(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន ឆ្នាំ២០១៩ និងបើកវគ្គសិក្សា ឆ្នាំ២០២០ បានដាក់ចេញនូវអនុសាសន៍៤ចំណុច ដើម្បីសម្រេចបានចក្ខុវិស័យសម្រាប់វគ្គសិក្សា២០២០ របស់សាកលវិទ្យាល័យការពារជាតិ ត្រូវអនុវត្តបន្ត។
អនុសាសន៍ដែលបានដាក់ចេញដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ទាំង៤ចំណុចនោះរួមមាន៖
* ទី១៖ ចំពោះក្រុមប្រឹក្សាសាកលវិទ្យាល័យ នៃក្រសួងការពារជាតិ ត្រូវរៀបចំប្រជុំឱ្យបានទៀងទាត់ជាប្រចាំ ត្រីមាស ឆមាស និងឆ្នាំ ត្រួតពិនិត្យឱ្យដំណើរការប្រព្រឹត្តទៅការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ន របស់នាយទាហាន និស្សិត សិក្ខាកាម សិក្សាឱ្យមានប្រសិទ្ធភាព និងទុកជាបទពិសោធន៍សម្រាប់ការអនុវត្តការងារបន្ត។
* ទី២៖ ចំពោះនាយទាហាន គណៈគ្រប់គ្រង បុគ្គលិក យោធាចារ្យ ត្រូវយកចិត្តទុកដាក់បន្តធ្វើការកែទម្រង់ ឱ្យកាន់តែស៊ីជម្រៅថែមទៀត ទាំងរចនាសម្ព័ន្ធទន់ រឹង ដូចជា តួនាទី ភារកិច្ច ពង្រឹងសមត្ថភាព លើកកម្ពស់គុណភាពការងារគ្រប់ផ្នែកប្រកបដោយភាពទទួលខុសត្រូវឱ្យមានប្រសិទ្ធភាព អភិវឌ្ឍធនធានមនុស្សឱ្យស្របទៅនឹងបច្ចេកវិទ្យា ធីជីថល រីកចម្រើននាពេលបច្ចុប្បន្ន ដែលជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់អង្គភាព លើបច្ចេកវិទ្យាព័ត៌មានក្នុងសម័យកាលនៃបដិវត្តន៍ឧស្សាហកម្មទី៤។
ត្រូវបន្តធ្វើបច្ចុប្បន្នភាពឯកសារ បង្រៀននិស្សិត សិក្ខាកាមឱ្យបានជាប្រចាំស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗ នាពេលបច្ចុប្បន្ន និងរៀបចំកម្មវិធីបំប៉ន និងបណ្តុះបណ្តាលគរុកោលស្យ ដល់យោធាចារ្យគ្រប់រូប តាមរយៈការអញ្ជើញវាគ្មិនពីក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ដែលមានបទពិសោធន៍ផ្តល់ធាតុចូលបន្ថែម សម្រាប់រៀបចំខ្លឹមសារ ឯកសារបង្រៀន។ បន្តដឹកនាំសរសេរណា ឬនិក្ខេបបទផ្សេងៗរបស់និស្សិត ឱ្យមានតម្លាភាព និងជៀសវាងដាច់ខាតមិនអនុញ្ញាតឱ្យយោធាចារ្យ ឬគ្រូមុខជំនាញ សរសេរសារណា ឬនិក្ខេបបទជំនួសនិស្សិតសិក្ខាកាមឡើយ។
ត្រូវពិនិត្យឡើងវិញនូវភាពមិនប្រក្រតីមួយចំនួនដូចជា៖ និស្សិតអវត្តមានរៀនសូត្រលើសរបបកំណត់បទបញ្ជាផ្ទៃក្នុងសាកលវិទ្យាល័យការពារជាតិ ប៉ុន្តែ មានសិទ្ធិចូលប្រឡង ចូលការពារសរសេរនិក្ខេបបទ ទទួលបានពិន្ទុដូចនិស្សិតខិតខំប្រឹងប្រែងរៀនសូត្រ គោរពវិន័យម៉ឹងម៉ាត់តាមបទបញ្ជាផ្ទៃក្នុងសាលា។ មួយវិញទៀត ត្រូវបន្តយកចិត្តទុកដាក់ចំពោះនិស្សិត និងសិក្ខាកាម មករៀននៅសាកលវិទ្យាល័យការពារជាតិ បានបញ្ចប់ពីមហាវិទ្យាល័យទៅសិក្សានៅមហាវិទ្យាល័យមួយទៀតជាលក្ខណៈវិលជុំ មិនត្រឡប់ទៅបំពេញការងារអង្គភាពខ្លួន តាមការកំណត់។
បន្តលើកកម្ពស់សមត្ថភាពក្រុមប្រឹក្សាវិស័យឱ្យមានសុភវិនិច្ឆ័យ ប្រកបដោយគុណធម៌ក្នុងការវាយតម្លៃ និស្សិត សិក្ខាកាមដែលត្រូវទទួលសញ្ញាបត្រ ឱ្យមានការឯកភាពផ្ទែក្នុង ទាំងគណៈកម្មការប្រឡង គណៈកម្មការកំណែ គណៈកម្មការវាយតម្លៃសរសេររបាយការណ៍ស្រាវជ្រាវ និងនិក្ខេបបទ តាមបទបញ្ជាសាលាបានអនុម័តរួច។ គណៈកម្មការត្រួតពិនិត្យការប្រឡង វាយតម្លៃគុណភាពសិក្សារបស់និស្សិត សិក្ខាកាម ត្រូវវាយតម្លៃ និងផ្តល់ពិន្ទុឱ្យមានភាពសុក្រឹត្យ ត្រឹមត្រូវដោយផ្អែកលើប្រព័ន្ធវាយតម្លៃទៅតាមបច្ចេកទេសវិទ្យាសាស្ត្រជាតិ និងអន្តរជាតិ។
ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជាមិត្ត ដើម្បីកៀគរជួយកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍធនធានមនុស្ស ផ្តល់អាហារូបករណ៍ ទស្សនកិច្ចសិក្សា ការផ្លាស់ប្តូរបទពិសោធន៍ ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញក្នុង និងក្រៅប្រទេស ការផ្តល់បាឋកថាចែករំលែកចំណេះដឹង និងទស្សនទាននានា ដំដៅលើកកម្ពស់សមត្ថភាពធនធានមនុស្ស ឱ្យមានវិជ្ជាជីវៈឈ្លាសវៃតាមបច្ចេកវិទ្យាសម័យទំនើប ប្រកបដោយគំនិតយុទ្ធសាស្ត្រ។
ត្រូវលើកសរសើរចំពោះបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការសម្រេចភារកិច្ច ធ្វើជាគំរូដល់បុគ្គលផ្សេងទៀត និងនាយទាហានវ័យក្មេង ដែលនាំឱ្យមានស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីសម្រេចគ្រប់ភារកិច្ច។ ត្រូវធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗទាំងក្នុង និងក្រៅប្រទេស ដើម្បីលើកកម្ពស់ការយល់ដឹង អប់រំនយោបាយសតិអារម្មណ៍ដល់នាយទាហាន យោធាចារ្យ សិក្ខាកាមឱ្យកាន់តែមានសមត្ថភាពថែមទៀត សម្រាប់បំពេញការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បេសកកម្មជាលក្ខណៈអន្តរជាតិ ចូលរួមក្នុងវេទិកា សន្និសីទ សិក្ខាសាលា ពិភាក្សាពិគ្រោះយោបល់ប្រកបដោយវិជ្ជាជីវៈ។ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់នាយទាហាន នាយទាហានរង និស្សិត សិក្ខាកាមគ្រប់រូប អនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺរលាកសួតដោយវីរុស កូរ៉ូណា ថ្មី ឬ Covid-19 នៅកម្ពុជាឱ្យមានប្រសិទ្ធភាពតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងត្រូវថែទាំសុខភាព ហ្វឹកហាត់ លេងកីឡាជាប្រចាំ ដើម្បីបង្កើនថាមពលកាយសម្បទាឱ្យកាន់តែរឹងមាំថែមទៀត។
យកចិត្តទុកដាក់បែងចែកផ្តល់គោលរបបផ្សេងៗ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ជូនដល់នាយទាហាន យោធាចារ្យ បុគ្គលិក និស្សិត និងសិក្ខាកាម ឱ្យមានតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព ស័ក្តិសិទ្ធិភាព តាមរយៈការប្រកាសេសដ្ឋកិច្ចចំហរជាប្រចាំ។
* ទី៣៖ ចំពោះនិស្សិត និងសិក្ខាកាមកំពុងសិក្សា ត្រូវយកចិត្តទុកដាក់ស្តាប់ដំបូន្មានយោធាចារ្យ គោរពវិស័យ បទបញ្ជាផ្ទៃក្នុងសាលា និងគោរពបទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ ឱ្យបានជាដាច់ខាតតាមបទប្បញ្ញាតិកំណត់។ ត្រូវបន្តលុបបំបាត់វប្បធម៌អន្តរាគមន៍ក្នុងអំឡុងពេលសិក្សា ដែលធ្វើឱ្យនិស្សិត សិក្ខាកាមអវត្តមានក្នុងម៉ោងសិក្សាហួសគោលការណ៍ចំណត់ និងត្រូវមានឆន្ទៈប្រកួតប្រជែងចំណេះដឹង ដណ្តើមស្នាដៃធ្វើជាគំរូល្អៗ ក្នុងការកសាង និងអភិវឌ្ឍកងយោធពលខេមរភូមិន្ទ ឱ្យកាន់តែមានភាពរីកចម្រើន។
* ទី៤៖ ចំពោះនិស្សិត និងសិក្ខាកាម ដែលបញ្ចប់វគ្គសិក្សាទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ត ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងថែមទៀត និងត្រូវយកចំណេះដឹងនេះទៅប្រើប្រាស់ក្នុងអង្គភាពរបស់ខ្លួនឱ្យបានល្អប្រសើរ។ បន្តសហការជាមួយសិក្ខាកាមវគ្គផ្សេងៗទៀត ឱ្យទៅជាបណ្តាញការងាររួមគ្នា ដើម្បីប្រមូលធាតុចូលបន្ថែម សម្រាប់អនុវត្តភារកិច្ចទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យមានប្រសិទ្ធភាព។
បើតាមនាយឧត្តមសេនីយ៍ ជា តារា សកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បានឱ្យដឹងថា យោធាចារ្យ និងនាយទាហានបង្រៀន ដែលបច្ចុប្បន្នហៅថា យោធាចារ្យក្នុងមុខតំណែង និងយោធាចារ្យវេលាការ ជាកិច្ចការចាំបាច់ត្រូវកំណែទម្រង់ស៊ីជម្រៅ ព្រោះសាកល វិទ្យាល័យការពារជាតិ យល់ថាយោធាចារ្យជាខ្សែប្រយុទ្ធដ៏សំខាន់ត្រូវលើកទឹកចិត្ត។ ចាប់ពីដើមឆ្នាំ២០១៨ ដោយតម្រូវការចាំ បាច់ហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្សលើគ្រប់កម្រិត គ្រប់ជំនាញឯកទេស ទាំងវិទ្យាសាស្រ្តយោធា វិទ្យាសាស្ត្រ នយោបាយ វិទ្យាសាស្រ្តសង្គម វិទ្យាសាស្រ្តពិត និងភាសានោះយោធាចារ្យ ត្រូវបានកសាងបណ្តុះបណ្តាលបន្ថែម មានចំនួនរហូតដល់១១៧នាក់ ដែលមួយចំនួន មានប្រកាសក្រសួងទទួលស្គាល់កម្រិត ជាយោធាចារ្យ ថ្នាក់ឧត្តម មធ្យម និងបឋម ខ្លះគ្មាន និងមួយចំនួនចាំបាច់ត្រូវស្នើដំឡើងកម្រិត ព្រោះបងប្អូនបានបន្តសិក្សាផង បង្រៀនផង។
នាយឧត្តមសេនីយ៍ ជា តារា បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩នេះ សាកលវិទ្យាល័យការពារជាតិបានបើកវគ្គបណ្តុះបណ្តាលគរុកោសល្យយោធា ចារ្យជំនាន់ទី១ ជាវគ្គដំបូងបំផុតដែល មានគរុសិស្សចូលរៀន ៥៤នាក់ លើផែនការ៤០នាក់ ដែលនឹងត្រូវស្នើ ប្រកាសតែងតាំងកម្រិត យោធាចារ្យផងដែរ។ បានជំរុញប្រគល់ភារកិច្ចដល់យោធាចារ្យ មានភារកិច្ចបង្រៀន ដឹកនាំការស្រាវជ្រាវដល់និស្សិតទៅ តាមជំនាញ និងឯកទេសរបស់ខ្លួន រៀបចំមេរៀនទៅតាមកម្មវិធីសិក្សាដែលបានកំណត់ ចូលរួមអភិវឌ្ឍស្រាវ ជ្រាវធ្វើទំនើបកម្មធនធានឯកសារ បច្ចេកវិទ្យា វិធីសាស្រ្តគរុកោសល្យបង្ហាត់បង្រៀនកាន់តែមានប្រសិទ្ទភាព ស័ក្តិសិទ្ធភាព និងរីកចម្រើនទាន់សភាពការណ៍ជឿនលឿន របស់កងយោធពលខេមរភូមិន្ទ និងអន្តរជាតិ៕