(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ដំបូន្មានយ៉ាងច្រើនដល់មន្រ្តី ដែលបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល។ សម្តេចតេជោ បានរំលឹកថា មន្រ្តីទាំងអស់មន្រ្តីដើរពើងទ្រូងដាក់ប្រជារាស្រ្តនោះទេ ហើយមន្រ្តីត្រូវចេះរត់រកការងារ កុំឱ្យការងាររត់មករកខ្លួនផងដែរ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ៥៧៥នាក់ នារី១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។
សម្តេចតេជោ ហ៊ុន សែន បានដាសតឿនដល់មន្រ្តីដែលបានបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល។ សម្តេចបានថ្លែងថា៖ «មន្រ្តីរបស់យើងជានិច្ចកាលត្រូវរំលឹកខ្លួនឯងថា ខ្លួនត្រូវបម្រើប្រជាជន មិនមែនជាចៅហ្វាយប្រជាជនទេ។ ចំណុចនេះត្រូវគិតឱ្យបាន ជានិច្ចកាល២៤ម៉ោងលើ២៤ម៉ោង កុំធ្វេសប្រហេសមួយនាទីណាឡើយ។ ត្រូវចាំឱ្យបាន យើងមិនមែនជាចៅហ្វាយរបស់ប្រជាជនទេ យើងជាខ្ញុំបម្រើដ៏ស្មោះត្រង់បំផុតរបស់ប្រជាជន»។
សម្តេចបានពន្យល់ថា ចំណុចនេះទើបជាចំណុចដែលអ្នកទាំងអស់គ្នាអាចក្លាយជាមន្រ្តីល្អ ដែលពលរដ្ឋមានជំនឿទុកចិត្តបើមិនដូច្នោះទេ យើងនឹងក្លាយជាមន្រ្តីអាក្រក់ ដែលប្រជាជនស្អប់ខ្ពើម។ សម្តេចបញ្ជាក់បន្តថា៖ «ឥរិយាបទរបស់មន្រ្តី មិនត្រូវពើងទ្រូងទេ ត្រូវយល់ឱ្យច្បាស់ថាប្រជាពលរដ្ឋនោះឯង គឺជាគោលដៅដែលយើងត្រូវបម្រើ មិនមែនគោលដៅដែលយើងត្រូវបង្ក្រាប ឬជាគោលដៅដែលយើងត្រូវប្រមាថ ឬជាគោលដៅដែលយើងមិនត្រូវយកចិត្តទុកដាក់ទេ»។
សម្តេចផ្តាំថា៖ «ភាពពើងទ្រូងណាមួយ តែងនាំទៅដល់ក្តីវិនាសសម្រាប់មន្រ្តីនោះ នេះជាបទពិសោធន៍។ ហើយខ្ញុំបានឆ្លងកាត់ដំណើររឿងនេះ គិតមកដល់រឿងនេះមានរយៈពេល៥០ឆ្នាំហើយ បើគិតពីឆ្នាំ១៩៧០ មកដល់ពេលនេះ គឺមានរយៈពេល៥០ឆ្នាំគត់។ បើនិយាយទាក់ទងនឹងការគ្រប់គ្រងអំណាចមានរយៈពេល៤១ឆ្នាំ ក្នុងនោះ៣៥ឆ្នាំ គឺជាតំណែងនាយករដ្ឋមន្រ្តី»។
សម្តេចបានរៀបរាប់ថា ភាពពើងទ្រូងរប់សមន្រ្តីដែលខ្វះសីលធម៌ចំពោះប្រជាជន គឺធ្វើឱ្យប្រជាជនស្អប់ខ្ពើម ជួនកាលប្រជាពលរដ្ឋខឹងគោវ៉ៃរទេះ ជួនកាលខឹងចៅហ្វាយស្រុក ហើយរាលដល់មកដល់នាយករដ្ឋមន្រ្តី។ សម្តេចបានរំលឹកអំពីការព្រមានដកមន្រ្តីខិលខូច ដែលពលរដ្ឋរាយការណ៍តាម Facebook។ សម្តេចបានណែនាំថា ពេលនៅជាមន្រ្តីកន្លែងណា ត្រូវធ្វើឱ្យប្រជាជនកន្លែងនោះស្រលាញ់ ពេលចេញទៅវិញកុំឱ្យប្រជាជនស្អប់។
សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា កន្លងទៅមានមន្រ្តីកម្ពុជាជាច្រើនបានធ្វើបានល្អហើយ ប៉ុន្តែមន្រ្តីមួយចំនួនទៀតដែលមិនទាន់ល្អ ក៏ត្រូវកែប្រែឥរិយាបទបម្រើប្រជាជនដោយសេចក្តីស្មោះត្រង់ និងការខិតខំ។ កន្លែងណាដែលមានការលំបាក ត្រូវមានវត្តមាននៅទីនោះ។
សម្តេចបានបញ្ជាក់បន្ថែមថា៖ «អស់លោកមន្រ្តីទាំងឡាយ កុំតាំងខ្លួនជាមន្រ្តីជើង១០ឱ្យសោះ ត្រូវធ្វើខ្លួនជាមន្រ្តីជើងពីរ។ បើធ្វើមន្រ្តីជើង១០ អស់លោកនឹងគ្មានការងារធ្វើទេ អស់លោកនឹងក្លាយទៅជាមន្រ្តីឯកោនិយម។ អ្វីទៅជាមន្រ្តីជើង១០ គឺជើងយើង២ ជើងកៅអី៤ បូកនឹងជើងតុ៤ទៀត សរុបទៅ១០ហើយ អង្គុយតែកៅអីហ្នឹង មិនព្រមទៅណាទេ សម័យនេះមានម៉ាស៊ីនត្រជាក់ទៀតនៅទីនោះរហូតតែម្តង អញ្ចឹងទេមន្រ្តីត្រូវចេះរត់រកការងារធ្វើ ដោយមិនត្រូវឱ្យការងាររត់មករកយើងទេ»។
សម្តេចនាយករដ្ឋមន្រ្តី បានពន្យល់ថា ដើម្បីសម្រេចលើការងារ មន្រ្តីត្រូវពឹងផ្អែកជាសំខាន់លើការរៀបចំផែនការ ហើយមន្រ្តីមិនត្រូវរង់ចាំតែអនុសាសន៍នោះទេ។ មន្ត្រីដែលជួបបញ្ហា ហើយសុំតែអនុសាសន៍ និងទម្លាក់កំហុសទៅក្រោម គួរតែត្រូវដកចេញ។ ចំណែកមន្ត្រីដែលជួបបញ្ហា ហើយប្រឹងប្រែងដោះស្រាយការងារនៅនឹងកន្លែង គឺត្រូវលើកទឹកចិត្ត។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះមន្ត្រីយោធាមួយរូប ដែលបានឈ្មុសឈ្មុលជួយសង្គ្រោះមនុស្សក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តកែប។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរអំពីរឿង «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥»។ សម្តេចបានចាត់ទុកថា នេះជាស្ថានភាពដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា។ សម្តេចរំលឹកថា មន្ត្រីជាប្តីល្អ អត់មានរកស៊ីអ្វីទេ តែទៅកន្លែងណា ក៏ជាដីរបស់ប្រពន្ធដែរ។ សម្តេចបានសរសើរឧកញ៉ា ឌួង ឆាយ ដែលកែខ្លួនជាមនុស្សកាច មកជាមនុស្សស្លូត។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បាននិទានជាថ្មីម្តងទៀងអំពីរឿង «មន្រ្តីគ្រាប់ល្ពៅ»។ សម្តេចបានព្រមានថា មន្រ្តីមិនត្រូវធ្វើជាមន្រ្តីគ្រាប់ល្ពៅនោះឡើយ។ សម្តេចតេជោ បានលើកឡើងថា មន្រ្តីប្រភេទទី៤វិញ ក្នុងរឿងមន្រ្តីគ្រាប់ល្ពៅ ហ៊ាននិយាយការពិត ធ្វើឱ្យសម្តេចពេញចិត្ត ហើយត្រូវប្រឹងប្រែងបណ្តុះបណ្តាល ហ្វឹកហាត់ និងដំឡើងស័ក្តិបន្ថែម។ សម្រាប់ប្រភេទទី២ និងទី៣ មិនគ្រោះថ្នាក់នោះទេ។ ប៉ុន្តែមន្រ្តីប្រភេទទី១ គឺជាមន្រ្តីដ៏គ្រោះថ្នាក់បំផុត មិនអាចទុកប្រភេទមន្រ្តីនេះធ្វើការនោះទេ ព្រោះមិនត្រឹមតែមិនស្មោះត្រង់នោះទេ ថែមទាំងទម្លាក់កំហុសនាំគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀត៕