(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញផែនការសំខាន់ៗ មួយចំនួនពាក់ព័ន្ធការបែងចែកភារៈកិច្ច របៀបរបបការងារ ការធ្វើប្រតិភូកម្មមុខងារ ក្នុងវិស័យនានា ការធ្វើសមាហរណកម្មបុគ្គលិក កំពុងបម្រើការងារនៅ រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ និងការប្រគល់ភារៈកិច្ចជូនមន្ត្រី បន្ទាប់ពីការប្រកាសផ្សព្វផ្សាយ ស្តីពីមុខងាររចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌថ្មី ដែលមានការិយាល័យ ចំនួន១១ យោងតាមអនុក្រឹត្យលេខ ១៨៣ អនក្រ.បក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។
ការដាក់ចេញផែនការសំខាន់ៗ របស់លោក ជា ពិសី បានធ្វើឡើងដោយមានការចូលរួមពីអស់លោក លោកស្រី គណៈអភិបាលរងខណ្ឌ ប្រធាន អនុប្រធានតាមបណ្ដាការិយាល័យជំនាញជុំវិញខណ្ឌ អធិការរងនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសប្រចាំខណ្ឌ ចៅសង្កាត់ ចៅសង្កាត់រង ប្រធានភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅក្នុងកិច្ចប្រជុំសាលាខណ្ឌ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ជា ពិសី ក្រោយពីការប្រកាសផ្សព្វផ្សាយ ស្តីពីមុខងាររចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌថ្មី ដែលមានការិយាល័យចំនួន១១ យោងតាមអនុក្រឹត្យលេខ ១៨៣ អនក្រ.បក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានដាក់ចេញផែនការសំខាន់ៗ ពាក់ព័ន្ធការបែងចែកភារៈកិច្ច របៀបរបបការងារ ការធ្វើប្រតិភូកម្មមុខងារ ក្នុងវិស័យនានា ការធ្វើសមាហរណកម្មបុគ្គលិក កំពុងបម្រើការងារនៅរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ និងការប្រគល់ភារៈកិច្ចជូនការិយាល័យជំនាញផងដែរ។
នៅក្នុងកិច្ចប្រជុំខាងលើនេះដែរ លោកអភិបាលខណ្ឌ ជា ពិសី បានសង្កត់ធ្ងន់ក្រោមរបៀបវារៈដូចខាងក្រោម៖
*ទី១៖ ផ្សព្វផ្សាយអនុក្រឹត្យលេខ ១៨៣ អនក្រ.បក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ នៃរាជធានីភ្នំពេញ
*ទី២៖ សេចក្តីណែនាំលេខ ០៣៣ សណន ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការបែងចែកតួនាទី ភារៈកិច្ច និងរបៀបរបបការងារ ជូនគណៈអភិបាលរាជធានីភ្នំពេញ
*ទី៣៖ ដីកាស្តីពីការធ្វើប្រតិភូកម្ម មុខងារក្នុងវិស័យនានាទៅឲ្យរដ្ឋបាលខណ្ឌឫស្សីកែវ
*ទី៤៖ សេចក្តីណែនាំលេខ ០៧១ សណន/គ.ជ.អ.ប ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីដំណើរការសមាហរណកម្មបុគ្គលិក កំពុងបម្រើការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ
*ទី៥៖ របៀបរបបការងារ និងរបបប្រជុំ
*ទី៦៖ ការប្រគល់ភារៈកិច្ចរបស់ការិយាល័យ៕