(ភ្នំពេញ)៖ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ-EBA» ដែលថ្មីៗនេះត្រូវបាន គណៈកម្មការអឺរ៉ុប សម្រេចដកចេញនូវផ្នែកខ្លះនៃ EBA ដែលបានផ្ដល់ជូនកម្ពុជា ដោយលោកថា ការអនុគ្រោះពន្ធ EBA នេះមិនមែនចំណេញតែកម្ពុជាមួយនោះទេ អឺរ៉ុបខ្លួនឯងក៏មានការចំណេញផងដែរ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោកឧកញ៉ា លឹម ហេង បានអះអាងនូវផលចំណេញ ដែលអឺរ៉ុបបានទទួលយ៉ាងដូច្នេះថា «ការទទួលបាន EBA និងអ្នកផ្ដល់ EBA សុទ្ធសឹងតែទទួល និងបានផលប្រយោជន៍ទាំងអស់គ្នា មិនមានន័យថា កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ កម្ពុជាទទួលផលតែម្នាក់ឯងនោះទេ អឺរ៉ុបក៏ទទួលបានផលដូចគ្នា អំពីការលើកលែងពន្ធ EBA ទៅដល់ប្រទេសក្រីក្រដែលផលិតទៅសហគមន៍អឺរ៉ុប»។
លោកឧកញ៉ាបានបន្ដថា «ខ្ញុំសូមលើកជាសំណួរថា ហេតុអ្វីបានជាសហគមន៍អឺរ៉ុប ឲ្យប្រទេសមួយចំនួនផលិត និងនាំចូលប្រទេសខ្លួនដោយមិនគិតពន្ធ? បើបែបនេះអឺរ៉ុបពិតជាខាតធ្ងន់ធ្ងរណាស់? តែមែនទែនទៅអឺរ៉ុប ទទួលបានផលប្រយោជន៍ច្រើន ដោយទទួលផលប្រយោជន៍ពីចំណូលផ្ទៃក្នុង អឺរ៉ុបឲ្យរួចពន្ធពីបណ្ដាប្រទេសផ្សេងៗ នាំចូលប្រទេសខ្លួន ហើយខ្លួនបង្កើតទីផ្សាររួចពន្ធ នៅក្នុងសហគមន៍អឺរ៉ុប ដូច្នេះបណ្ដាប្រទេសក្នុងសាកលលោក ដែលនាំទៅអឺរ៉ុបទិញជាទំនិញរួចពន្ធ [...] អឺរ៉ុបឲ្យយើងរួចពន្ធ១០ភាគរយក៏ពិតមែន ប៉ុន្ដែចំណូលផ្ទៃក្នុងទទួលបានច្រើន អាចប្រមាណជា៦០% ដែលប្រមូលបាន»។
លោកឧកញ៉ាបន្ថែមថា អឺរ៉ុបប្រមូលពន្ធលើប្រាក់ចំណេញ, ប្រមូលអាករលើបន្ថែម១០% (VAT), ទទួលបានពន្ធលើសេវាដឹកជញ្ជូន, ទទួលបានពន្ធលើហាងទំនិញ, បន្ថែមពីនេះបុគ្គលិកផ្សេងៗ ក៏ត្រូវបង់ពន្ធលើប្រាក់បៀវត្សទៀត។ ដូច្នេះចំណូលពន្ធផ្ទៃក្នុង របស់អឺរ៉ុបគឺទទួលបានផលប្រយោជន៍ច្រើនណាស់។
លោកឧកញ៉ាបញ្ជាក់ថា «តាមគំនិតខ្ញុំ ប្រសិនបើរាជរដ្ឋាភិបាលគិតគូរ កម្ពុជាក៏មានឱកាសសម្រាប់ឲ្យគេរួចពន្ធបានផងដែរ កុំឲ្យតែថាកម្ពុជាទទួលបានការលើកលែងពន្ធពីគេ.. ទំនិញមួយចំនួនខ្ញុំគិតថា កម្ពុជាអាចឲ្យអាមេរិក អឺរ៉ុប រួចពន្ធនាំចូលមកកម្ពុជាដូចជា៖ កាបូប, ស្បែកជើង, នាឡិកា, ទឹកអប់ និងរបស់មួយចំនួនដែលលក់នៅកម្ពុជា។ ខ្ញុំគិតថាការប្រមូលពន្ធពី ផលិតផលល្បីៗទាំងអស់នេះបានតិចតួចប៉ុណ្ណោះ ប៉ុន្ដែបើកម្ពុជាឲ្យរួចពន្ធពីអឺរ៉ុប, អាមេរិក ខ្ញុំគិតថាក្រុមហ៊ុនទាំងអស់នោះ នឹងសម្លឹងឃើញកម្ពុជា និងចូលមកវិនិយោគដោយផ្ទាល់»។
ឧកញ៉ាបានបន្ដថា កម្ពុជាជាប្រទេសទេសចរណ៍ តាមរយៈអង្គរវត្ត, ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ហើយប្រសិនបើកម្ពុជាមានទំនិញម៉ាកល្បី និងរួចពន្ធមកទៀតនោះ ជាការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ ភ្ញៀវទេសចរចូលមកកម្ពុជា មិនមែនត្រឹមតែមកដើរកំសាន្ដនោះទេ គឺមានការដើរទិញសំភារៈផ្សេងៗ។
ឧកញ៉ា លឹម ហេង បញ្ជាក់ថា «បើកម្ពុជាឲ្យរួចពន្ធម៉ាកទំនិញល្បីៗ និងធំៗ យើងនឹងអាចបានកំណើនចំណូលផ្ទៃក្នុង ដូចដែលខ្ញុំបានរៀបរាប់ខាងលើអីចឹង។ ខ្ញុំគិតថា រាជរដ្ឋាភិបាលគួរពិចារណាលើរឿងនេះ ដើម្បីឲ្យទំនិញល្បីៗរួចពន្ធមកស្រុកយើង ដើម្បីជាការទាក់ទាញទីផ្សាររួចពន្ធ ទីផ្សារទេសចរណ៍ និងបង្កើតការងារ ព្រមទាំងចំណូលផ្ទៃក្នុងផងដែរ»។
លោកឧកញ៉ាបញ្ជាក់ថា បន្ទាប់ពីអឺរ៉ុបដកចេញផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធក៏ឃើញថា រាជរដ្ឋាភិបាលកំពុងជំរុញការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ហើយថ្មីៗនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ និងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ជប៉ុនផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានចេញសេចក្តីសម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA។ តាមការវាយតម្លៃរបស់ផ្នែកឯកជន ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណ១០០លានដុល្លារអាមេរិក លើកផលិតផល៤០មុខរបស់កម្ពុជា។ សេចក្តីសម្រេចនេះនឹងចូលជាធរមាន នៅរយៈពេល៦ខែទៀត ពោលគឺក្នុងខែសីហា ឆ្នាំ២០២០នេះ ប្រសិនបើសភារបស់អឺរ៉ុបអនុម័តយល់ព្រម តាមការសម្រេចរបស់គណៈកម្មការអឺរ៉ុបនោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានថ្លែងបញ្ជាក់ជាថ្មីថា កម្ពុជានឹងមិនស្នើសុំប្រព័ន្ធ អនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ២០ភាគរយ ពីសហភាពអឺរ៉ុបទៀតនោះទេ ដោយសារកម្ពុជា បានត្រៀមស្មារតី ចំពោះការបាត់បង់ EBA ២០%នេះរួចហើយ។
ពាក់ព័ន្ធការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពី EU នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រាប់ដល់កម្មករ កម្មការិនីសូមកុំព្យាបារម្ភឲ្យសោះ រាជរដ្ឋាភិបាលកម្ពុជា មានសមត្ថិភាពដើម្បីនឹងទទួលខុសត្រូវ៕