស្រុកចំនួន១លានរៀល, គ្រូពេទ្យចំនួន១៥នាក់ ក្នុងម្នាក់ៗ ២ម៉ឺនរៀល, លោកគ្រូ អ្នកគ្រូ ចំនួន១០៨នាក់ ក្នុងម្នាក់ៗ ២ម៉ឺនរៀល, យុវជនស.ស.យ.ក ចំនួន១០០នាក់, យុវជនបាទក្រហម១០០នាក់, យុវជនកាយរិទ្ធិ១០០នាក់ ក្នុងម្នាក់ៗ ១ម៉ឺនរៀល, សិស្សានុសិស្សចំនួន៩៨៧នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច១ដើម ថវិកា៥ពាន់រៀល, យាយជី តាជី ចំនួន១០០នាក់ ក្នុងម្នាក់ៗក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល៕